ក្រុមមេដឹកនាំអាស៊ីអាគ្នេយ៍ បានបិទបញ្ចប់ជំនួបកំពូលរបស់ពួកគេកាលពីថ្ងៃម្សិលមិញនេះ ដោយគ្មានចំណុចឯកភាពណាមួយទៅលើរបៀបដោះស្រាយបញ្ហាជាមួយនឹងក្រុងប៉េកាំងនៅក្នុងជម្លោះសមុទ្រចិនខាងត្បូងនោះឡើយ ដែលជាបញ្ហាខ្វែងគំនិតគ្នានៅក្នុងតំបន់ ខណៈដែលមិនមានភាពច្បាស់លាស់ផងដែរអំពីទំនាក់ទំនងជាមួយអាមេរិក។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បន្ទាប់ពីជំនួបអស់រយៈពេល ៦ម៉ោងបានបញ្ចប់ទៅ គ្មានសេចក្ដីថ្លែងការណ៍រួមណាមួយ ត្រូវបានគេប្រកាសនោះឡើយ ហើយវាមិនច្បាស់ទេថា តើមានចំណុចរួមណាមួយជុំវិញបញ្ហាការកសាងសំណង់យោធារបស់ចិន នៅលើកោះស្ថិតនៅក្នុងដែនទឹកមានជម្លោះនោះ ឬយ៉ាងណានោះទេ។
អាស៊ានបានលើកឡើងពីបញ្ហាសមុទ្រចិនខាងត្បូង ដោយមិនបានលើកឡើងពីប្រទេសចិនឡើយ។ ក្រុងប៉េកាំងតែងតែជំទាស់នឹងបញ្ហាណាមួយដែលខ្លួនយល់ថា ជាឧបសគ្គចំពោះការសាងសង់សំណង់របស់ខ្លួននៅលើកោះនានា ស្ថិតនៅប្រជុំកោះស្ព្រាតលី។
កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ បានកើតឡើងចំពេលដែលមានភាពមិនច្បាស់លាស់អំពីផលប្រយោជន៍អាមេរិកនៅក្នុងតំបន់នេះ និងមិនច្បាស់ថា តើអាមេរិកនឹងនៅតែរក្សាវត្តមានកងទ័ពជើងទឹករបស់ខ្លួនទប់ទល់នឹងទង្វើគឃ្លើនរបស់ចិនទៀតឬយ៉ាងណានោះឡើយ៕