សមត្ថកិច្ចខេត្ដសៀមរាបអះអាងថាជនសង្ស័យដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់នារីម្នាក់ដោយកាត់ក្បាល បានសារភាពថារូបគេពិតជាបានសម្លាប់នារីជាសង្សារនោះមែន ប៉ុន្ដែអះអាងថាការកាត់ក្បាលនេះក្រោយពេលនារីរងគ្រោះចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកផ្ទះសំណាក់។
កាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៦នេះ នារីម្នាក់អាយុ២៤ឆ្នាំ មានទីលំនៅស្រុកពួក ខេត្តសៀមរាប ត្រូវបានប្រទះឃើញស្លាប់ដាច់ក្បាលនៅក្នុងផ្ទះសំណាក់មួយក្នុងសង្កាត់ស្វាយដង្គុំក្រុងសៀមរាប។ មួយថ្ងៃបន្ទាប់ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ខណៈជនសង្ស័យនោះបានយកក្បាលសាកសពនារីរងគ្រោះទៅដុតចោល។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្ដសៀមរាបលោក ដួង សុខា ប្រាប់VODនៅព្រឹកថ្ងៃចន្ទនេះថាសមត្ថកិច្ចបានចាប់ខ្លួន បុរសម្នាក់ ឈ្មោះ ចាន់ ឆាយ៉ា អាយុជាង៤០ឆ្នាំ។ លោកបន្តថាបុរសម្នាក់នោះបានសារភាពថារូបគេបានកាត់ក្បាលនារីរងគ្រោះយកទៅដុតចោល ប៉ុន្តែថាការកាត់ក្បាលយនោះក្រោយពេលស្រ្ដីរងគ្រោះបានចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកផ្ទះសំណាក់។ សមត្ថកិច្ចបន្តថាជនសង្ស័យបាននិយាយថាពួកគេបានទៅផ្ទះសំណាក់រួមគ្នា ហើយប៉ុនប៉ងសម្លាប់ខ្លួនដោយលេបថ្នាំពុល។
សមត្ថកិច្ចឲ្យដឹងទៀតថាជនល្មើសសារភាពទៀតថាការកាត់ក្បាលស្ដ្រីរងគ្រោះនោះ ដោយសាររូបគេស្រឡាញ់នារីរគ្រោះហើយមិនអាចយកសាកសពទៅជាមួយបាន។
ទោះជាយ៉ាងណា លោក ដួង សុខា ចាត់ទុកការឆ្លើយសារភាពនេះគ្រាន់តែចង់ដោះសារឲ្យសមត្ថកិច្ចសម្រាលទោសប៉ុណ្ណោះ។ លោកបន្តក្រោយពីកាត់ក្បាលស្ដ្រីរងគ្រោះ ឃាតកបានយកសាកសពពីបន្ទប់លេខ២០៩ប្ដូរទៅបន្ទប់លេខ៣០១វិញ។ លោកមានប្រសាសន៍ថា៖ “យើងគិតពិចារណមើលបើសិននារីនោះស្លាប់នៅម៉ោងបី ថ្ងៃទី១២(ខែកុម្ភៈ)ហើយរហូតដល់ម៉ោង១០ ថ្ងៃទី១៣ យើងពិនិត្យសាកសពយើងឃើញថាសាកសពតែប៉ុណ្ណឹង រឹងហើយប៉ុន្ដែនេះសាកសពនៅទន់នៅឡើយចឹងយើងគិតថាចម្លើយហ្នឹងកុហករបស់គាត់ទេ”។
ស្នងការរងនគរបាលខេត្ដសៀមរាបទទួលបន្ទុកព្រហ្មទណ្ឌកម្រិតស្រាល លោក ថោង សាគុណ មានប្រសាសន៍ថាតាមការស្រាវជ្រាវជនរងគ្រោះមិនអាចចងកសម្លាប់ខ្លួនឯងបាននោះទេ ដោយលោកថានៅលើចុងដង្ហើមសាកសពមានស្នាមជាំ ដែលលោកថាអាចប្រើហិង្សាមុនសម្លាប់នារីនោះ។ លោកបន្តថានៅក្នុងបន្ទប់ទឹកគ្មានភស្ដុតាងបញ្ជាក់ការចងកនោះទេ។ លោកបន្ថែមថាសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ប៉ុន្តែលោកថាបុរសម្នាក់នោះអាចមិនជាប់ពាក់ព័ន្ធ ករណីឃាតកម្មនេះ ដោយសាររូបគេទៅស្នាក់នៅផ្ទះសំណាក់នោះខុសពេលវេលានិងពួកគេមិនបានស្គាល់គ្នា។
តុលាការបានសាកសួរជនសង្ស័យទាំងពីរនាក់។ រហូតមកដល់ពេលនេះ VODមិនអាចទាក់ទងព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្ដសៀមរាប លោក សំរិទ្ធិ សុខុន ដើម្បីសួរសំណួរទាក់ទងនឹងករណីនេះបាននៅឡើយទេ។
សមត្ថកិច្ចឲ្យដឹងថាឃាតកមានមុខរបរជាមគ្គុទេសទេចរណ៍ផ្នែកនិយាយភាសាថៃនិងត្រូវជាគូរសង្សារជាមួយជនរងគ្រោះ។ ប៉ុន្ដែម្ដាយខាងស្រីមិនពេញចិត្តនឹងទំនាក់ទំនងនេះ ក្រោយពេលដឹងថាបុរសរូបនោះមានប្រពន្ធកូនរួចទៅហើយ។ សមត្ថកិច្ចសង្ស័យថានេះជាស្នេហាត្រីកោណ ខណៈស្ដ្រីរងគ្រោះមានផ្ទៃពោះប្រហែលបីខែ៕
សរសេរមកកាន់លោក បូ សាវី តាមរយៈ[email protected]