រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក John Kerry នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាពីបញ្ហាស៊ីរី ក្រោយពីរដ្ឋាភិបាលក្រុងម៉ូស្គូបានចាប់ផ្ដើមដកកងទ័ពភាគច្រើនរបស់ខ្លួនចេញពីប្រទេសនេះ។
បណ្ដាញផ្សាយព័ត៌មាន BBC បានចុះផ្សាយដោយដកស្រង់សម្ដីលោក John Kerry ថា ការផ្លាស់ប្តូររបស់ប្រទេសរុស្ស៊ី រួមជាមួយនឹងការបើកកិច្ចចរចាស៊ីរីដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវអាចជា “ឱកាសល្អបំផុត” ដើម្បីបញ្ចប់ជម្លោះនៅប្រទេសស៊ីរីនេះ។
ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទៅកាន់ប្រទេសស៊ីរីបានឱ្យដឹងថា កិច្ចពិភាក្សានោះ ពេលនេះមានសន្ទុះឡើងថ្មីហើយ។
លោក Kerry ត្រូវគេរំពឹងថានឹងធ្វើដំណើរទៅប្រទេសរុស្ស៊ីនៅថ្ងៃណាមួយក្រោយថ្ងៃអង្គារសប្ដាហ៍ក្រោយ នៅពេលលោកត្រឡប់មកពីដំណើរទស្សនកិច្ចនៅក្នុងប្រទេសគុយបា។
កាលពីថ្ងៃចន្ទ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសពីការដកកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីក្នុងប្រទេសស៊ីរី និងបានប្រាប់ដល់មន្រ្តីការទូតរបស់ខ្លួនឲ្យបង្កើនការជំរុញបង្កបរិយាកាសសន្តិសុខភាពវិញ។ មួយថ្ងៃបន្ទាប់ពីសេចក្តីប្រកាសនេះ បណ្ដាយន្តហោះរុស្ស៊ីបានចាប់ផ្តើមចាកចេញជាលើកដំបូងកាលពីថ្ងៃអង្គារ។
ទោះយ៉ាងណាក៏ដោយ អនុរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោគ Nikolai Pankov បានមានប្រសាសន៍ថាប្រទេសរុស្ស៊ីនឹងបន្តការវាយប្រហារតាមអាកាសរបស់ខ្លួននៅក្នុងប្រទេសស៊ីរី បើទោះបីជាខ្លួនបានដកទ័ពមួយផ្នែកចេញក៏ដោយ៕
ប្រភព៖ BBC