គណៈមេធាវីកម្ពុជាបានស្នើជាថ្មីទៅកាន់តុលាការក្នុងការបញ្ជូនដីកាកោះនិងលិខិតអញ្ជើញផ្សេងៗទៅកាន់មេធាវីដោយផ្ទាល់ ដោយពុំចាំបាច់បញ្ជូនមកកាន់គណៈមេធាវីដើម្បីបញ្ជូនបន្ត ដោយចាត់ទុកការ យល់ថាគណៈមេធាវីជាអ្នកមានភារកិច្ចក្នុងការបញ្ជូនទៅកាន់មេធាវីរបស់ខ្លួនជាការយល់ខុស។
ក្នុងលិខិតចុះថ្ងៃទី១៨ មីនា ដែលដាក់ជូនប្រធានតុលាការនិងមហាអយ្យការអមតុលាការទាំងពីរជាន់ h;y វីអូឌីទើបទទួលបានឲ្យ គណៈមេធាវីឲ្យដឹងថាខ្លួនធ្លាប់បានជូនដំណឹងទៅកាន់ស្ថាប័នតុលាការនិងអយ្យការម្តងរួចមកហើយកាលពីថ្ងៃទី០៧ សីហា ឆ្នាំ២០១៤ អំពីការបញ្ជូនដីកានិងលិខិតអញ្ជើញរបស់តុលាការទៅកាន់មេធាវីផ្ទាល់។ គណៈមេធាវីបន្តថាតែរហូតមកទល់ពេលនេះ គណៈមេធាវីនៅតែឃើញមានចៅក្រមមួយចំនួននៅតែបញ្ជូនដីកាកោះកូនក្តីនិងលិខិតអញ្ជើញមេធាវីមកកាន់ទីស្នាក់ការគណៈមេធាវី ដើម្បីឲ្យគណៈមេធាវីធ្វើការបញ្ជូនលិខិតទាំងនោះទៅកាន់មេធាវីរបស់ខ្លួនដដែល។
នៅក្នុងលិខិតនោះ គណៈមេធាវីស្នើសុំជាថ្មីទៅកាន់ចៅក្រមនិងតំណាងអយ្យការទាំងអស់ឲ្យបញ្ជូនដីកាកោះឬលិខិតអញ្ជើញមេធាវី ទៅកាន់ភាគីនៃរឿងក្តីនិងការិយាល័យមេធាវីនោះដោយផ្ទាល់។ លិខិតដដែលនោះបន្តថាការដែលចាត់ទុកគណៈមេធាវីជាស្ថាប័នមានភារកិច្ចក្នុងការបញ្ជូនបន្តនូវដីកាកោះ និងលិខិតអញ្ជើញទាំងនោះគឺជាការយល់ខុស ។
ក្នុងលិខិតនោះ គណៈមេធាវីក៏បានបញ្ជាក់ដែរថាក្នុងករណីដែលមេធាវីរូបណាមិនទទួលដីកាកោះ និងលិខិតអញ្ជើញពីតុលាការ គណៈមេធាវីស្នើឲ្យតុលាការធ្វើលិខិតមកគណៈមេធាវី ដើម្បីគណៈមេធាវីចាត់វិធានការបន្តចំពោះមេធាវីដែលមិនទទួលលិខិតទាំងនោះ។
គណៈមេធាវីបានឲ្យដឹងទៀតថាមេធាវីទាំងអស់ដែលជាគណៈមេធាវីប្រកបវិជ្ជាជីវៈរបស់ខ្លួន ត្រូវតែមានការិយាល័យមេធាវី ដែលមានអាសយដ្ឋានច្បាស់លាស់ ជាទីកន្លែងដែលអនុញ្ញាតឲ្យអតិថិជនឬស្ថាប័ននានាអាចទាក់ទងជាមួយមេធាវីដើម្បីធ្វើការងារផ្សេងៗពាក់ព័ន្ធនឹងវិជ្ជាជីវៈ៕