រដ្ឋាភិបាលគ្រោងនឹងរៀបចំការសិក្សាមួយដើម្បីធ្វើសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលគោលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ សម្រាប់ឆ្នាំ២០១៧ ដែលរដ្ឋាភិបាលអះអាងថាដើម្បីជំរុញកំណែទម្រង់នៃការអភិវឌ្ឍការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងសេចក្តីជូនដំណឹងមួយរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីលទ្ធផលសន្និបាតបូកសរុបកាងារឆ្នាំ២០១៥និងទិសដៅឆ្នាំ២០១៦ ក្រសួងបានបញ្ជាក់ថាទិសដៅអនុវត្តក្នុងឆ្នាំ២០១៦ មានសកម្មភាពសំខាន់ៗចំនួន១៤ ដែលក្នុងនោះរួមមានបន្តខិតខំដកហូតនិងទប់ស្កាត់កម្លាំងពលកម្មកុមារដែលធ្វើការក្នុងទម្រង់ធ្ងន់ធ្ងរ ការរៀបចំដាក់ឲ្យអនុវត្តរបបធានារ៉ាប់រងសុខភាពនិងសិក្សារៀបចំដាក់ឲ្យដំណើរការរបបប្រាក់សោធននិងការសិស្សារៀបចំច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាជាដើម។
ក្រសួងបានបញ្ជាក់ថា៖ “អនុវត្តកម្មវិធីសិក្សានិងពិភាក្សាកំណត់ប្រាក់ឈ្នួលគោលអប្បបរមាឆ្នាំ២០១៧ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរនិងផលិតស្បែកជើង តាមលក្ខខណ្ឌវិនិច្ឆ័យ យន្តការ និងកាលវិភាគដែលបានកំណត់”។ ក្នុងឆ្នាំ២០១៦នេះ ក្រសួងបានដាក់ទិសដៅសិក្សារៀបចំច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ប្រាប់វីអូឌី(VOD)ថារដ្ឋាភិបាលពិតជាមានផែនការរៀបចំច្បាប់នេះប្រាកដមែន។ លោកបន្តថាច្បាប់នេះមិនមានអត្ថន័យអ្វីដែលប្លែកខុសអ្វីដែលមានចែងកន្លងមកក្នុងសេចក្តីប្រកាសរបស់ក្រសួងការងារនិងអនុសញ្ញារបស់អង្គការអន្តរជាតិផ្នែកការងារជាដើម។ លោកថា ច្បាប់នេះនឹងមិនកំណត់ពីចំនួនភាគរយនៃទឹកប្រាក់ដែលត្រូវដំឡើងប្រចាំឆ្នាំនោះទេ តែលោកគេត្រូវវិនិច្ឆ័យទៅលើកត្តាសេដ្ឋកិច្ចនិងសង្គមមុននឹងសម្រេចដំឡើងប្រាក់ឈ្នួលគោល។ លោកឲ្យដឹងដែរថាការចរចាររវាងសហជីពនិងនិយោជកនៅតែបន្តមានដដែល។
លោកបន្ថែមថា៖ “មិនមែនអ្វីដែលប្លែកគ្នាទេត្រង់ថាយន្តការដែលមាននៅក្នុងអនុក្រឹត្យបច្ចុប្បន្ននេះ ក៏ដូចជាមាននៅក្នុងប្រកាសនេះ នឹងប្រែក្លាយជាមាត្រាផ្សេងៗនៅក្នុងច្បាប់…ប៉ុន្តែជាលិខិតជាទម្រង់បទដ្ឋានគតិយុត្តិ កាលណាយើងរុញវាទៅជាច្បាប់គឺយើងមានបទដ្ឋានមួយខ្ពស់ជាងការអនុវត្តរាល់ថ្ងៃនេះ ដែលយើងហៅថាការអនុវត្តតាមទម្លាប់ ត្រឹមប្រកាសដែលវាមិនមែនទម្ងន់”។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថាលោកគាំទ្រឲ្យមានបង្កើតច្បាប់នេះ ដែលលោកថាអាចជួយកាត់បន្ថយជម្លោះនៅពេលមានការចរចាប្រាក់ឈ្នួលគោលអប្បបរមារវាងនិយោជកនិងតំណាងកម្មករ។ លោកបន្ថែមថា៖ “វាចៀសមិនផុតទេជម្លោះនៅនៅតែមាន ប៉ុន្តែគ្រាន់តែថាវាកាត់បន្ថយ បើកាលណាវាមានគោលការណ៍ទៅវាកាត់បន្ថយហើយ កាលណាយើងអត់មានគោលការណ៍យើងមានជម្លើច្រើន”។ ទោះយ៉ាងណា លោក អាត់ ធន់ ស្នើឲ្យក្រសួងបើកឲ្យមានការចូលរួមជជែកពិភាក្សាឲ្យបានទូលំទូលាយពីភាគីពាក់ព័ន្ធលើសេចក្តីព្រាងច្បាប់ដែលអាចនឹងមាននេះ។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) លោក ខេន លូ ប្រាប់វីអូឌីថាច្បាប់ស្តីពីប្រាក់ឈ្នួលនេះល្អសម្រាប់ថោកែរោងចក្រនិងកម្មករ ដោយលោកបញ្ជាក់ថាវានឹងបញ្ច្រៀសជម្លោះក្នុងការចរចាលើប្រាក់ឈ្នួល។ លោកស្នើឲ្យសិក្សាល្អិតល្អន់ពីស្ថានភាពសេដ្ឋកិច្ចពិភពលោក តំបន់ និងផលិតភាពរបស់កម្មករ មុននឹងកំណត់តួលេខណាមួយ។
គួរបញ្ជាក់ថាប្រាក់ឈ្នួលគោលអប្បបរមារបស់កម្មករនិយោជកក្នុងវិស័យកាត់ដេរនិងផលិតស្បែកជើងបច្ចុប្បន្នមានចំនួន១៤០ដុល្លារ កើនឡើងឆ្នាំ២០១៤ ចំនួន១២ដុល្លារ តាមរយៈការចរចាត្រីភាគីវាងនិយោជក សហជីព និងក្រសួងការងារ។
ក្នុងការចរចាពីការដំឡើងប្រាក់ឈ្នួលកន្លងទៅ សហជីព តំណាងថៅកៅរោងចក្រ ក្រុមប្រឹក្សាការងារ តែងតែមានការខ្វែងគំនិតគ្នាលើការដំឡើងប្រាក់ឈ្នួលរបស់កម្មករ។ ភាគីរោងចក្រតែងតែចង់ឲ្យមានការដំឡើងតិច ចំណែកសហជីពវិញតែងតែចង់ឲ្យមានការដំឡើងច្រើន។ បញ្ហានេះពេលខ្លះអាចនាំឲ្យមានការតវ៉ារបស់កម្មករនៅពេលដែលពួកគេមិនពេញចិត្តនឹងការដំឡើងនេះ។
បើតាមក្រសួងការងារ កម្មករម្នាក់អាចរកប្រាក់ចំណូលពីវិស័យនេះបានចន្លោះពី១៥៧ដុល្លារទៅ១៦៨ដុល្លារក្នុង១ខែដោយបូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត៕