រដ្ឋអាជ្ញាបែលហ្សិកបានឲ្យដឹងថាជនសង្ស័យតែម្នាក់គត់ក្នុងការវាយប្រហារនៅទីក្រុងព្រុចសែលដែលត្រូវបានចោទប្រកាន់កាលពីសប្ដាហ៍មុនត្រូវបានដោះលែងកាលពីថ្ងៃចន្ទបន្ទាប់ពីខ្វះខាតភស្តុតាងដើម្បីបង្ហាញការជាប់ពាក់ព័ន្ធរបស់ជននោះទៅនឹងការសម្លាប់រង្គាល។
ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិកបានកំណត់អត្តសញ្ញាណបុរសដែលត្រូវបានចោទប្រកាន់នោះថាមានឈ្មោះ Faycal Cheffou ដែលអះអាងថាជាអ្នកកាសែតឯករាជ្យម្នាក់។ លោក Cheffou ត្រូវបានចោទប្រកាន់កាលពីថ្ងៃសៅរ៍ពីបទ “ចូលរួមក្នុងក្រុមភេរវកម្ម ឃាតកម្មភេរវកម្ម និងប៉ុនប៉ងឃាតកម្មភេរវកម្ម”។
ការិយាល័យរបស់រដ្ឋអាជ្ញាសហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយមិនបានផ្តល់សេចក្តីលម្អិតថា៖ “សូចនាករដែលនាំឲ្យឈានទៅដល់ការចាប់ខ្លួន លោក Faycal មិនត្រូវបញ្ជាក់ដោយការស៊ើបសួរដែលបានបន្តធ្វើ។ ជាលទ្ធផល ជននោះត្រូវបានដោះលែងដោយអង្គចៅក្រមដែលពិនិត្យមើល”។ នេះបើយោងតាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia។
ប្រភពស្និទ្ធម្នាក់នឹងការស៊ើបអង្កេតបានប្រាប់ភ្នាក់ងារព័ត៌មាន AFP កាលពីកន្លងទៅថា រដ្ឋអាជ្ញាបានមើលទៅលើទ្រឹស្តីដែលថា លោក Faycal គឺជាបុរសទីបីដេលត្រូវបានគេឃើញនៅក្នុងវីដេអូរបស់CCTV រួមជាមួយនឹងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត២នាក់ទៀងនៅព្រលានយន្តហោះហ្សាវ៉ានធឹម (Zaventem)។
នគរបាលបែលហ្ស៊ិកកាលពីថ្ងៃចន្ទបានចេញផ្សាយកាលរូបភាពមួយចំនួនរបស់ CCTV ក្នុងគោលបំណងដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ។
នៅក្នុងវីដេអូនោះ បុរសម្នាក់មានពាក់មួក និងអាវក្រៅពណ៌ស ត្រូវគេមើលឃើញរុញរទេះជាមួយកាបូបធំមួយ ដើរកាត់សាលចេញដំណើរ នៅក្បែរអ្នកបំផ្ទុះគ្រាប់បែកលោក អ៊ីប្រាហ៊ីមអែល Bakraoui និងលោក Najim Laachraoui៕