សមត្ថកិច្ចមួយចំនួននៅខេត្តឧត្តរមានជ័យ រងការរិះគន់ពីប្រជាពលរដ្ឋ ថាអសមត្ថភាព ក្នុងការបង្ក្រាបឧក្រិត្តជនព្រៃឈើឈ្មោះ ឆាយ។ ឈ្មោះឆាយ ដែលត្រូវបានគេល្បីថាតែងតែដឹកជញ្ជូនឈើខុសច្បាប់ ជារៀងរាល់យប់ចេញពីស្រុកត្រពាំងប្រាសាទនោះ គេមិនដែលឃើញសមត្ថកិច្ច ឬ អាជ្ញាធរណាចាត់វិធានការ បង្ក្រាបទាល់តែសោះ។
តាមសេចក្តីរាយការ របស់ អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា៖ សព្វថ្ងៃ នេះឈ្មួញឈើខុសច្បាប់បានធ្វើការប្រមូលឈើចំនួន ២កន្លែង ក្នុងស្រុកត្រពាំងប្រាសាទ គឺមួយកន្លែងនៅភូមិ ថ្នល់កែង ឃុំត្រពាំងប្រាសាទ និងមួយកន្លែងទៀត ស្ថិតនៅបន្ទាយទាហាន ភូមិ ត្រាំប៉ោង ឃុំព្រះប្រឡាយ។
ឈ្មោះ ឆាយ តែងតែដឹកឈើខុសច្បាប់ចេញនៅពេលយប់តាមរថយន្ត ត្រៃអ៊ី ហើយសាងទៅរថយន្តយីឌុបវិញ ទៅដាក់ដេប៉ូផ្សេងៗ ក្នុងស្រុកបន្ទាយអំពិល ឬហួសទៅដាក់ដល់ខេត្តបន្ទាយមានជ័យ។ការដឹកឈើ របស់ លោក ឆាយ បានធ្វើឲ្យ ផ្លូវក្រាលគ្រួសក្រហម មួយខ្សែរគឺ ចាប់ពីភូមិថ្នល់កែង រហូតដល់ ស្រុកត្រពាំងប្រាសាទ និងមួយខ្សែរទៀត ជាផ្លូវជាតិ គឺចាប់ភូមិ ត្រាំប៉ោង ដល់ក្រុងសំរោង រងការ បាក់ ស្រុត ខូចខាតយ៉ាងធ្ងន់ធ្ងរ ។
ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន ខេត្តឧត្តមានជ័យ លោក សាំង ប៊ុនថេន ទទួលស្គាល់ថា ផ្លូវនេះ ពិតមានការស្រុតមែន កន្លងមក មន្ទីរបានធ្វើការត្រួតពិនិត្យដែរ តែភាគច្រើនរថយន្តដឹកឈើខុសច្បាប់ ច្រើនដឹកនៅពេលយប់។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ លោក ហូ តុងហាន់