ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងនៅថ្ងៃអង្គារនេះហាក់ដូចជាព្យាយាមសាកល្បងបាញ់គ្រាប់មីស៊ីលថ្មីមួយទៀតដែលរំលោភទៅនឹងសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ប៉ុន្តែការសាកល្បងនោះបរាជ័យ។
វិធានការរបស់អង្គការសហប្រជាជាតិបានហាមឃាត់កូរ៉េខាងជើងមិនឲ្យប្រើប្រាស់បច្ចេកវិទ្យាគ្រាប់មីស៊ីលនោះឡើយ ប៉ុន្តែប្រទេសនេះនៅតែបាញ់សាកល្បងគ្រាប់មីស៊ីលរយៈចម្ងាយខ្លីចូលទៅក្នុងសមុទ្រនៅភាគខាងកើតប្រទេស។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថាក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថាការសាកល្បងនោះ បានធ្វើឡើងនៅប្រហែលម៉ោង៤ៈ២០នាទីព្រឹកថ្ងៃនេះនៅជិតទីក្រុងកំពង់ផែវ៉ុនសាន ដែលស្ថិតនៅភាគខាងកើតប្រទេស។
ក្រសួងនេះពុំបានបញ្ជាក់លម្អិតអំពីប្រភេទគ្រាប់មីស៊ីលនោះឡើយ ប៉ុន្តែទីភ្នាក់ងារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថានោះគឺជាគ្រាប់មីស៊ីលរយៈចម្ងាយមធ្យមឈ្មោះ Musudan។
ភាពតានតឹងបានបន្តកើតមាននៅឧបទ្វីបកូរ៉េចាប់តាំងពីក្រុងព្យុងយ៉ាងបានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៤កាលពីខែមករាកន្លងមកនិងបន្ទាប់ពីរបបឯកោមួយនេះបន្តបាញ់គ្រាប់មីស៊ីលជាបន្តបន្ទាប់៕