រដ្ឋាភិបាលអាមេរិក បានអះអាងនៅក្នុងរបាយការណ៍សិទ្ធិមនុស្សថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សជាច្រើនករណី និងថា ឃាតកម្មអ្នកវិភាគ លោកបណ្ឌិត កែម ឡី គឺមានហេតុផលនយោបាយនៅពីក្រោយ ប៉ុន្ដែ មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាច្រានចោលរបាយការណ៍នេះ។
ក្នុងរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជាសម្រាប់ឆ្នាំ២០១៧ ដែលមានកម្រាស់ដល់ទៅ ៣៩ទំព័រ ចេញផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រសួងការបរទេសអាមេរិកលើកឡើងថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាច្រើនករណី ដូចជា ការសម្លាប់ជីវិតមនុស្សក្រៅប្រព័ន្ធច្បាប់ ការរំលោភសិទ្ធិអ្នកទោសក្នុងពន្ធនាគារ ការចាប់ចងមនុស្សទាំងខុសច្បាប់ពីសំណាក់រដ្ឋាភិបាល ការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទាំងកណ្ដាលយប់ដោយគ្មានដីកាតុលាការ ការរំលាយគណបក្សប្រឆាំង ការរឹតត្បិតសិទ្ធិបញ្ចេញមតិ ការប្រមូលផ្ដុំ និងជួបជុំគ្នាដោយសេរី អំពើពុករលួយ និងការរំលោភច្បាប់ការងារជាដើម។
អ្នកវិភាគនយោបាយល្បីឈ្មោះ លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅស្ដារម៉ាតមួយកន្លែងក្បែរស្ដុបបូកគោ រាជធានីភ្នំពេញ កាលពីខែកក្កដាឆ្នាំ២០១៦។ អាជ្ញាធរកម្ពុជា បានចាប់ខ្លួនបុរសម្នាក់ប៉ុណ្ណោះ ឈ្មោះ អឿត អាង ហៅខ្លួនឯងថា «ជួប សម្លាប់» ដោយកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត។
ក្នុងរបាយការណ៍នោះ ក្រសួងការបរទេសអាមេរិកហៅករណីឃាតកម្មនេះថា ធ្វើឡើងក្រោមហេតុផលនយោបាយ និងមានជាប់ពាក់ព័ន្ធនឹងអាជ្ញាធរកម្ពុជា។ ក្រសួងការបរទេសអាមេរិកបន្ដថា ក្រោយកើតឃាតកម្មលោក កែម ឡី មន្ដ្រីសន្ដិសុខនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បានចាប់ខ្លួនព្រះសង្ឃមួយអង្គព្រះនាម «មាស វិចិត្រ»និងតាអាចារ្យម្នាក់ កាលពីថ្ងៃទី១៨ ខែមិថុនាឆ្នាំមុន ហើយនៅតែបាត់ខ្លួននៅឡើយមកទល់ពេលនេះ បន្ទាប់ពីព្រះសង្ឃអង្គនេះ បានដឹងព័ត៌មានរឿងឃាតកម្មលោក កែម ឡី។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ VOD បានច្រានចោលការលើកឡើងបែបនេះរបស់ក្រសួងការបរទេសអាមេរិក ដោយថា អាជ្ញាធរកម្ពុជា បានរកឃើញឃាតករសម្លាប់លោក កែម ឡី រួចហើយ ដែលមានឈ្មោះ «ជួប សម្លាប់»។
លោកថា៖ «ឃាតកម្មនេះ គេមិនធ្វើអញ្ចឹងទេ គេមិនថោកទាបរបៀបហ្នឹងទេ ទៅសម្លាប់មនុស្សម្នាក់។ តើបានប្រយោជន៍អីតាំងពីងាប់ កែម ឡី ទៅ មានបានអី គេចោទប្រកាន់តែរហូតហ្នឹង មិនមែនទេ មានបាតដៃទី៣មួយទៀត តែមិនដឹងអ្នកណា ហើយយើងកំពុងធ្វើកិច្ចការហ្នឹង ហើយបើតាមតែនេះ គឺស្ដាប់ប្រសាសន៍សម្ដេចតេជោទៅ»។
ក្នុងពិធីជួបជាមួយក្រុមអ្នកគាំទ្រនៅប្រទេសអូស្ដ្រាលីកាលពីថ្ងៃទី១៦មីនាកន្លងទៅ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បែរជាដាក់ការសង្ស័យថា ករណីឃាតកម្ម លោក កែម ឡី កាលពី២ឆ្នាំមុននោះ អាចមានជាប់ពាក់ព័ន្ធចារកម្មរបស់អាមេរិក។
ថ្លែងពីខេត្តកំពង់ធំ កាលពីថ្ងៃទី១៨មីនា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt បានប្រកាសច្រានចោល ដោយថា ជាការចោទប្រកាន់ដ៏ឆ្កួតលីលា និងជាការវាយប្រហារលើរដ្ឋាភិបាលសហរដ្ឋអាមេរិកប៉ុណ្ណោះ។
របាយការណ៍ស៊ើបអង្កេតរបស់សារព័ត៌មាន Al Jazeera ចេញផ្សាយកាលពីខែមករាឆ្នាំ២០១៧ បានបង្ហាញថា ប្រភព និងសាក្សីជាច្រើនក្នុងខេត្តសៀមរាប បានរៀបរាប់ឲ្យដឹងថា បុរសឈ្មោះ «អឿត អាង» ត្រូវបានគេហៅទៅជួបប្រជុំជាមួយមន្ដ្រីថ្នាក់ស្រុក និងមន្ដ្រីយោធាជាន់ខ្ពស់មួយចំនួន ពោលគឺប្រហែលមួយសប្ដាហ៍ មុនកើតឃាតកម្មលើលោក កែម ឡី៕