សមាគមមួយធ្វើការពាក់ព័ន្ធនឹងកម្មករក្រៅ បានជំរុញទៅអាជ្ញាធរឲ្យចាត់វិធានការទៅលើស្ត្រីម្ចាស់ផ្ទះម្នាក់ ដែលបានប្រើអំពើហឹង្សានារីបម្រើការងារនៅតាមផ្ទះ ដោយថា ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់កុមាររងគ្រោះ និងក្រុមគ្រួសារ។
នៅក្នុងវីដេអូឃ្លីបដែលបង្ហោះលើបណ្ដាញហ្វេសប៊ុក ក្មេងស្រី ថា ស្រីនូ អាយុ ១៦ឆ្នាំ បានរៀបរាប់ថា នាងត្រូវបានស្ត្រីដែលត្រូវជាថៅកែ វាយដំរាល់ថ្ងៃ ដោយថា ការវាយធ្វើបាបនេះអស់រយៈពេល ៤ឆ្នាំមកហើយ។
ក្រោយពីហេតុការណ៍នេះ ស្ត្រីម្ចាស់ផ្ទះម្នាក់ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន នៅភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ប៉ុន្តែ ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះ បណ្ដាញកម្មករធ្វើការតាមផ្ទះកម្ពុជា ដែលជាផ្នែកមួយនៃនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្កោលទោសចំពោះស្ត្រីម្ចាស់ផ្ទះ និងចាត់ទុកទង្វើរបស់ស្ត្រីរូបនោះថា វាធ្ងន់ធ្ងរ និងបានរំលោភ សិទ្ធិរបស់កុមារដែលប្រាកចាកពីច្បាប់ជាតិ និងអន្តរជាតិផងដែរ។
បណ្ដាញកម្មករធ្វើការតាមផ្ទះកម្ពុជា ស្នើទៅអាជ្ញាធរឲ្យចាត់វិធានការលើស្ត្រីម្ចាស់ផ្ទះទៅតាមច្បាប់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់កុមាររងគ្រោះនិងក្រុមគ្រួសារ និងជាគំរូសម្រាប់ម្ចាស់ផ្ទះដទៃទៀតកុំឲ្យប្រើអំពើហិង្សា និងការរំលោភសិទ្ធិទៅលើអ្នកធ្វើការតាមផ្ទះរបស់ខ្លួនបន្តទៀតផង។
អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ លោក ជា សុវណ្ណ ប្រាប់វីអូឌីនៅថ្ងៃនេះថា ស្ត្រីម្ចាស់ផ្ទះដែលជាជនជាតិខ្មែរកាត់ចិននោះ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការនៅថ្ងៃនេះ ប៉ុន្តែ លោកពុំបានប្រាប់ឈ្មោះស្ត្រីរូបនោះឡើយ។
មន្ត្រីនគរបាលរូបនេះ បានឲ្យដឹងទៀតថា ស្ត្រីរូបនោះ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានវាយដំទៅលើក្មេងស្រីរូបនោះ ដោយសារតែក្មេងស្រីនោះធ្វើការមិនល្អ និងមិនទាន់តាមចិត្តរបស់ខ្លួន។
ថា ស្រីនូ អាយុ ១៦ឆ្នាំ កុមារីដែលបម្រើតាមផ្ទះ ដែលរងការវាយធ្វើបាប
របាយការណ៍អង្គការទស្សនៈពិភពលោក បានឲ្យដឹងថា កុមារ ៧៥ភាគរយនៅក្នុងប្រទេសកម្ពុជា ទទួលរងនូវអំពើហិង្សាយ៉ាងហោចណាស់មួយទម្រង់ នៅមុនពេលពួកគេមានអាយុ ១៨ឆ្នាំ ខណៈដែលកុមារកម្ពុជាច្រើនជាង ៥០ភាគរយ ទទួលរងនូវអំពើហិង្សាលើរូបរាងកាយ ២៥ភាគរយ ទទួលរងអំពើហិង្សាផ្នែកផ្លូវចិត្ត និងប្រមាណជា ៥ភាគរយទៀត ទទួលរងនូវអំពើហិង្សាផ្នែកផ្លូវភេទ។
បើតាមអង្គការយូនីសេហ្វ កម្ពុជាចំណាយប្រាក់យ៉ាងហោចណាស់ ១៦៨លានដុល្លារក្នុងមួយឆ្នាំ ឬជាង ១ភាគរយនៃផលិតផលក្នុងស្រុកសរុប សម្រាប់ដោះស្រាយផលវិបាកផ្នែកសុខភាព ដែលកើតចេញពីអំពើហិង្សាលើកុមារ៕