ក្រុមអង្គការសង្គមស៊ីវិលនិងពលរដ្ឋមួយចំនួនបានយកថ្ងៃខួប២ ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី ជំរុញឲ្យអាជ្ញាធរស្វែងរកអ្នកជាប់ពាក់ព័ន្ធផ្សេងទៀតមកផ្តន្ទាទោស ដោយពួកគេថា ករណីឃាតកម្មនេះ អាចជាប់ពាក់ព័ន្ធជាមួយអ្នកមានអំណាច។
នៅថ្ងៃនេះ អង្គការសង្គមស៊ីវិលនិងពលរដ្ឋ បាននាំគ្នាមកប្រមូលផ្ដុំនៅស្ដុបបូគោ ដែលជាកន្លែងខ្មាន់កាំភ្លើងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ។
លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងហាងស្តាម៉ាតមួយកន្លែង ស្ថិតក្នុងស្ថានីយ៍ប្រេងឥន្ទៈកាល់តិចជាប់ស្តុបបូកគោ កាលថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦ ក្រោយពីអ្នកវិភាគដ៏ល្បីរូបនោះបានវិភាគបន្ថែមលើរបាយការណ៍ស៊ើបអង្កេតរបស់អង្គការអន្តរជាតិមួយ ដែលលាតត្រដាងពីការក្តោបក្តាប់មុខជំនួញរបស់គ្រួសារ «ត្រកូលហ៊ុន» ។
រហូតមកដល់បច្ចុប្បន្ននេះ អាជ្ញាធរកម្ពុជាបានចាប់ខ្លួនបុរសម្នាក់ប៉ុណ្ណោះ ឈ្មោះ អឿត អាង ហៅខ្លួនឯងថា «ជួប សម្លាប់» ដោយកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត នៅក្នុងករណីឃាតកម្មលើអ្នកវិភាគល្បីឈ្មោះលោក កែម ឡី។