ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬពេទ្យរុស្ស៊ី ឲ្យដឹងថា បុរសម្នាក់កើតជំងឺផ្តាសាយប្រភេទថ្មី ឬផ្ដាសាយជ្រូក (H1N1) ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះអស់រយៈពេលច្រើនថ្ងៃមកហើយនោះបានស្លាប់នៅព្រលឹមថ្ងៃពុធនេះ ដោយលោកថា ដោយសារបុរសនោះមានអាការៈធ្ងន់ធ្ងរហើយពេលទៅរកពេទ្យព្យាបាល។
លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យរុស្ស៊ីប្រាប់វីអូឌី(VOD) នៅព្រឹកនេះថា អ្នកជំងឺផ្ដាសាយជ្រូកលោក ឃុន ណូ ដែលជាបុគ្គលិករបស់ទូរទស្សន៍CTN បានទទួលមរណភាពកាលពីម៉ោង៥ភ្លឺថ្ងៃនេះ។ លោកថា អ្នកជំងឺរូបនេះបានចូលទៅសម្រាកក្នុងមន្ទីរពេទ្យក្រោយពេលដែលគាត់មានអាការៈធ្ងន់ធ្ងរ ហើយលោកថា ក្រុមគ្រូពេទ្យបានខិតខំជួយព្យាបាលអស់ពីសមត្ថភាព តែមិនអាចជួយសង្គ្រោះបាន។
លោកវេជ្ជបណ្ឌិត ងី ម៉េង ឲ្យដឹងដែរថា ជំងឺផ្តាសាយជ្រូក (H1N1)នេះអាចព្យាបាលជាសះស្បើយបាន បើសិនជាអ្នកជំងឺទៅជួបគ្រូពេទ្យទាន់ពេលវេលា។
លោកបន្ថែមថា៖ “ជំងឺនេះមិនធ្ងន់ធ្ងរទេ តែមានករណីខ្លះមកទទួលការព្យាបាលយឺត អាចនាំឲ្យជំងឺនេះវិវត្តទៅរកភាពធ្ងន់ធ្ងរ”។
វីអូឌី(VOD)មិនទាន់អាចសុំការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បាននៅឡើយ ដោយជំនួយការរបស់លោកប្រាប់ថាលោកកំពុងជាប់ប្រជុំ។ ទោះយ៉ាងណា កាលពីថ្ងៃទី២២ ខែកុម្ភៈ លោកបានមានប្រសាសន៍ក្នុងវីឌីអូឃ្លីបមួយដែលបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងថា ជំងឺផ្តាសាយជ្រូកនេះបានវិវត្តខ្លួនទៅជាជំងឺផ្តាសាយតាមរដូវ។
លោកបន្តថា ជំងឺនេះអាចមានលក្ខណៈធ្ងន់ធ្ងរទៅលើកុមារដែលមានអាយុក្រោម៥ឆ្នាំ និងមនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។ ដោយលោកថា អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍ឲ្យអ្នកទាំងនោះចាក់វាក់សាំង។
លោក លី សូវ៉ាន់ ឲ្យដឹងដែរថា អ្នកដែលមានជំងឺរ៉ាំរ៉ៃដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺរ៉ាំរ៉ៃសួត និងជំងឺថ្លើមជាដើមនោះ ក៏ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺផ្ដាសាយជ្រូកនេះដែរ។
លោក លី សូវ៉ាន់ ក៏បានឲ្យដឹងដែរថា ជំងឺផ្ដាសាយជ្រូកនេះត្រូវបានគេរកឃើញដំបូងនៅកម្ពុជាក្នុងឆ្នាំ២០០៩ ហើយលោកថា នៅឆ្នាំនោះមានមនុស្សមួយចំនួនបានឆ្លងជំងឺនេះ និងអ្នកជំងឺមួយចំនួនបានស្លាប់។ លោកបន្ថែមថា៖ “ជំងឺផ្តាសាយថ្មី H1N1 នេះធ្លាប់ផ្ទុះ ឆ្លងមកប្រទេសយើងហ្នឹងនៅឆ្នាំ២០០៩ ដែលបណ្តាលឲ្យមានករណីឈឺ និងស្លាប់ជាច្រើននៅជំនាន់នោះ”។
លោកបន្តថា ជំងឺនេះឆ្លងតាមរយៈការក្អក កណ្តាស ការប៉ះពាល់គ្នាត្រង់ផ្ទៃដែលមានមេរោគនេះជាដើម ដែលលោកថា ប្រជាពលរដ្ឋដែលកើតជំងឺនេះត្រូវពាក់ម៉ាស់ និងលាងដៃឲ្យបានញឹកញប់ ដើម្បីបង្កាកុំឲ្យឆ្លងទៅអ្នកដទៃ។ លោកថា ជំងឺនេះងាយស្រួលក្នុងការព្យាបាលដោយអ្នកជំងឺត្រូវប្រើថ្នាំបញ្ចុះកម្តៅ បរិភោគទឹកឲ្យបានច្រើន បរិភោគអាហារនិងគេងឲ្យបានគ្រាប់គ្រាន់។ ប៉ុន្តែ លោកថា បើសិនជាក្នុងរយៈពេល៣ថ្ងៃជំងឺមិនបានធូរស្រាលទេ អ្នកជំងឺត្រូវទៅកាន់មន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ។
បើតាមលោក លី សូវ៉ាន់ ជំងឺនេះមានរោគសញ្ញាដូចជា ក្អក គ្រុនក្តៅលើសពី៣៨អង្សារ ឈឺក និងមានអាការៈស្រៀវស្រាញក្នុងខ្លួនជាដើម។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលចេញផ្សាយការលពីឆ្នាំ២០១០ឲ្យដឹងថា គិតត្រឹមខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០០៩ ពលរដ្ឋដែលកើតជំងឺផ្តាយសាយប្រភេទថ្មី A (H1N1)នេះមានចំនួន៤៤៤នាក់ និងមានអ្នកស្លាប់ចំនួន៤នាក់៕