អ្នកស្រី ខេរី ឡាំ ដែលទើបតែត្រូវបានជ្រើសរើសឲ្យក្លាយជាមេដឹកនាំស្ត្រីដំបូងនៃទីក្រុងហុងកុងនៅថ្ងៃនេះ បាននិយាយថា ការងារដំបូងរបស់អ្នកស្រី គឺត្រូវបន្ធូរបន្ថយភាពតានតឹងក្នុងសង្គម។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកស្រី ខេរី ឡាំ ត្រូវបានជ្រើសរើសចេញពីក្នុងចំណោមបេក្ខជនជាច្រើននាក់ ដែលធ្វើឡើងដោយគណៈកម្មាធិការបោះឆ្នោតមានសមាជិក ១២០០នាក់ ដែលសុទ្ធតែជាអ្នកមានភក្ដីភាពនឹងក្រុងប៉េកាំង។
បើតាម Reuters ភាគច្រើននៃពលរដ្ឋទីក្រុងហុងកុង ៧.៣លាននាក់ ពុំបានសម្ដែងមតិក្នុងការជ្រើសរើសមេដឹកនាំ នៅក្នុងអតីតដែនដីអាណានិគមចក្រភពអង់គ្លេស ដែលត្រូវបានប្រគល់ទៅឲ្យចិនវិញកាលពីឆ្នាំ១៩៩៧។
ការបោះឆ្នោតនេះ បានកើតឡើងចំពេលដែលមានភាពតានតឹងជាមួយក្រុងប៉េកាំង។
អ្នកស្រី ខេរី ឡាំ អាយុ ៥៩ឆ្នាំ ដែលបច្ចុប្បន្ននេះគឺជាមន្ត្រីលំដាប់ទីពីរនៅទីក្រុងហុងកុងនោះ ត្រូវបង្រួបបង្រួមទីក្រុងមួយនេះ ខណៈដែលមហាជនមិនសប្បាយចិត្តនឹងការលូកដៃចូលរបស់ក្រុងប៉េកាំង នៅក្នុងកិច្ចការរបស់ខ្លួន បើទោះបីជាសន្យាផ្ដល់ស្វ័យភាពលើការដឹកនាំក៏ដោយ៕