ករណីស្ត្រីម្ចាស់ហាងម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅកាស៊ីណូណាហ្គាវើលដ៍ និងត្រូវបានព័ត៌មានផ្សព្វផ្សាយយ៉ាងព្រោងព្រាតនោះ ពេលនេះសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតនៅឡើយ។ នេះបើតាមការថ្លែងរបស់អធិការនគរបាលខណ្ឌចំការមន លោក យិន សាន ប្រាប់វីអូឌីនៅព្រឹកថ្ងៃទី២០ ខែមករា នេះ។
ស្ត្រីម្នាក់ត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹក ក្នុងកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃចន្ទ [ទី១៦ ខែមករា ឆ្នាំ២០២៣]។
បុគ្គលិកហាងបញ្ចាំម្នាក់បានឱ្យដឹងថា លោកស្រី អ៊ឹង ជុងហ្គិច អាយុ៣៧ឆ្នាំ ជាម្ចាស់ហាងបញ្ចាំក្នុងកាស៊ីណូណាហ្គាវើលដ៍ទី១ ត្រូវបានប្រទះឃើញស្លាប់នៅក្នុងបន្ទប់ទឹកនៅជាន់ទី១។
នៅវត្តទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃពុធ [ទី១៨ ខែមករា ឆ្នាំ២០២៣] ស្វាមីជនរងគ្រោះ គឺលោក ចាន់ សួរ បានឱបកូនប្រុសរបស់លោក ហើយយំមិនឈប់។
លោកនិយាយទាំងទឹកភ្នែកថា៖ «ហេតុអ្វីអូនទៅចោលបង?»
សាច់ញាតិរបស់លោកបានឈរនៅជុំវិញលោកដើម្បីរំលែកទុក្ខ ហើយបាននិយាយថា ក្រុមគ្រួសារមិនទាន់អាចនិយាយអំពីករណីនេះទេ។
ដោយសុំមិនបញ្ចេញឈ្មោះ បុគ្គលិកម្នាក់ដែលបម្រើការនៅហាងបញ្ចាំនោះ និយាយថា គាត់មិនចង់ចេញមុខនិយាយជំនួសក្រុមគ្រួសារសពឡើយ ព្រោះគាត់មិនមែនជាសាច់ញាតិ។ គាត់និយាយថា គាត់បានធ្វើការជាមួយលោកស្រី អ៊ឹង ជុងហ្គិច អស់រយៈពេលពីរខែ ហើយនៅយប់កើតហេតុ គាត់បាននៅហាង។
នៅយប់កើតហេតុ គាត់ [បុគ្គលិក] និងប្អូនប្រុសរបស់ជនរងគ្រោះ នៅហាងប្រហែលម៉ោង១០យប់ ហើយបានឃើញលោកស្រី អ៊ឹង ជុងហ្គិច និយាយទៅកាន់ភ្ញៀវម្នាក់នៅជិតហាង។
ប្រហែល៥នាទីក្រោយមក មានភ្ញៀវម្នាក់ចង់ដាក់បញ្ចាំរបស់ តែលោកស្រីមិននៅហាង។ បុគ្គលិករូបនេះបន្តថា ដូច្នេះ ប្អូនប្រុសរបស់ជនរងគ្រោះបានព្យាយាមទូរសព្ទទៅជនរងគ្រោះ ព្រោះលោកស្រីជាអ្នកចាត់ចែងប្រាក់។ ទូរសព្ទចូលប្រហែល២០វិនាទី ប៉ុន្តែមិនឮសំឡេង។
បុគ្គលិករូបនោះបន្ថែមថា៖ «ទូរសព្ទដាច់ ហើយយើងមិនអាចទាក់ទងបានទៀត»។
នៅពេលទូរសព្ទមិនអាចទាក់ទងបានជាច្រើនដង ប្អូនប្រុសរបស់ជនរងគ្រោះចាប់ផ្តើមព្រួយបារម្ភ ហើយក៏ដើររកជនរងគ្រោះ ខណៈគាត់ [បុគ្គលិក] នៅក្នុងហាង។
ក្រោយមក គាត់ឮភ្ញៀវម្នាក់ប្រាប់ថាបានឃើញជនរងគ្រោះស្លាប់នៅក្នុងបន្ទប់ទឹកជាន់ទី១ ដោយឃើញមានស្នាមចាក់ក។
គាត់បានបន្ថែមថា ហាងបញ្ចាំនេះមានភ្ញៀវទាំងខ្មែរ និងបរទេស ដែលដាក់បញ្ចាំរបស់របរផ្សេងៗដូចជា ទូរសព្ទ មាស ពេជ្រ និងម៉ូតូ។
លោកស្រី ភោគ សូលីនដា នាយកប្រតិបត្តិផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បាននិយាយកាលពីថ្ងៃពុធ [ទី១៨ ខែមករា ឆ្នាំ២០២៣] ថាលោកស្រីមិនមែនជាអ្នកដែលត្រូវឆ្លើយនឹងសំណួរអំពីករណីនេះទេ។
ស្វាមីរបស់ជនរងគ្រោះ លោក ចាន់ សួរ បាននិយាយប្រាប់លោក សុវណ្ណ រិទ្ធី ចាងហ្វាងសារព័ត៌មាន TVFB កាលពីថ្ងៃអង្គារ [ទី១៧ ខែមករា ឆ្នាំ២០២៣] ថា ប្អូនប្រុសភរិយារបស់លោកបានទូរសព្ទមកលោក កាលពីថ្ងៃចន្ទ [ទី១៦ ខែមករា ឆ្នាំ២០២៣] ប្រាប់ថា លោកស្រី អ៊ឹង ជុងហ្គិច បានបាត់ខ្លួន ក្រោយមកក៏ប្រទះឃើញសាកសព និងមានខ្សែដៃនៅលើសាកសពផងដែរ។
ស្វាមីជនរងគ្រោះ លោក ចាន់ សួរ បានប្រាប់លោក សុវណ្ណ រិទ្ធី ក្នុងបទសម្ភាសជាមួយ TVFB ថា បន្ទាប់ពីធ្វើកោសលវិច័យរួច សមត្ថកិច្ចបានប្រាប់លោកថា ភរិយារបស់លោកត្រូវបានគេចាក់ជាច្រើនកាំបិតចំក។
លោក ចាន់ សួរ បាននិយាយថា៖ «ខ្ញុំមិនច្បាស់ថាមានអ្វីនៅពីក្រោយរឿងនេះទេ ប៉ុន្តែកាបូបរបស់គាត់ត្រូវបានគេប្លន់ ដូច្នេះ ខ្ញុំគិតថា វាជាករណីប្លន់»៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Pawnshop Owner Found Dead in NagaWorld Bathroom