ក្រុមប្រទេសប្រជាធិបតេយ្យ នៅតែបន្តសម្ដែងនូវការខកចិត្តចំពោះការបោះឆ្នោតនៅកម្ពុជាដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ដោយថា ជាការបោះឆ្នោតមួយដែលមិនសេរីនិងយុត្តធម៌ត្រឹមត្រូវនោះទេ។
ក្រៅតែពីសហរដ្ឋអាមេរិក អូស្ដ្រាលី និងកាណាដា ដែលបានចេញសេចក្ដីថ្លែងការណ៍បង្ហាញពីការសោកស្ដាយចំពោះការបោះឆ្នោតសភានៅកម្ពុជាកាលថ្ងៃអាទិត្យកន្លងទៅ សហភាពអឺរ៉ុប បារាំង និងណូវេលសេឡង់ក៏បានចេញសេចក្តីថ្លែងការណ៍និយាយពីការបោះឆ្នោតនៅកម្ពុជាដូចគ្នានេះដែរ។
សេចក្តីថ្លែងការណ៍ពីទីក្រុងប្រ៊ូសែល ស្តីពីការបោះឆ្នោតទូទៅនៅកម្ពុជារបស់សហភាពអឺរ៉ុបដែលចេញកាលពីម្សិលមិញ លើកឡើងថា ការបោះឆ្នោតសកលនៅកម្ពុជាថ្ងៃទី២៩ ខែកក្កដា បានកើតឡើងនៅក្នុងបរិយាកាសនយោបាយរឹតត្បិតខ្លាំង និងបញ្ជាក់ឡើងវិញថា ដំណើរការបោះឆ្នោតដែលគណបក្សប្រឆាំងធំត្រូវបានដកចេញតាមអំពើចិត្តមិនស្របច្បាប់ទេ។
សេចក្តីថ្លែងការណ៍ដដែលបន្តថា កង្វះការប្រកួតប្រជែងក្នុងការបោះឆ្នោតពិតប្រាកដនិងអវត្តមាននៃដំណើរការនយោបាយដែលបញ្ចូលគ្នាមានន័យថា ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា មិនមែនតំណាងឱ្យឆន្ទៈលទ្ធិប្រជាធិបតេយ្យរបស់អ្នកបោះឆ្នោតកម្ពុជាទេ ហេតុដូច្នេះលទ្ធផលនៃការបោះឆ្នោតនេះខ្វះភាពគួរឱ្យទុកចិត្ត។
សេចក្តីថ្លែងការណ៍បន្តទៀតថា សហភាពអឺរ៉ុបរំពឹងថាអាជ្ញាធរកម្ពុជានឹងស្តារប្រជាធិបតេយ្យឡើងវិញដើម្បីពិភាក្សាជាមួយគណបក្សប្រឆាំង និងបង្កើតលក្ខខណ្ឌនានាដែលនាំឱ្យមានការជជែកវែកញែក និងការប្រកួតប្រជែងនយោបាយដោយសេរី ដោយប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល និងអ្នកការពារសិទ្ធិអាចធ្វើការងារបានដោយសេរី។
សេចក្តីថ្លែងការណ៍បញ្ចាក់ថា សហភាពអឺរ៉ុបត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមចំណែកយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងនេះ។
ចំណែកអ្នកនាំពាក្យរងក្រសួងការបរទេសបារាំង លោក អាឡិចសាន់ដ្រេ ជូហ្គីនី (Alexandre Giorgini) មានប្រសាសន៍កាលពីម្សិលមិញថា បារាំងសោកស្តាយចំពោះការបោះឆ្នោតសភាកម្ពុជាដែលធ្វើឡើងដោយគ្មានគណបក្សប្រឆាំង។
អ្នកនាំពាក្យរូបនេះបន្ថែមថា ការបោះឆ្នោតទាំងនេះត្រូវបានធ្វើឡើងនៅក្នុងបរិយាកាសមួយដែលមិនអនុញ្ញាតឱ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឬសង្គមស៊ីវិលធ្វើសកម្មភាពដោយគ្មានការរំខាន។
លោកបញ្ជាក់ថា យើងសូមអំពាវនាវឱ្យមានការដោះលែង លោក កឹម សុខា និង លុបចោលការហាមប្រាមលើសមាជិកគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ពីសកម្មភាពនយោបាយរយៈពេលប្រាំឆ្នាំ និងសូមអំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យគោរពសិទ្ធិជាមូលដ្ឋានដែលនឹងធានានូវដំណើរការប្រជាធិបតេយ្យគួរឱ្យទុកចិត្ត។
ប្រទេសណូវេលសេឡង់ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយដែរនៅថ្ងៃនេះជុំវិញការបោះឆ្នោតនៅកម្ពុជា។ រដ្ឋមន្រ្តីក្រសួងការបរទេសណូវេលសេឡង់ លោក វិនស្តុន ភីតធឺ ( Winston Peters) លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននេះថាណូវេលសេឡង់ព្រួយបារម្ភពីដំណើរការនៃការបោះឆ្នោតនៅកម្ពុជាដែលបក្សប្រឆាំងបានទាត់ចេញ។
រដ្ឋមន្រ្តីក្រសួងការបរទេសណូវេលសេឡង់ លោក វិនស្តុន ភីតធឺ ( Winston Peters)
រដ្ឋមន្រ្តីការបរទេសណូវេលសេឡង់រូបនេះក៏បានបញ្ជាក់ថាប្រទេសលោកបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយភាគីនានារបស់កម្ពុជា ដើម្បីស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យដើម្បីឲ្យមានការបោះឆ្នោតមួយដែលមានភាពសេរីនិងយុត្តិធម៌។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់វីអូឌីបន្ថែមទៀតដែរនៅថ្ងៃនេះថា នេះគ្រាន់តែការវាយតម្លៃដែលប្រៀបដូចជាសិទ្ធិបញ្ចេញមតិមកពីខាងក្រៅ ដោយថា លោកស្វាគមន៍តែការវាយតម្លៃរបស់ប្រទេសណាដែលដាក់អ្នកសង្កេតការបោះឆ្នោតតែប៉ុណ្ណោះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិក លោក សំ គន្ធាមី យល់ថា គណបក្សកាន់អំណាចគួរតែសម្របសម្រួលដើម្បីឲ្យស្ថានភាពនយោបាយបានល្អប្រសើរ។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិក លោក សំ គន្ធាមី
ការបោះឆ្នោតថ្នាក់ជាតិបានបញ្ចាប់កាលពីថ្ងៃទី២៩ កក្កដា ២០១៨កន្លងទៅនេះ ដោយមានគណបក្សចូលរួមចំនួន២០គណបក្ស ប៉ុន្តែគ្មានវត្តមានគណបក្សប្រឆាំងដ៏ធំចូលរួមឡើយ គឺអតីតគណបក្សសង្គ្រោះជាតិ។