អង្គការមួយដែលធ្វើការផ្នែកប្រឆំាងអំពើពុករលួយឲ្យដឹងថានឹងដាក់សេចក្តីស្នើគោលនយោបាយស្តីពីការប្រឆំាងអំពើពុករលួយទៅឲ្យគណបក្សនយោបាយទំាងអស់នៅខែមេសាខាងមុខដោយអះអាងថាដើម្បីជួយទប់ស្កាត់និងកាត់បន្ថយអំពើពុករលួយនៅក្នុងបក្សនិងស្ថាប័នរដ្ឋ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល បានថ្លែងបែបនេះក្រោយពីសិក្ខាសាលាបង្ហាញសេចក្តីស្នើគោលនយោបាយស្តីពី “ការប្រឆំាងអំពើពុករលួយសម្រាប់ដាក់ជូនគណបក្សនយោបាយ” ដោយមានវត្តមានតំណាងគណបក្សនយោបាយ អ្នកវិភាគ និងអង្គទូតនានាចូលរួមជាង១០០នាក់។
លោក ព្រាប កុល មានជំនឿថាសេចក្តីស្នើគោលនយោបាយស្តីពី “ការប្រឆំាងអំពើពុករលួយសម្រាប់ដាក់ជូនគណបក្សនយោបាយ” នោះគណបក្សនយោបាយទំាងអស់នឹងយកទៅដាក់បញ្ជូលក្នុងគណបក្សរបស់ខ្លួនបន្ថែមទៀតជៀសវាងកុំឲ្យមានបក្សពួកនិយម គ្រួសារនិយម និងបញ្ហាផ្សេងទៀត ដើម្បីជួយប្រយុទ្ធប្រឆំាងអំពើពុករលួយប្រកបដោយប្រសិទ្ធិភាពខ្ពស់។ លោកបន្តថា៖ “អ្វីដែលយើងដាក់ចូលក្នុងគណបក្សនយោបាយនេះគឺក្នុងទិសដៅមួយដើម្បីឲ្យអ្នកនយោបាយគ្រប់បក្សទំាងអស់បញ្ចូលយុទ្ធសាស្ត្រប្រឆំាងអំពើពុករលួយទំាងនៅក្នុងបក្សរបស់គាត់ទំាងពេលដែលគាត់បានជាប់ឆ្នោតទៅធ្វើការងារបំរើប្រជាពលរដ្ឋគឺក្លាយទៅជាចំណុចសំខាន់នៅក្នុងការងាររបស់គាត់អំពើពុករលួយវាកើតឡើងដោយមនុស្ស បើសិនជាមនុស្សនាំគ្នាបំបាត់អំពើពុករលួយ បំបាត់ឲ្យត្រូវ បំបាត់ឲ្យមានប្រសិទ្ធិភាព វាត្រូវតែថយ”។
ដោយឡែកលោក ព្រាប កុល បញ្ជាក់ថាករណីនៅស្ថាប័នរដ្ឋឯណោះវិញ រដ្ឋាភិបាលត្រូវយកសេចក្តីស្នើគោលនយោបាយ ស្តីពី“ការប្រឆំាងអំពើពុករលួយសម្រាប់ដាក់ជូនគណបក្សនយោបាយ” នោះដាក់បញ្ជូលបន្ថែមក្នុងច្បាប់ស្តីពីការប្រឆំាងអំពើពុករលួយ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ច្បាប់ការពារសាក្សី និងអ្នករាយការណ៍ ខណៈច្បាប់ទំាងនេះកំពុងតាក់តែងឡើង។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ គាំទ្រនឹងការលើកឡើងរបស់លោក ព្រាប កុល ដោយលោកអះអាងថា ការប្រឆំាងអំពើពុករលួយជាគោលនយោបាយទីមួយរបស់គណបក្សសង្គ្រោះជាតិត្រូវតែធ្វើការលុបបំបាត់។ លោកបញ្ជាក់ថាកន្លងមកគណបក្សសង្គ្រោះជាតិបានអនុវត្តកិច្ចការនេះនៅក្នុងគណបក្សទទួលបានផលវិជ្ជមានផងដែរ។ លោកបន្ថែមថា៖ “គណបក្សមានយន្តការដើម្បីត្រួតពិនិត្យមើលនូវការចាយវាយថវិការបស់គណបក្សគឺយើងមានយន្តការ ហើយយើងមិនដែលមានបញ្ហាទេកន្លងមក ពីព្រោះរៀងរាល់ឆ្នាំយើងបានធ្វើរបាយការណ៍នៅក្រសួងមហាផ្ទៃ ហើយរបាយការណ៍គឺយើងដាក់ជូនទៅអគ្គសវនករជួយពិនិត្យមើល ដូច្នេះយើងបានធ្វើការងារបានល្អប្រសើរ”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជាមានគោលនយោបាយលុបបំបាត់អំពើពុករលួយមុនអង្គការតម្លាភាពកម្ពុជារៀបចំកម្មវិធីនេះទៅទៀត។ ប៉ុន្តែលោកថាបើអង្គការនោះដាក់សំណើមកគណបក្សប្រជាជនកម្ពុជា លោកថាគណបក្សនឹងពិនិត្យមើល។ លោកបន្តថា៖ ”ការពិនិត្យការទទួលយកជាសិទ្ធិរបស់រាជរដ្ឋាភិបាលក៏ដូចជាគណបក្សកាន់អំណាចមិនមែនថាដាក់ឲ្យតែដាក់ទៅត្រូវទទួលយកទំាងអស់ឬមួយបដិសេធទំាងអស់មិនអញ្ចឹងទេ វាអាស្រ័យទៅលើការពិនិត្យលើសំណើហ្នឹង ហើយគេពិចារណាលើសំណើថាសំណើណាគួរទទួលយកសំណើណាដែលមិនអាចទទួលយកបាន”។
ចំណែគណបក្សនយោបាយផ្សេងៗទៀតក៏បានអះអាងប្រហាក់ប្រហែលនឹងគណបក្សកាន់អំណាចនិងគណបក្សប្រឆំាងដែរ។ ប៉ុន្តែក្រុមគណបក្សទំាងនោះបញ្ជាក់ថាដើម្បីដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធិភាពថ្នាក់ដឹកនាំគណបក្សនិងរដ្ឋាភិបាល ត្រូវបោសសំអាតពីថ្នាក់លើទៅទើបទទួលបានផលវិជ្ជមានពោលមិនត្រូវអនុវត្តច្បាប់ចំពោះតែមន្ត្រីឬបុគ្គលតូចតាចនោះឡើយ។
របាយការណ៍ឆ្នាំ២០១៥របស់អង្គការតម្លាភាពកម្ពុជាស្តីពីអំពើពុករលួយបង្ហាញថាប្រទេសកម្ពុជានៅតែស្ថិតនៅក្នុងចំណោមបណ្តាប្រទេសដែលមានស្ថានភាពអំពើពុករលួយធ្ងន់ធ្ងរដោយសារតែប្រព័ន្ធយុត្តិធម៌និងនីតិរដ្ឋកម្ពុជានៅទន់ខ្សោយ។ បើតាមរបាយការណ៍នោះក្នុងចំណោមប្រទេស១៦៨ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៥០ ដោយទទួលបានពិន្ទុ២១លើ១០០ ដែលយោងតាមសន្ទស្សន៍នៃការសិក្សាមានន័យថាកម្ពុជានៅតែស្ថិតក្នុងក្រុមប្រទេសដែលមានអំពើពុករលួយធ្ងន់ធ្ងរ៕