មេដឹកនាំបក្សកាន់អំណាច បានអះអាងថា លេខរៀងចុងក្រោយគេនៅលើសន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋបោះឆ្នោតជូនបក្សនេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានចាប់ឆ្នោតជ្រើសរើសលេខរៀងគណបក្សនយោបាយទាំង ២០គណបក្សដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។
លទ្ធផលនៃការចាប់ឆ្នោតលេខរៀងគណបក្ស បង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតនៅលេខរៀងទី២០ ដែលជាលេខរៀងចុងក្រោយគេនៃសន្លឹកឆ្នោត។
បន្ទាប់ពីការចាប់ឆ្នោតលេខរៀងគណបក្សហើយនោះ លោក ហ៊ុន សែន ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥មកនោះ បានរៀបរាប់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា គណបក្សលោកត្រូវចាប់លេខរៀងបានលេខទី២០ ដែលលោកថា ជាលេខងាយស្រួលចំណាំដល់ពលរដ្ឋទូទាំងប្រទេស។
បើតាមលទ្ធផលនៃការចាប់ឆ្នោតលេខរៀងគណបក្សនយោបាយដដែល លេខរៀងទី៤ ដែលបក្សកាន់អំណាចធ្លាប់កាន់កាប់អំឡុងការបោះឆ្នោតជាតិឆ្នាំ២០១៣នោះ បានទៅគណបក្សសញ្ជាតិកម្ពុជា ខណៈដែលលេខរៀងទី៧ ដែលធ្លាប់កាន់កាប់ដោយអតីតគណបក្សសង្គ្រោះជាតិនោះ បានទៅគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
ក្រៅពីនេះ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ បានលេខរៀងទី១ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ ស្ថិតនៅលេខរៀងទី៥ ខណៈដែលគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចដឹកនាំដោយសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ស្ថិតនៅលេខរៀងទី១៣៕