នៅព្រឹកថ្ងៃនេះក្រសួងអប់រំចេញសេចក្ដីប្រកាសមួយ ដើម្បីបកស្រាយបំភ្លឺដល់មហាជន បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយចំនួននិងបណ្ដាញសង្គមហ្វេសប៊ុកបានផ្សាយថាការប្រឡងមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅឆ្នាំ២០១៦នេះ នឹងប្រព្រឹត្តទៅតែមួយថ្ងៃ។
កាលពីថ្ងៃម្សិលមិញ ទូរទស្សន៍ក្នុងស្រុកមួយបានផ្សាយថាការប្រឡងបាក់ឌុបឆ្នាំ២០១៦នេះមានរយៈពេលត្រឹមតែ១ថ្ងៃ គឺនៅថ្ងៃទី២២ខែសីហាខាងមុខនេះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយចេញផ្សាយនៅព្រឹកថ្ងៃនេះ ក្រសួងបាននិយាយថាការផ្សព្វផ្សាយព័ត៌មាននេះប្រហែលមានការភាន់ច្រឡំរវាងសម័យប្រឡងនិងរយៈពេលនៃដំណើរការសំណេរ។
ក្រសួងអប់រំបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅនិងបំពេញវិជ្ជា នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ខែសីហាខាងមុខ។
កាលពីថ្ងៃទី១៥ ខែកក្កដា ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសថាបេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០១៦នេះ មានចំនួន៩៣៧៥២នាក់ ដោយត្រូវបានបែងចែកជា១៥៧មណ្ឌលប្រឡងនៅទូទាំងប្រទេសកម្ពុជា៕