អ្នកវិភាគនយោបាយកម្ពុជាដែលកំពុងជាប់ឃុំ លោក គឹម សុខ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យទៅបោះឆ្នោតនាពេលខាងមុខនេះ ដោយលោកបញ្ជាក់ថា លោកឃ្លានបោះឆ្នោតដូរមេឃុំ ជាងឃ្លានបាយចម្អែតក្រពះទៅទៀត។
លោក គឹម សុខ បានអំពាវនាវបែបនេះ នៅក្នុងសំបុត្រសរសេរផ្ទាល់ដៃមួយ ចុះកាលបរិច្ឆេទនៅថ្ងៃទី២៨ ខែឧសភានេះ ព្រមទាំងមានស្នាមមេដៃផ្តិតលើលិខិតនោះផងដែរ។
លិខិតនោះ ត្រូវបានមេធាវីការពារលោក គឹម សុខ គឺលោក ជួង ជូងី បង្ហោះចែកចាយនៅលើគណនីហ្វេសប៊ុករបស់គាត់នៅរសៀលថ្ងៃនេះ។
លោក ជួង ជូងី បានប្រាប់វីអូឌីតាមទូរស័ព្ទថា សំបុត្រនោះពិតជាសំបុត្រសរសេរដោយផ្ទាល់ដៃរបស់លោក គឹម សុខ ប្រាកដមែន។
លោកបញ្ជាក់ថា លោកបានទទួលសំបុត្រនេះពីលោក គឹម សុខ នៅពេលលោកចូលទៅជួបកូនក្ដីរបស់លោកកាលពីប៉ុន្មានថ្ងៃមុន។
ក្នុងសំបុត្រនោះ លោក គឹម សុខ បានរៀបរាប់ថា លោកសម្រេចចិត្តធ្វើកូដកម្មបង្អត់អាហារខ្លួនឯងរយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី០៤ ខែមិថុនា ដើម្បីអង្វរបងប្អូនរួមឈាមខ្មែរទាំងក្នុងប្រទេស និងនៅបរទេស ឲ្យទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីផ្លាស់ប្ដូរមេដឹកនាំឃុំ-សង្កាត់។
អ្នកវិភាគនយោបាយរូបនេះ បានបញ្ជាក់នៅខាងដើមសំបុត្រនោះថា លោកឃ្លានបោះឆ្នោតដូរមេឃុំ ដើម្បីសុខចម្រើនស្រុកភូមិ ជាងឃ្លានបាយចម្អែតក្រពះ ដើម្បីគ្រាន់តែជីវិតរស់។
លោក គឹម សុខ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែកុម្ភៈ ទៅតាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការអត្ថាធិប្បាយថា គណបក្សប្រជាជនកម្ពុជាជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី៕