រដ្ឋាភិបាលបានសម្រេចផ្លាស់ប្តូរ លោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ដោយដាក់ជំនួសអគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយមន្រ្តីក្រសួងមហាផ្ទៃបញ្ជាក់ថាដោយសារកត្តាសុខភាព។
ព្រះរាជក្រឹត្យចុះថ្ងៃទី៣១ខែមីនា ឆ្នាំ២០១៦ ព្រះមហាក្សត្របានតែងតាំងលោក ចាន់ គីមសេង អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ទៅជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូឌី(VOD)ថាមូលហេតុដែលនាំឲ្យមានការផ្លាស់ប្តូរតំណែងនេះគឺមកពីប្រធានពន្ធនាគារបច្ចុប្បន្ន គឺលោក គុយ ប៊ុនសន មានបញ្ហាសុខភាព។ លោកបន្ថែមថា៖ “ឯកឧត្តម គុយ ប៊ុនសន គាត់ដូចជាមានជំងឺប្រចាំកាយ ហើយលោកញឹកញាប់លោកតែងចេញទៅព្យាបាល សំខាន់គឺបញ្ហាសុខភាពគាត់ទេ បានអានេះអត់អីទេ”។ លោកបន្តថាក្រសួងមិនទាន់កំណត់ពេលរៀបចំពិធីតែងតាំងតំណែងប្រធានអគ្គនាយកពន្ធនាគារថ្មីនេះនៅឡើយទេ។ លោកបញ្ជាក់ថាចំពោះប្រធានពន្ធធនាគារបច្ចុប្បន្ន ក្រសួងមិនទាន់បានចាត់ចែងឲ្យទៅកាន់តំណែងណាមួយផ្សេងនៅឡើយទេ។
វីអូឌីមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក គុយ ប៊ុនសន បាននៅឡើយទេ។ លោក ចាន់ គីមសេង មានប្រសាសន៍ថាលោកបានដឹងពីការសម្រេចតែងលោកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ តែលោកថាលោកមិនដឹងថាតើពិធីផ្លាស់ប្តូរតំណែងនឹងត្រូវធ្វើនៅពេលណានោះទេ។ លោកបញ្ជាក់ថាលោកបានបំពេញការងារជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជិត២ឆ្នាំមកហើយ។
កាលពីថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៦ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌និងប្រធានពន្ធនាគារត្រូវធ្វើការឲ្យបានម៉ត់ចត់ទៅលើទណ្ឌិតដែលជាប់ទោសដោយសារប្លន់និងគ្រឿងញៀន មុនពេលដាក់ឲ្យលោកចុះហត្ថលេខាដាក់ថ្វាយព្រះមហាក្សត្រលើកលែងទោស។ លោកបានលើកឡើងថានៅពេលដាក់ឈ្មោះទណ្ឌិតណាដែលត្រូវលើកលែងទោស លោកស្នើឲ្យប្រាប់រូបលោកថាតើទណ្ឌិតណាជាប្រភេទចោរនិងគ្រឿងញៀន។ លោកបន្តថាលោកនឹងចំណាយពេលដើម្បីពិនិត្យមើលឯកសារទាំងនោះ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ “ខ្ញុំទុកចិត្តលើរដ្ឋមន្រ្តីយុត្តិធម៌ រដ្ឋមន្រ្តីយុត្តិធម៌ទុកចិត្តលើនាយកពន្ធនាគារ ចេះតែទុកចិត្តបន្តគ្នាអញ្ចឹងទៅ ដល់ទីចុងបំផុត អាពួកក្រុមចោរទាំងហ្នឹង ចេញមកប្លន់ដដែលៗ អញ្ចឹងធ្វើម៉េចវាអស់ចោល”។ លោកបន្ថែមថា៖ “អាមុខចោរដដែលៗ រឿងវាងើបឡើងលើកទីបីហើយ មុខចោរដដែលៗ គឺអាចោរចូលគុក មិនដែលជាប់គុកបានយូរទេ…។ អាអ្នកប្លន់ហ្នឹងគឺថាចេញតែពីគុក អញ្ចឹងសូមមើលឡើងវិញ ខ្ញុំនិយាយសាជាថ្មី ពីមុនខ្ញុំប្រើពាក្យថាខ្ញុំប្រើកណ្តាប់ដៃដែករបស់ខ្ញុំ ដើម្បីប្រឆាំងនឹងរឿងនេះ។ ឥឡូវឲ្យតែប្រភេទចោរនិងពួកគ្រឿងញៀន វាចេញពីគុកដូចស្រួលពេកហ្មង។ ហើយអាហ្នឹងចេញមកបង្ករឿង។ ពីមុនវាត្រឹមប្លន់ អត់ទាន់ហ៊ានសម្លាប់មនុស្ស តែវាចេញលើកក្រោយវាហ៊ានសម្លាប់មនុស្ស”។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៥ដែលធ្វើនៅថ្ងៃទី០១ខែកុម្ភៈ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន មានប្រសាសន៍ថាការចរាចរណ៍និងជួញដូរគ្រឿងញៀននៅតែមានការកើនឡើងខ្ពស់ជាក់ស្ដែងដូចជាមានការចែកចាយគ្រឿងញៀននៅក្នុងមណ្ឌលឃុំឃាំងនិងមណ្ឌលកែប្រែផងដែរ។ លោកបន្ថែមថា៖ “បានន័យថាទីផ្សារគ្រឿងញៀនវានៅតែស្ថិតក្នុងទីផ្សារដដែលចំនួននេះនៅដដែលហើយមិនដឹងថាតួលេខក្នុងពន្ធនាគារជាង៥០០០នោះ តើមានអ្នកញៀនប៉ុន្មាននាក់នៅក្នុងហ្នឹង។ បើតាមខ្ញុំដឹងកន្លែងខ្លះក៏មានលក់គ្រឿងញៀនដែរនៅពន្ធនាគារ ប៉ុន្តែនៅក្នុងមណ្ឌលអប់រំកែប្រែក៏មានលក់គ្រឿងញៀនដែរជាក់ស្ដែងនៅរាជធានីភ្នំពេញទៅមណ្ឌលឱកាសខ្ញុំ គាត់ទៅសួរសុខទុក្ខ យកគ្រឿងញៀនហ្នឹងទៅដាក់ក្នុងអាហារឲ្យអ្នកក្នុងមណ្ឌល”៕ រាយការណ៍បន្ថែមដោយ ស៊ុន ណារិន