លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងព្រមានទៅរដ្ឋមន្រ្តីទាំងអស់ថាកុំអោបអំណាចឬការគ្រប់គ្រងមកក្នុងក្រសួងរបស់ខ្លួនតែម្នាក់ឯង ដោយលោកបានកោតសរសើររដ្ឋមន្រ្តីក្រសួងបរិស្ថានថាជារដ្ឋមន្រ្តីតែមួយគត់ខុសគេ ក្នុងរយៈពេល៣០ឆ្នាំនៃដឹកនាំរបស់លោក។
ក្នុងពិធីសម្ពោធអគារថ្មីរបស់ក្រសួងបរិស្ថានដែលមានទីតាំងនៅជិតកោះពេជ្រ លោក ហ៊ុន សែន បានថ្លែងថាលោកសូមសរសើររដ្ឋមន្រ្តីថ្មីក្រសួងបរិស្ថាន លោក សាយ សំអាល់ ដែលជាកូនប្រុសរបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ថាជារដ្ឋមន្រ្តីដែលបានស្នើរូបលោកផ្ទេរការងារមួយចំនួនទៅឲ្យក្រសួងផ្សេង។ លោកបន្តថាលោក សាយ សំអាល់ បានសុំបែងចែកការងារឲ្យដាច់ពីគ្នាគឺដីសម្រាប់អភិរក្សប្រគល់មកក្រសួងបរិស្ថាន ចំណែកដីសម្រាប់ដាំដុះការអភិវឌ្ឍ គឺប្រគល់ទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទវិញ។
លោកនាយករដ្ឋមន្រ្តីបន្ថែមថា៖ “ខ្ញុំសូមកោតសរសើរឯកឧត្តមសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលនេះជាលើកទីមួយក្នុងរយៈពេលជាង៣០ឆ្នាំនៃការគ្រប់គ្រងរដ្ឋាភិបាល គឺទើបតែមានរដ្ឋមន្រ្តីម្នាក់គត់ដែលបានស្នើសុំការងារខ្លួនទៅឲ្យស្ថាប័នផ្សេង។ ខ្ញុំមិនដែលជួបប្រទះនូវរដ្ឋមន្រ្តីណាមួយ ដែលមុននេះ គឺតែងតែស្រវាអោបទាញយកនូវអំណាចយកមកទុកក្នុងក្រសួងរបស់ខ្លួនជាប់ជានិច្ច ប៉ុន្តែរដ្ឋមន្រ្តីរូបនេះបែរជាធ្វើផ្ទុយពីនេះ គឺបានសេចក្តីថាចង់បែងចែកមុខងារឲ្យដាច់។ នេះជាកំណែទម្រង់ដែលខ្ញុំចង់បាន”។
លោក ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ “ហើយសង្ឃឹមថារដ្ឋមន្រ្តីនានាមិនឲ្យការងារនេះបន្តទៀតទេ ហើយអាកម្មវិធីផ្ទេរមុខងារនិងប្រតិភូកម្មទៅថ្នាក់ក្រោមជាតិនុះ…សង្ឃឹមថាឯកឧត្តមរដ្ឋមន្រ្តី គឺនឹងមិនអោបការងារបន្តទៀតទេ”។
លោកនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះសំដៅទៅលើការងារគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចដែលកន្លងមករងការរិះគន់ថារដ្ឋាភិបាលគ្រប់គ្រងមិនបានល្អ។ ដីសម្បទានសេដ្ឋកិច្ចខ្លះនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាននិងខ្លះទៀតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម។
លោក ហ៊ុន សែន បានបញ្ជាក់ថាមិនដល់រយៈពេលមួយឆ្នាំផង រដ្ឋាភិបាលបានដកហូតដីសម្បទានសេដ្ឋកិច្ចបានជិត១លានហិកតាមកគ្រប់គ្រងវិញ ហើយនៅសល់ជាង១លានហិកតាទៀតជាដីដែលមានការដាំដុះដំណាំកៅស៊ូនិងដំណាំផ្សេងៗរួចរាល់ហើយ។
នៅក្នុងពិធីសម្ពោធអគារក្រសួងបរិស្ថាននៅព្រឹកនេះ រដ្ឋមន្រ្តីបរិស្ថាន លោក សាយ សំអាល់ បានថ្លែងនៅចំពោះមុខនាយករដ្ឋមន្រ្តីថាថ្នាក់ដឹកនាំក្រសួងថ្លែងអំណរគុណដល់រដ្ឋាភិបាលក្នុងការផ្តល់ទីតាំងក្រសួងនៅចន្លោះស្ពាននាគនិងស្ពានតន្រ្តីកោះពេជ្រ ដោយលោកចាត់ទុកថានេះជា”ទីតាំងដ៏ល្អនៅកណ្តាលរាជធានីភ្នំពេញ”។ លោកបន្តថាដើម្បីជាការតបស្នងនឹងការផ្តល់ទីតាំងនេះ ក្រសួងបរិស្ថានបានស្នើសុំនាយករដ្ឋមន្រ្តីដាក់ឈ្មោះអគារថា”អគារមរតេជោ”។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង គំាទ្រនឹងការលើកឡើងរបស់លោក ហ៊ុន សែន ដែលចង់ឲ្យមន្ត្រីទំាងអស់កុំអោបអំណាច ឬការគ្រប់គ្រងមកក្នុងក្រសួងរបស់ខ្លួនតែម្នាក់ឯង។ លោកថា ដើម្បីអនុវត្តវិធានការនេះឲ្យមានប្រសិទ្ធភាពលើមន្ត្រីគ្រប់គ្រងក្រសួង លុះត្រាតែមានការផ្លាស់ប្តូររដ្ឋមន្ត្រីចាស់ ដាក់រដ្ឋមន្ត្រីថ្មីដែលមានសមត្ថភាព និងវ័យក្មេង។
អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ មានប្រសាសន៍ថាអ្វីដែលលោក ហ៊ុន សែន មានប្រសាសន៍ចង់ឲ្យមន្ត្រីទំាងអស់កុំអោបអំណាច ឬការគ្រប់គ្រងមកក្នុងក្រសួងរបស់ខ្លួនតែម្នាក់ឯងជារឿងល្អ ប៉ុន្តែលោកថាបើរដ្ឋមន្ត្រីទំាងនោះមិនធ្វើតាមការណែនាំទេ ត្រូវវដាក់ទណ្ឌកម្មតាមច្បាប់ទើបទទួលបានផលវិជ្ជមាន។
លោក អ៊ូ វីរៈ លើកឡើងថារដ្ឋាភិបាលគួរតែបង្រួមក្រសួងមួយចំនួនរួមមាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជន និងក្រសួងធនធានទឹក ឲ្យទៅជាក្រសួងតែមួយវិញដើម្បីកុំឲ្យខាតថវិកាជាតិ៕
ដោយលោក ណាត សុភាព និងលោក ស៊ុន ណារិន