អតីតទីស្នាក់ការរបស់បក្សប្រឆាំង ត្រូវបានប្រែក្លាយទៅជាទីស្នាក់ការបក្សនយោបាយថ្មី ដែលត្រូវបានបង្កើតឡើងដោយកូនប្រុសម្នាក់របស់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង។
នៅលើទំព័រហ្វេសបុករបស់ខ្លួនកាលពីថ្ងៃទី០១ ខែមិថុនានេះ គណបក្សឆន្ទៈខ្មែររបស់លោក គង់ មុនីកា កូនប្រុសលោក គង់ គាំ ដែលជាមេដឹកនាំជាន់ខ្ពស់ម្នាក់នៃគណបក្ស សម រង្ស៊ី នោះ បានរៀបរាប់ថា ស្នាក់ការ ៧១ ដែលធ្លាប់ជាទីស្នាក់ងារកណ្ដាលរបស់គណបក្ស សម រង្ស៊ី ចន្លោះពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១២នោះ បានក្លាយជាទីស្នាក់ការកណ្ដាលរបស់គណបក្សឆន្ទៈខ្មែរ។
គណបក្ស សម រង្ស៊ី ដែលក្រោយមកបានកែប្រែឈ្មោះទៅជាគណបក្សភ្លើងទៀននោះ បានបង្កើតទីស្នាក់ការកណ្ដាលរបស់ខ្លួននៅលើដីឡូតិ៍ស្ថិតផ្ទះលេខ ៧១ ដែលជាកម្មសិទ្ធិរបស់លោក គង់ គាំ មុននឹងបក្សនេះបានរួបរួមគ្នាជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា បង្កើតគណបក្សសង្គ្រោះជាតិ ហើយបង្កើតទីស្នាក់ការកណ្ដាលនៅតាមបណ្ដោយផ្លូវជាតិលេខ ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ។
លោក គង់ គាំ ដែលជាធ្លាប់ជាប្រធានគណបក្ស សម រង្ស៊ី នៅក្រោយពេលលោក សម រង្ស៊ី ទៅដឹកនាំអតីតគណបក្សសង្គ្រោះជាតិនោះ បានស្នើយកដីឡូតិ៍នេះត្រឡប់មកវិញនៅឆ្នាំ២០១១កន្លងមក៕