លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យអភិបាលខេត្តកំពង់ស្ពឺអន្តរាគមន៍ទៅតុលាការជួយឲ្យមានការដោះលែងស្រ្តី២នាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន ទាក់ទងនឹងជម្លោះដីធ្លី។
លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅយប់ថ្ងៃចន្ទនេះថាវាជា”ការខកចិត្តខ្លាំងណាស់” ដែលតុលាការខេត្តកំពង់ស្ពឺចាប់តំណាងប្រជាជន២នាក់ឃុំខ្លួន ដែលលោកថាទើបបានដឹងមុននេះបន្តិច។ លោកមានប្រសាសន៍ថា៖ “ខ្ញុំបានបញ្ជាទៅអភិបាលខេត្តឲ្យធ្វើការជាមួយតុលាការទាំងយប់ដើម្បីសុំធានាឲ្យនៅក្រៅឃុំ។ កូនប្រុសខ្ញុំ២នាក់ ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី កំពុងធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺដើម្បីជួយប្រជាជនក្នុងរឿងនេះ”។
លោក ហ៊ុន សែន បន្ថែមថា៖ “សង្ឃឹមថាព្រះរាជអាជ្ញានិងអនុញ្ញាតឲ្យប្រជាជនទាំង២នាក់បាននៅក្រៅឃុំ។ ប្រសិនមិនទុកចិត្តសុំអស់លោកឃុំកូនខ្ញុំទាំង២នាក់ជំនួសវិញចុះ”។ លោកក៏បានបញ្ជាឲ្យក្រសួងយុត្តិធម៌ពិនិត្យករណីនេះជាបន្ទាន់។
លោក ហ៊ុន សែន បានឆ្លើយតបនឹងមតិយោបល់របស់អ្នកលេងហ្វេសប៊ុកម្នាក់ដែលសួរទាក់ទងនឹងការអន្តរាគមន៍របស់នាយករដ្ឋមន្រ្តីបង្ហាញពីតុលាការមិនឯករាជ្យនៅកម្ពុជា។ លោក ហ៊ុន សែន សរសេរថា៖ “តុលាការឯករាជ្យមិនស្ថិតក្រោមអំណាចរាជរដ្ឋាភិបាលទេ។ បើស្ថិតក្រោមអំណាច រាជរដ្ឋាភិបាលមិនបាច់ខ្ញុំសុំធានាឲ្យនៅក្រៅឃុំទេគឺបញ្ជាឲ្យដោះលែងតែម្ដង”។
អន្តរាគមន៍របស់នាយករដ្ឋមន្រ្តីធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីប្រមាណ៥០នាក់នៅព្រឹកថ្ងៃចន្ទនេះបានប្រមូលផ្តុំនៅរដ្ឋសភា ដោយស្នើសុំអន្តរាគមន៍ពីរដ្ឋសភា ឲ្យតុលាការដោះលែងអ្នកតំណាងរបស់ពួកគេពីរនាក់។
ស្ត្រីជាសកម្មជនដីធ្លី២នាក់ដែលត្រូវចាប់ខ្លួន គឺអ្នកស្រី យូ រ៉ន អាយុ៥១ឆ្នាំ និងអ្នកស្រី អ៊ីត រុំ អាយុ៥៥ឆ្នាំ។ ពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពេលដែលពួកគេត្រូវបានតុលាការខេត្តនេះ កោះហៅឲ្យចូលបំភ្លឺ ទាក់ទិននឹងជម្លោះដីធ្លីមួយកន្លែងនៅ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
គួរបញ្ជាក់ថាជម្លោះដីធ្លីរវាងប្រជាពលរដ្ឋចំនួន១៦៥គ្រួសារនៅភូមិថ្មី ជាមួយអាជ្ញាធរមូលដ្នានកើតមានតាំងពីឆ្នាំ២០០៧ លើទំហំដីចំនួនជាង១០០០ហិកតា នៅមិនទាន់ដំណោះស្រាយនៅឡើយទេ បើទោះជាធ្លាប់មានអន្តរាគមន៍ពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយក៏ដោយ៕