ប្រទេសហ្វីលីពីននៅថ្ងៃព្រហស្បតិ៍ស្អែកនេះនឹងរៀបចំពិធីរំលឹកខួប៣០ឆ្នាំនៃការផ្ដួលរំលំរបបផ្ដាច់ការ Ferdinand Marcos ហើយនាំមកនូវរបបប្រជាធិបតេយ្យសេរីពហុបក្ស។
យោងតាមទីភ្នាក់ងារសាព័ត៌មាន Reuters លោកប្រធានាធិបតី Benigno Aquino នៅថ្ងៃព្រហស្បតិ៍ទី២៥កុម្ភៈនេះលោកនឹងដឹកនាំព្រឹត្តិការណ៍នៃការរំលឹកចលនាអំណាចប្រជាជនដែលកាលពី៣០ឆ្នាំមុននោះចលនានេះបានផ្ដួលរំលំអំណាចផ្ដាច់ការរបស់ Ferdinand Marcos។ ប៉ុន្ដែប្រភពដដែលនេះនិយាយថាឆ្លៀតឱកាសនោះលោកប្រធានាធិបតី អាគីណូ ក៏រំលឹកពីឈ្មោះឪពុករបស់គឺលោក Ninoy Aquino ដែលត្រូវសម្លាប់ក្នុងអំឡុង បដិវត្តន៍ទម្លាក់ជនផ្ដាច់ការនិងរំលឹកឈ្មោះរបស់ម្ដាយលោកផងដែរគឺលោកស្រី Corazon Aquino ដែលបានឡើងកាន់អំណាចបន្ទាប់ពីលោកស្រីនិងចលនាអំណាចប្រជាជនផ្ដួលរំលំជនផ្ដាច់ការ Ferdinand Marcos បានដោយជោគជ័យ ។
ប៉ុន្តែនៅពេលជាមួយគ្នានេះក្រុមអង្គការសិទ្ធិមនុស្សក៏បានធ្វើពិធីរំលឹកការឈឺចាប់ផងដែរដែលរបបសឹក Marcos ធ្វើទារុណកម្មចាប់ឃុំឃាំងនិងសំលាប់អ្នកតស៊ូដើម្បីសេរីភាព។ ជនផ្ដាច់ការ Ferdinand Marcos ដែលគេហៅថាបុរសខ្លាំងនៅហ្វីលីពីនកាលពី៣០ឆ្នាំមុននោះលោកត្រូវបានប្រជាជនហ្វីលីពីនផ្ដួលរំលំអំណាចតាមរយៈបដិវត្តន៍អំណាចប្រជាជនហើយគ្រានោះដឹកនាំដោយលោកស្រី Corazon Aquino ដែលជាម្ដាយរបស់ប្រធានាធិបតី Benigno Aquino។
លោកស្រី Corazon Aquino ចូលរួមប្រកួតតំណែងប្រធានាធិបតីតែនៅពេលនោះលោក Ferdinand Marcos ត្រូវបានប្រកាសថាបានឈ្នះឆ្នោតតែការពិតគឺជាការលួចបន្លំលទ្ធផលឆ្នោត។ តែជាអកុសល កងទ័ពក៏ងើបឡើងបះបោរផងដែរដើម្បីទម្លាក់ជនផ្ដាច់ការ Ferdinand Marcos រហូតដល់បានសម្រេច។ លោក Marcos និងគ្រួសារភ្លាមៗបានរត់ភៀសខ្លួនទៅនៅសហរដ្ឋអាមេរិកហើយបានទទួលមរណៈភាពនៅប្រទេសមហាអំណាចមួយនេះ។
លោកស្រី Corazon Aquino ឡើងកាន់អំណាចនៅឆ្នាំ១៩៨៦ដល់ឆ្នាំ១៩៩២។ លោកស្រីត្រូវប្រជាជនហ្វីលីពីនថាជាវីរស្រ្តីដ៏ឆ្នើមរបស់ប្រជាជន។ លោកស្រីបានទទួលមរណៈភាពដោយជម្ងឺនៅឆ្នាំ២០០៩៕
ប្រភព: Reuters និង BBC