បណ្ណារក្ខហុងកុងម្នាក់ដែលបានបាត់ខ្លួនអស់រយៈពេលជាច្រើនខែកាលពីឆ្នាំមុននោះបាននិយាយថាលោកគិតចង់បញ្ចប់ជីវិតខ្លួនឯងជាច្រើនលើកហើយអំឡុងពេលជាប់ឃុំឃាំងនៅចិនដីគោក។
សារព័ត៌មាន BBC បានរាយការណ៍ថា លោក ឡាំ វីងគី អាយុ៦១ឆ្នាំគឺជាអ្នកគ្រប់គ្រងបណ្ណាគារដ៏ល្បីមួយកន្លែង ដែលលក់សៀវភៅនានាដែលនិយាយរិះគន់មេដឹកនាំចិន។
លោក ឡាំ គឺជាបណ្ណារក្ខម្នាក់ក្នុងចំណោមបណ្ណារក្ខ៥នាក់ដែលត្រូវបានអាជ្ញាធរចិនចាប់ឃុំខ្លួនអស់ជាច្រើនខែ នៅក្នុងករណីនានាដែលត្រូវបានចុះផ្សាយនៅលើបណ្ដាសារព័ត៌មានអន្តរជាតិ។
លោក ឡាំ ជឿថាមនុស្សទាំង៥នាក់នោះក៏ត្រូវបានក្រុមមន្ត្រីសន្តិសុខចិនចាប់ខ្លួនផងដែរ។
ក្នុងចំណោមអ្នកទាំង៥នាក់នោះលោក គុយ មីនហៃ កំពុងជាប់ឃុំឃាំងនៅឡើយ។
លោក ឡាំ ដែលត្រូវបានគេដោះលែងមកវិញកាលពីថ្ងៃអង្គារសប្ដាហ៍មុននោះគឺជាម្ចាស់បណ្ណាគារ Causeway Bay មុនពេលលោក គុយ ទិញយកបណ្ណាគារនៅឆ្នាំ២០០៤។
លោក ឡាំ ប្រាប់ថា លោកត្រូវបានគេចាប់ខ្លួនកាលពីខែតុលាឆ្នាំមុន និងចោទប្រកាន់ថាប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលចិនតាមរយៈការបញ្ជូនសៀវភៅទៅចិនដីគោក។
លោក ឡាំ ត្រូវបានសន្តិសុខចិនចាប់ខ្លួននៅអំឡុងពេលធ្វើដំណើរទស្សនាទីក្រុងស៊ិនជិន។ លោកប្រាប់ថាសន្តិសុខចិនបានយកកំណាត់បិទភ្នែកលោកនិងនាំលោកយកទៅឃុំខ្លួននៅភាគខាងកើតទីក្រុងណីងបូរហូតដល់ខែមីនាកន្លងមក។
លោក ឡាំ ត្រូវបានគេផ្ទេរទៅបន្ទប់មួយក្នុងទីក្រុងសៅគួន ស្ថិតក្នុងខេត្តក្វាងទុង ជាទីដែលលោកនិយាយថា លោកអាចមានសេរីភាពជាងមុន៕