មាត់ទន្លេមុខព្រះបរមរាជវាំងគឺជាទីកន្លែងដ៏ពេញនិយមសម្រាប់ប្រជាជនដែលកំពុងរស់នៅរាជធានីភ្នំពេញ មកអង្គុយជជែកគ្នាលេងកម្សាន្ត ដើរហាត់ប្រាណ ហាត់ប្រាណជាមួយបទភ្លេង ឬហាត់ប្រាណជាមួយឧបករណ៍ដែលបានដាក់អោយប្រើជាសាធារណៈ។ ងាកទៅមើលជ្រុងម្ខាងនៃព្រះបរមរាជវាំងដែលជាប់នឹងសាលចតុមុខ អ្នកនឹងឮសំឡេងអ្នកលក់ផ្កាឈូក ទៀនធូប ស្លាធម៌ ទ្រហឹងអឺងកងហៅភ្ញៀវដែលកំពុងតែស្វែងរកទិញវត្ថុទាំងនោះមកធ្វើជាគ្រឿងសក្ការៈថ្វាយព្រះអង្គដងកើ អោយមកជាវរបស់ខ្លួន។
ទោះបីជាមានទីកន្លែងសម្រាប់លំហែស្រស់ស្អាតបែបនេះយ៉ាងណាក្តី សំរាមនៅតែជាបញ្ហាដ៏ស្មុគស្មាញនៅក្នុងសង្គមមួយនេះ។ ក្រឡេកមើលនៅតាមមាត់ទឹកវិញនោះ នឹងបានឃើញសំរាមជាច្រើនដែលមានដូចជា ថង់ប្លាស្ទិក ប្រអប់បាយ គ្រឿងសក្ការៈ និងសម្រាមរឹងជាច្រើនទៀតត្រូវបានគេបោះចោលអណ្តែតពាសពេញផ្ទៃទន្លេ ព្រមទាំងមានជះក្លិនអសោចភាយៗមកថែមទៀត។
មតិសាធារណៈមួយចំនួនបានបន្ទោសអ្នកដែលមកកំសាន្តនៅទីនោះ ដែលបោះចោលសំរាមផ្តេសផ្តាស ដោយគ្មានការខ្មាសអៀន ខណៈមតិខ្លះទៀតបន្ទោសអាជ្ញាធរ ដែលមិនបានធ្វើការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋឲ្យយល់ដឹងពីការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ហើយម្យ៉ាងវិញទៀត មិនទាន់មានធុងសម្រាមដាក់ពង្រាយគ្រប់គ្រាន់។
គីម ដាវីត អាយុ ២០ឆ្នាំ និស្សិតឆ្នាំទី៥នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលតែងតែមកអង្គុយលេងកម្សាន្តបានឲ្យដឹងដែរថា បញ្ហាសម្រាមនេះគឺអាចមកពីអាជ្ញាធរមិនសូវសម្អាត គួបផ្សំជាមួយនិង កង្វះអនាម័យរបស់ប្រជាជនដែលមកកម្សាន្ត។
គីម ដាវីត និស្សិតឆ្នាំទី៥នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
ដាវីតបានបន្តទៀតថា ប្រជាជនគួរតែដឹងអំពីឥរិយាបថរបស់ខ្លួនទាក់ទិននឹងអនាម័យតាមទីសារធារណៈ ដោយគួរតែមានទំនួលខុសត្រូវខ្ពស់ក្នុងការទុកដាក់សំរាមដែលពួកគាត់បានប្រើប្រាស់ហើយ។
និស្សិតវ័យ២០ឆ្នាំម្នាក់ទៀតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទី កញ្ញា យល់ថាការចូលរួមរបស់ប្រជាពលរដ្ឋទូទៅពិតជាមិនអាចខ្វះបាននោះទេ បើទោះជាការសម្អាតកន្លែងកម្សាន្តសាធារណៈទាំងនោះជាទំនួលខុសត្រូវរបស់អាជ្ញាធរក៏ដោយ។
និស្សិតវ័យ២០ឆ្នាំម្នាក់ទៀតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទី កញ្ញា
សន្តិសុខខណ្ឌដូនពេញម្នាក់ដែលកំពុងប្រចាំការនៅគោលដៅច្រាំងទន្លេបានប្រាប់អ្នកយកព័ត៌មានវីអូឌីថា សាលាក្រុងភ្នំពេញក៏ដូចជាសាលាខណ្ឌដូនពេញបានយកចិត្តទុកដាក់យ៉ាងខ្លំាងចំពោះបញ្ហាអនាម័យនៅម្តុំនោះ ប៉ុន្តែគួរអោយសោកស្តាយ ដែលប្រជាពលរដ្ឋមកកម្សាន្តហាក់ដូចមិនសូវសហការដើម្បីឲ្យបរិស្ថាននៅទីនោះប្រសើរ។
អង្គុយសម្លឹងមើលភ្ញៀវទេសចរណ៍បណ្តើរ ហៅម៉ូយថតរូបបណ្តើរ លោក ថន លីន ជាអ្នកថតរូបនៅមុខព្រះមរមរាជវាំងវិញ បានអោយដឹងថា អនាម័យនៅម្តុំនេះនៅមានកម្រិតដោយសារតែទាំងអ្នកលក់និងអ្នកដើរកម្សាន្តមិនបានចូលរួមថែរក្សាបរិស្ថាននិងអនាម័យ។គាត់បានឲ្យដឹងទៀតថាសម្មភាពការងាររបស់អាជ្ញាធរមានជារៀងរាល់ថ្ងៃមិនដែលខាននោះឡើយ ពោលគឺពួកគាត់មកបោសនិងបាញ់ទឹកសម្អាតជារៀងរាល់ថ្ងៃ។
លោក ថន លីន ជាអ្នកថតរូបនៅមុខព្រះមរមរាជវាំង
អ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ម៉េត មាសភក្តី បានមានប្រសាសន៍ថា សាលារាជធានីភ្នំពេញយកចិត្តទុកដាក់ជាមួយបញ្ហាសម្រាមនេះយ៉ាងខ្លាំងជាពិសេសច្រាំងទន្លេ ដោយសហការជាមួយក្រុមហ៊ុនឯកជនផងដែរ។
អ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ម៉េត មាសភក្តី
លោកបានបន្តអោយដឹងថាខាងសាលាក្រុងមានសន្តិសុខខណ្ឌក៏ដូចជាសន្តិសុខតំបន់ច្រាំងទន្លេ ហើយជារឿយៗតែងតែចុះទៅផ្សព្វផ្សាយអប់រំដល់ប្រជាជននៅតំបន់នោះ ក៏ដូចជាតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ឲ្យយល់ដឹងពីការថែរក្សាអនាម័យតាមរមណីយដ្ឋានក៏ដូចជាការថែរក្សាអនាម័យទូទៅ។
នៅឆ្នាំ២០១៥ រដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពី ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនហើយក្នុងមាត្រា៤២ បានចែងថា ចំពោះអ្នកដំណើរ អ្នកទេសចរណ៍ណាដែលបានបោះសម្រាម សំណល់រឹងទីប្រជុំជននៅលើទីសាធារណៈ តាមដងផ្លូវ ទីវាលដីកម្មសិទ្ធ ឬកន្លែងដែលរដ្ឋបាលរាជធានី ក្រុង ស្រុក ខ័ណ្ឌ ហាមឃាត់ការបោះចោលសម្រាម សំណល់រឹងទីប្រជុំជន ត្រូវទទួលការពិន័យ ២០.០០០ រៀល ហើយត្រូវប្រមូល សំអាត យកទៅដាក់ធុងសំរាមសាធារណៈ។
ឆ្លើយតបទៅនឹងការអនុវត្តអនុក្រឹត្យនេះដែរ លោក មាសភក្តី បានប្រាប់ថា អាជ្ញាធរបាននឹងកំពុងផ្សព្វផ្សាយអប់រំពលរដ្ឋអំពីការទុកដាក់សម្រាម តែត្រូវការពេលវេលាដើម្បីអប់រំ និងផ្លាប់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋ មុនឈានដល់ការផាកពិន័យ។
អ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ម៉េត មាសភក្តី
វីអូឌីមិនអាចទាក់ទងសុំការបំភ្លឺពី លោក សៅ សុភាពអ្នកនាំពាក្យក្រសួងបរិស្ថាន បានឡើយ។
យោងតាមរបាយការណ៍ក្រុមហ៊ុនស៊ីនទ្រីបានបង្ហាញថា ក្នុងមួយថ្ងៃក្រុមហ៊ុនប្រមូយសំរាមជាង២០០០តោន នៅក្នុងទីក្រុងភ្នំពេញ។