សាលាឧទ្ធរណ៍កម្ពុជាកោះហៅសកម្មជនអារ៉ែង លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី៥ ខែមេសា ខាងមុខ បន្ទាប់ពីជនជាតិអេស្ប៉ាញរូបនេះត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីកម្ពុជា។
នៅក្នុងដីកាកោះចុះថ្ងៃទី២៨ ខែមីនា ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍លោក ង៉ែត សារ៉ាត បានបង្គាប់ឲ្យលោក អាឡិច ចូលទៅសាលាឧទ្ធរណ៍នាថ្ងៃទី៥ ខែមេសា នៅម៉ោង៨ព្រឹក នៅបន្ទប់សវនាការទី៣ “ដើម្បីជំនុំជម្រះពីបទ សមគំនិតគំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ”។
កន្លងទៅលោក អាឡិច បានឲ្យដឹងថា លោកត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង លោកស្រី ឈុន ដាវី ចោទប្រកាន់ពីបទសមគំនិតក្នុងអំពើគំរាមកំហែងនិងធ្វើឲ្យខូចខាតដោយភ្ជាប់នូវបញ្ហាអ្វីមួយ ប្រព្រឹត្តទៅនៅស្រុកបទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៥និងនៅថ្ងៃទី១២ខែសីហាឆ្នាំ២០១៥។ លោកបានឲ្យដឹងដែរថា តុលាការបានបង្គាប់ឲ្យចាប់ខ្លួនលោកនិងបញ្ជាដល់កងកម្លាំងសាធារណៈឲ្យស្រាវជ្រាវចាប់និងនាំខ្លួនរូបលោកទៅពន្ធនាគារកោះកុងឬមណ្ឌលឃុំខ្លួនបណ្តោះអាសន្ននៅកន្លែងចាប់ខ្លួន។
លោក អាឡិច បានឲ្យវីអូឌីដឹងបន្ថែមនៅថ្ងៃព្រហស្បតិ៍នេះថាការកោះហៅរបស់សាលាឧទ្ធរណ៍ធ្វើឡើងក្រោយពីមេធាវីការពារក្ដីរបស់លោកបានដាក់ពាក្យប្ដឹងជំទាស់ទៅនឹងការចោទប្រកាន់របស់ចៅក្រមស៊ើបសួរនៃតុលាការខេត្តកោះកុង។
សកម្មជនបរិស្ថានរូបនេះឲ្យដឹងទៀតថាលោកបានណែនាំទៅមេធាវីឲ្យស្នើទៅសាលាឧទ្ធរណ៍ដើម្បីលើកពេលសវនាការ ដោយលោកបញ្ជាក់ថាដោយសារលោកនៅមិនទាន់ទទួលបានការអនុញ្ញាតឲ្យចូលទៅកាន់ប្រទេសកម្ពុជានៅឡើយ។ លោកថា លោកក៏បានណែនាំទៅមេធាវីរបស់លោកថា ករណីសាលាឧទ្ធរណ៍មិនព្រមតាមសំណើនេះ មេធាវីមិនត្រូវចូលក្នុងសវនាការតំណាងរូបលោកនោះទេ។
លោក អាឡិច ឲ្យដឹងដែរថាលោកគ្រោងធ្វើដំណើរទៅកាន់ទីក្រុងបាងកកដើម្បីស្នើសុំទិដ្ឋាការជាលើកទី២ពីស្ថានទូតខ្មែរនៅទីនោះ។
កន្លងទៅ លោក អាឡិច បានឲ្យដឹងថាលោកបានស្នើរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង សុំទិដ្ឋាការចូលមកកម្ពុជាវិញដើម្បីចូលរួមសវនាការបំភ្លឺនៅខេត្តកោះកុង។ ប៉ុន្តែលោកថាក្រសួងមហាផ្ទៃបានបដិសេធមិនទទួលលិខិតនោះ។
គួរបញ្ជាក់ថាសកម្មជនចលនាមាតាធម្មជាតិ៣នាក់រួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៥ ដោយចោទប្រកាន់ពីបទគំរាមកំហែងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ហើយលោក អាឡិច ត្រូវតុលាការខេត្តកោះកុងចោទលោកពីបទសមគំនិត។
កន្លងទៅ លោក អាឡិច បានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយសម្រួលឲ្យលោកបានវិលត្រឡប់មកកម្ពុជាវិញ។ លោកបានហៅការចោទប្រកាន់របស់តុលាការថាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់។ លោក អាឡិច មានប្រសាសន៍ថា៖ “ខ្ញុំសូមបញ្ជាក់ថាខ្ញុំមិនគេចវេស ហើយខ្ញុំរីករាយក្នុងការចូលរួមក្នុងសវនាកាដើម្បីបំភ្លឺទៅនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ…ដូច្នេះខ្ញុំសូមអំពាវនាវដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយសម្រួលឲ្យខ្ញុំបានចូលបំភ្លឺនៅតុលាការ”។
សព្វថ្ងៃនេះ លោក អាឡិច ត្រូវរដ្ឋាភិបាលកម្ពុជាបញ្ចូលក្នុងបញ្ជីខ្មៅ ហាមមិនឲ្យចូលប្រទេសកម្ពុជានោះទេ បន្ទាប់ពីជនជាតិអេស្បាញរូបនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជាភ្លាមៗ។ ការចាប់បញ្ជូនខ្លួនលោក អាឡិច ធ្វើឡើងបន្ទាប់ពីលោកបានចូលរួមយ៉ាងសកម្មប្រឆាំងនឹងការធ្វើទំនប់វារីអគ្គិសនីតំបន់អារ៉ែងនិងការបូមខ្សាច់នៅខេត្តកោះកុង។
លោក អាឡិច បានមករស់នៅលើទឹកដីកម្ពុជានេះជាង១០ឆ្នាំនិងចេះនិយាយភាសាខ្មែរបានយ៉ាងច្បាស់លាស់ព្រមទាំងបានបង្កើតសមាគមការពារព្រៃឈើមួយឈ្មោះថាមាតាធម្មជាតិដែលមានសមាជិកភាគច្រើនជាជនជាតិដើមភាគតិចនៅតំបន់អារ៉ែង៕