អាជ្ញាធរឧតុនិយមកម្ពុជា បានប្រកាសថា ទឹកភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន នឹងធ្លាក់រាយប៉ាយស្ទើរគ្រប់បណ្ដាខេត្តទាំងអស់នៅក្នុងប្រទេសកម្ពុជា នៅសប្ដាហ៍ក្រោយនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ប្រទេសកម្ពុជានឹងទទួលរងជ្រលងសម្ពាធទាបបោកបក់មកពីសមុទ្រចិនខាងត្បូង និងជ្រលងសម្ពាធខ្ពស់មកពីភាគខាងត្បូងប្រទេសចិន ចាប់ពីថ្ងៃទី០៤ ខែមេសានេះ។
ក្រសួងបានបញ្ជាក់ថា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយលើផ្ទៃប្រទេសកម្ពុជា ប៉ុន្តែ បណ្ដាខេត្តនៅភាគកណ្ដាល នៅតំបន់ខ្ពស់រាបភាគឦសាន និងតំបន់មាត់សមុទ្រ នឹងទទួលរងភ្លៀងធ្លាក់ចាប់ពីកម្រិតបង្គួរ ទៅច្រើន ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៩ ខែមេសានេះ៕