ប្រជាពលរដ្ឋនៅហ្សកហ្ស៊ីបានផ្ទុះការតវ៉ាប្រឆាំងមេដឹកនាំគណបក្សកាន់អំណាចដែលបានរៀបចំក្រុមការងារដើម្បីស្វែងរកបញ្ហារឿងរ៉ាវផ្លូវភេទរបស់អ្នកនយោបាយគូប្រជែងដោយពួកគេចាត់ទុកថានោះជាអំពើថោកទាប។
នៅក្នុងពាក់កណ្តាលខែមីនាកន្លងទៅនេះសំឡេងរបស់ស្ត្រីជាអ្នកនយោបាយហ្សកហ្ស៊ីពីរនាក់ត្រូវបានគេផ្សព្វផ្សាយតាមប្រព័ន្ធអ៊ិនធើណែតពាក់ព័ន្ធទំនាក់ទំនងផ្លូវភេទ។ ជារឿងគួរឲ្យភ្ញាក់ផ្អើលនោះ ប្រជាពលរដ្ឋជាច្រើនមិនបានដកសេចក្តីទុកចិត្តលើអ្នកនយោបាយទាំងពីរនោះទេ ប៉ុន្តែពួកគេបែរជានាំគ្នាតវ៉ាប្រឆាំងនឹងអ្នកដែលទម្លាយរឿងរ៉ាវនេះទៅវិញ។ អ្នកតវ៉ាទាំងនោះអះអាងការរួមភេទជារឿងធម្មតារបស់មនុស្សមិនមែនជា បទឧក្រិដ្ឋទេ តែផ្ទុយទៅអ្នកដែលព្យាយាមយករឿងនេះមកបន្តុះបង្អាប់គូប្រជែងទើបជារឿងថោកទាប។ នេះបើ តាមសារព័ត៌មាន BBC កាលពីថ្ងៃទី២៧ខែមីនា។
មូលហេតុដែលធ្វើឲ្យប្រជាពលរដ្ឋហ្សកហ្ស៊ីខឹងសម្បានេះគឺបន្ទាប់ពីការផ្សព្វផ្សាយរឿងរ៉ាវផ្លូវភេទរបស់អ្នកនយោបាយស្រ្តីពីរនាក់នេះ ហើយមានការព្រមានថានឹងមានការផ្សព្វផ្សាយវីឌីអូទំនាក់ទំនងផ្លូវភេទរបស់មនុស្ស៤នាក់ទៀតដែលក្នុងនោះអ្នកនយោបាយ៣រូបនិងអ្នកសារព័ត៌មាន១រូបប្រសិនជាអ្នកទាំងនោះមិនព្រមលាលែងពីតំណែងនៅត្រឹមថ្ងៃទី៣១ខែមីនា។
កាលពីការបោះឆ្នោតនៅឆ្នាំ២០១២មានការផ្សព្វផ្សាយរឿងផ្លូវភេទរបស់គួប្រជែងគណបក្សប្រឆាំងដើម្បីផលប្រយោជន៍នយោបាយដែរ។ ពេលនោះរដ្ឋាភិបាលដឹកនាំដោយលោកប្រធានាធិបតី Mikheil Saakashvili ហើយមានការរិះគន់លោកបន្ទាប់មកជាលទ្ធផលការបោះឆ្នោតគណបក្សរបស់លោកថយចុះការគាំទ្រ៕