ប្រធានអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស បានបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះរដ្ឋអំណាចយោធាថៃ ដែលបង្កើតច្បាប់កាន់តែច្រើនក្នុងការគ្រប់គ្រងជនស៊ីវិល ដូចជាការរៀបចំបម្រាមគោចរនិងការរៀបចំខ្លឹមសារសេចក្តីព្រាងរដ្ឋធម្មនុញ្ញរិតត្បិតសេរីភាពពលរដ្ឋជាដើម។
បើតាមគេហទំព័ររបស់អង្គការសហប្រជាជាតិចុះផ្សាយកាលពីថ្ងៃទី២២ខែមេសាលើកឡើងថា ការបើកចំហការជជែកជាសាធារណៈលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញ អាចធ្វើឲ្យមានឯកភាពជាតិ ពង្រឹងបានភាពស្របច្បាប់ និង ការអាចទទួលយកបាននៃរដ្ឋធម្មនុញ្ញ។
ប្រធានអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Zeid Ra’ad Al Hussein ថ្លែងថាលោកជំរុញឲ្យរដ្ឋាភិបាលថៃធ្វើសកម្មភាពលើកទឹកចិត្តឲ្យមានការចូលរួម ប្រសើរជាងការរារាំងក្នុងការជជែកលើសេចក្តីព្រាងនៃរដ្ឋធម្មនុញ្ញ។ លោកថាជំហាននេះមានសារៈសំខាន់ក្នុងការបង្កើតច្បាប់ដែលនាំឲ្យមានសាមគ្គីភាពសម្រាប់ស្ថិរភាពលទ្ធិប្រជាធិបតេយ្យមួយនៅក្នុងប្រទេសថៃ។
ទោះយ៉ាងណាអង្គការសហប្រជាជាតិបានរិះគន់យ៉ាងខ្លាំងលើដំណើរការសេចក្តីព្រាងរដ្ឋធម្មនុញ្ញថៃ ដែលឈានដល់ការឃាត់ខ្លួន ឃុំខ្លួន និងធ្វើទុក្ខបុកម្នេញលើអ្នកនៅកណ្តាលដែលហ៊ានរិះគន់លើសេចក្តីព្រាង។
រដ្ឋាភិបាលយោធាថៃបានឃាត់ខ្លួនអតីតរដ្ឋមន្ត្រីនិងជាមន្ត្រីជាន់ខ្ពស់គណបក្សភឿថៃនិងសកម្មផ្សេងៗទៀតដែលបានរិះគន់លើសេចក្តីព្រាងនៃរដ្ឋធម្មនុញ្ញនេះ៕