រដ្ឋាភិបាលអាមេរិកបង្កកទ្រព្យសម្បត្តិមេអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយថាមេអង្គរក្សរូបនោះពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងប្រព្រឹត្តអំពើពុករលួយ។
ក្នុងសេចក្តីប្រកាសរបស់ក្រសួងរតនាគារអាមេរិកចេញផ្សាយកាលពីម្សិលមិញលើកឡើងថា លោក ហ៊ីង ប៊ុនហៀង ជាមេបញ្ជាការកងអង្គរក្សនាយករដ្ឋមន្ត្រីកម្ពុជាដែលជាអង្គភាពមួយនៅក្នុងកងយោធពលខេមរភូមិន្ទ ជាប់ពាក់ព័ន្ធក្នុងការបញ្ជាឲ្យអង្គរក្សវាយប្រហារជាច្រើនទៅលើប្រជាជនកម្ពុជា ដែលមិនមានអាវុធក្នុងរយៈពេលជាច្រើនឆ្នាំ រួមទាំងឆ្នាំ ២០១៣ នៅវត្តភ្នំ និងឆ្នាំ ២០១៥ នៅមុខរដ្ឋសភាជាដើម។
សេចក្តីប្រកាសនោះបញ្ជាក់ថា កាលពីឆ្នាំ២០១៥ អង្គរក្សលោកនាយករដ្ឋមន្ត្រីកម្ពុជា៣នាក់ ប៉ុណ្ណោះ ត្រូវបានគេបញ្ជូនទៅដាក់ពន្ធនាគារ បន្ទាប់ពីពួកគេបានសារភាពថា បានចូលរួមក្នុងការវាយប្រហារលើសមាជិកសភាគណបក្សប្រឆាំង។ ករណីនេះអាមេរិកសម្រេចបង្កកទ្រព្យសម្បត្តិលោក ហ៊ីង ប៊ុនហៀង ដោយចាត់ទុកថា រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងពាក់ព័ន្ធអំពើពុករលួយ។
វីអូឌីព្យាយាមទាក់ទងទៅ លោក ហ៊ីង ប៊ុនហៀង ផ្ទាល់ ទាក់ទងទៅអ្នកនាំពាក្យក្រសួងការបរទេសរបស់កម្ពុជា និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប៉ុន្តែពួកគេខ្លះប្រាប់ថា ជាប់រវល់និងខ្លះទៀតមិនលើកទូរសព្ទ។
ក្នុងសេចក្តីប្រកាសរបស់រតនាគារអាមេរិកកាលពីម្សិលមិញ ក្រៅពីការបង្កកទ្រព្យសម្បត្តិមេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្កកទ្រព្យសម្បត្តិលោក ហ្វេលីស រ៉ាម៉ុន ប៉ូតីស្តា រ៉ូសារ៉ា (Felix Ramon Bautista Rosario) សមាជិកព្រឹទ្ធសភារបស់សាធារណរដ្ឋដូមីនិកដែរ។
ការដាក់ទណ្ឌកម្មនេះ ដោយផ្អែកលើច្បាប់សិទ្ធិមនុស្សហ្គូប៊ល ម៉ាញីតស្គី(Global Magnitsky)ដែលបង្កើតឡើងកាលពីឆ្នាំ២០១៦ អនុញ្ញាតឲ្យអាមេរិកដាក់ទណ្ឌកម្មលើជនណាដែលប្រព្រឹត្តអំពោះពុករលួយនិងរំលោភសិទ្ធិមនុស្ស។
ប្រធានក្រុមអ្នកវិភាគវ័យក្មេងលោក ហង្ស វិទូ មានប្រសាសន៍ថា អាមេរិកបង្កកទ្រព្យសម្បត្តិលើមន្ត្រីពុករលួយ និងការរំលោភសិទ្ធិមនុស្សនៃបណ្តាប្រទេសផ្សេងៗនោះ មិនមានអ្វីចំឡែកទេ។ ប៉ុន្តែលោកថា ការបង្កកទ្រព្យសម្បត្តិលោក ហ៊ីង ប៊ុនហៀង ជាសារព្រមានមួយដល់អ្នកដឹកនាំកម្ពុជា ត្រូវប្រយ័ត្នប្រយ៉ែងក្នុងពេលបំពេញការងារ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេងលោក ហង្ស វិទូ
ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៧ បានអនុម័តសេចក្ដីសម្រេចមួយ ដែលនឹងដាក់បញ្ចូលមន្ដ្រីកម្ពុជា ដែលរងការចោទថា ជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សទៅក្នុងបញ្ជី ដែលគេឈប់ទាក់ទង ឬធ្វើពាណិជ្ជកម្មជាមួយ នឹងដាក់បញ្ចូលមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាទៅក្នុងបញ្ជីមួយ ដែលនឹងត្រូវគេបង្កកទ្រព្យសម្បត្តិជាដើម៕ លោក ណាត សុភាព