បុគ្គល១៦រូបត្រូវបានព្រះមហាក្សត្រប្រោសប្រទានគោរមងារជាឧកញ៉ា ក្នុងខែមករា ឆ្នាំ២០១៦ តាមរយៈសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើយោងតាមសៀវភៅព្រះរាជកិច្ចដែលចេញផ្សាយសម្រាប់ឆ្នាំ២០១៦។
បុគ្គលទាំងនោះរួមមានលោក សេង សុជាតិ លោក កៅ ក្វេងហុង លោក ឡាយ កុកលាង លោក សេង ញ៉ក់ លោក លី ឆូកឆៃ លោក សិទ្ធិ បញ្ញាឫទ្ធិ លោក ហុក ជ្រា លោក ប៉ែន នួន លោក កោះ ភារៈ លោក ស ពិសិដ្ឋ លោក ស៊ុយ គីមលី លោក នី សម្បត្តិ លោក គុត ចាន់វាសនា លោកស្រី លី គាង លោក ចាន់ សេងហេង និងលោកស្រី កែវ ស៊ួយឆេង។
គោរមងារជាឧកញ៉ាត្រូវទទួលការប្រោសព្រះរាជទានតាមព្រះរាជក្រឹត្យដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី។ ជាទូទៅ បុគ្គលដែលទទួលគោរមងារឧកញ៉ា កាលណាបានបរិច្ចាគធនធានផ្ទាល់ខ្លួនចាប់ពី១០ម៉ឺនដុល្លារឡើងទៅ ក្នុងការកសាងរាល់សមិទ្ធផលនានា ដូចជាវត្តអារាម មន្ទីរពេទ្យ សាលារៀន ផ្លូវ ប្រឡាយទឹក អណ្តូងទឹក។
កាលពីឆ្នាំ២០១៥ បុគ្គលជាង៥០នាក់បានទទួលគោរមងារជាឧកញ៉ា។ កាសែតThe Cambodia Dailyបានចុះផ្សាយកាលពីឆ្នាំ២០១៤ថាកាលពីឆ្នាំ២០០៤ កម្ពុជាមានឧកញ៉ាប្រមាណ២០រូប តែបានកើនឡើងមកជិត២០០រូបក្នុងឆ្នាំ២០០៨ និងរហូតដល់ឆ្នាំ២០១៤មានជាង៧០០រូប។
ប្រធានស្ថាប័នស្រាវជ្រាវវេទិកាអនាគត លោក អ៊ូ វីរៈ ធ្លាប់មានប្រសាសន៍ថាឧកញ៉ានៅកម្ពុជាមានច្រើនគឺអាចប្រហែលចូលពាន់នាក់។ លោកបន្តថាដោយសារប្រទេសកម្ពុជាមិនមានការគោរពច្បាប់ ការមិនឲ្យតម្លៃទៅលើសីលធម៌និងវប្បធម៌ បុគ្គលមួយចំនួនចង់បានងារឧកញ៉ានេះ ដើម្បី«អួតដាក់គ្នា»។ លោកបន្ថែមថាងារជាឧកញ៉ានេះ គឺដើម្បីងាយស្រួលក្នុងការរកស៊ីផងដែរ។ លោកបញ្ជាក់ថា៖ “ឧកញ៉ាមានឱកាសរកស៊ីច្រើន ដោយសារងារនេះដូចជាមានអភ័យឯកសិទ្ធិអញ្ចឹង។…ប្រទេសយើងមិនមាននីតិរដ្ឋ មិនគោរពច្បាប់ មិនឲ្យតម្លៃលើសីលធម៌ និងវប្បធម៌ ទើបម្នាក់ៗចង់បានងារឧកញ៉ា ដើម្បីយកងារមកអួត និងយកឱកាសរកស៊ី”។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថាកន្លងមក ឧកញ៉ាមួយចំនួនបានប្រើងារនេះ ដើម្បីប្រកបរបរខុសច្បាប់ ដូចជាការរត់ពន្ធទំនិញ និងការរំលោភសិទ្ធិកាន់កាប់ដីធ្លីប្រជាពលរដ្ឋជាដើម។ លោកថាប្រទេសជាតិត្រូវការឧកញ៉ាដែលប្រកបរបររកស៊ីដោយសុចរិត និងជួយប្រទេសជាតិដោយស្មោះត្រង់មិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ លោកបន្ថែមថា៖ “បើសិនជាឧកញ៉ាហ្នឹងគាត់ជាអ្នករកស៊ីដោយសុចរិត បានធនធានដោយសុច្ចរិត វាល្អចំពោះប្រទេសជាតិ ប៉ុន្តែបើសិនជាឧកញ៉ាដែលរកស៊ីដោយទុច្ចរិត ឧកញ៉ាដែលមានការពាក់ព័ន្ធអំពើពុករលួយ ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ ឧកញ៉ាហ្នឹងយើងមិនចង់បានប៉ុន្មានទេ”។
បើទោះពីកម្ពុជាមានឧកញ៉ាច្រើនក៏ដោយ ឧកញ៉ាមួយចំនួនប៉ុណ្ណោះដែលត្រូវគេស្គាល់ច្រើនក្នុងការរកស៊ី ក្នុងនោះរួមមានឧកញ៉ា គិត ម៉េង ឧកញ៉ា ទ្រី ភាព ឧកញ៉ា សុខ គង់ ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា ម៉ុង ឫទ្ធី ឧកញ៉ា ពុង ឃាវសែនិងឧកញ៉ាកុក អាន ជាដើម៕