ប្រធានសហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ត្រូវតុលាការសាលាដំបូងរាជធានីភ្នំពេញកោះហៅឲ្យចូលបំភ្លឺ នៅថ្ងៃអង្គារស្អែកនេះ ក្នុងសំណុំរឿងក្លែងលិខិតនិងផ្តល់ព័ត៌មានមិនពិត។
ដីកាកោះចុះថ្ងៃទី៤ខែមីនាហើយវីអូឌីទើបតែទទួលបាន ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ ខាំ សុផារី កោះអញ្ជើញលោក ប៉ាវ ស៊ីណា ចូលតុលាការនៅថ្ងៃទី២២ខែមីនា វេលាម៉ោង៤និង៣០នាទី ដើម្បីសាកសួរពីសំណុំរឿងក្លែងលិខិតនិងផ្តល់ព័ត៌មានមិនពិត តាមបណ្តឹងរបស់ឈ្មោះ គង់ សុភ័ក្រ្ត។
លោក ប៉ាវ ស៊ីណា ប្រាប់វីអូឌី(VOD)តាមទូរស័ព្ទនៅរសៀលនេះថាលោកបានទទួលដីកាកោះនេះនៅព្រឹកថ្ងៃចន្ទនេះ។ លោកថាលោកមិនបានដឹងថាលោកបានប្រព្រឹត្តករណីនេះនៅពេលណានោះទេ។ លោកឲ្យដឹងថាលោកក៏មិនដែលស្គាល់បុគ្គលដើមបណ្តឹងឈ្នោះ គង់ សុភ័ក្រ្ក នោះដែរ។
លោកបន្ថែមថា៖ “ខ្ញុំកំពុងតែឆ្ងល់ ហើយខ្ញុំអត់ដឹងខ្លួនថាតើខ្ញុំក្លែងបន្លំលិខិតអ្វី ហើយផ្តល់ព័ត៌មានមិនពិតអីខ្ញុំអត់ដឹង…ប៉ុន្តែខ្ញុំគ្រាន់តែអាចគិតថាប្រហែលអាចពាក់ព័ន្ធនឹងនីតីវិធីនៃការចុះបញ្ជិកាអីផ្សេងៗដែលជាលេសរបស់និយោជកក្រុមហ៊ុនណាមួយដែលគាត់មានបំណងទប់ស្កាត់មិនឲ្យចុះបញ្ជិកានៅក្រុមហ៊ុនរបស់គាត់ ដែលជាហេតុនាំឲ្យគាត់ប្តឹងទប់ស្កាត់រឿងទាំងអស់ហ្នឹងដែរបាទ”។
ទោះយ៉ាងណា លោក ប៉ាវ ស៊ីណា បញ្ជាក់ថាលោកនឹងស្នើទៅកាន់តុលាការពន្យាពេលចូលខ្លួនទៅឆ្លើយបំភ្លឺនេះ ដោយលោកថា លោកត្រូវការពេលវេលា និងពិភាក្សាជាមួយមេធាវីជាមុនសិន។
បើតាមលោក ប៉ាវ ស៊ីណា សព្វថ្ងៃលោកកំពុងជាប់បណ្តឹងចំនួន២ ដោយលោកថាមួយជាប់ពាក់ព័ន្ធនឹងសំណុំរឿងហិង្សានៅផ្លូវវេងស្រ៊េងកាលដើមឆ្នាំ២០១៤និងបណ្តឹងមួយទៀតទាក់ទងនឹងបទញុះញង់ឲ្យមានអំពើហិង្សានៅមុខរោងចក្រAgile Sweater ក្នុងខេត្តកំពង់ស្ពឺ កាលពីខែមករា ឆ្នាំ២០១៦៕