គណបក្សថ្មីថា​មន្រ្តីពន្ធនាគារមិនឲ្យចូលជួបសកម្មជនគណបក្សសង្រ្គោះជាតិ

យុវជនម្នាក់ដែលទើបចេញមុខបង្កើតគណបក្សថ្មីមួយបានឲ្យដឹងថាមន្រ្តីពន្ធនាគារបានរារាំង​ក្រុម​លោក​មិនឲ្យចូលជួបសួរសុខទុក្ខសកម្មជន​គណបក្សសង្រ្គោះជាតិនៅថ្ងៃព្រហស្បតិ៍នេះទេបើ​ទោះ​ជា​លោក​មាន​លិខិតអនុញ្ញាតពីក្រសួងមហាផ្ទៃក៏ដោយ។

ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានប្រាប់VODថាលោកបានបំពេញនីតិវិធីតាមក្រសួង​មហាផ្ទៃតម្រូវរួចហើយនិងមានលិខិតអនុញ្ញាតពីលោក ស ខេង ដើម្បីបានជួបសួរសុខទុក្ខសកម្មជន​គណបក្សសង្រ្គោះជាតិទាំង១០រូបនោះ។ ប៉ុន្តែលោកថានៅពេលលោកទៅដល់ពន្ធនាគារព្រឹកនេះបែរជាមន្រ្តីពន្ធនាគារចេញមករារាំងដោយអះអាងថាថ្នាក់លើបានដូរគោលការណ៍ដោយមិនអនុញ្ញាត​ឲ្យ​ចូល​ជួបសកម្មជនគណបក្សប្រឆាំងទេ។

លោកថា៖ ល្ងាចមិញយើងទទួលបានលិខិតអនុញ្ញាតទៀតបានយើងហ៊ានទៅដល់​នោះ…យើងទៅដល់ស្រាប់តែមន្រ្តីពន្ធនាគារប្រាប់ថាថ្នាក់​លើខល (ទូរស័ព្ទ)មក​ប្រាប់ដូរគោល​ការណ៍។​ ខ្ញុំថាគោល​ការណ៍ និងលិខិតអនុញ្ញាតហ្នឹង ស៊ីញ៉េនឹងដៃលុបនឹងជើង? ​មន្រ្តីក្រសួងមហា​ផ្ទៃធ្វើការ​របៀបម៉េច?មានន័យថាចេតនាមន្រ្តីរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនហ្នឹងមានចេតនារាំងស្ទះមិនឲ្យគណបក្សយុវជនចូលរួមដោយហេតុថាពលរដ្ឋអាចគិតថាគណបក្សយុវជនចិត្តទូលាយអាចបោះឲ្យគណបក្សយុវជនពួកគាត់[CPP]ចាញ់ឆ្នោតអាម៉ាស់ក្មេងៗ

VODមិនអាចទាក់ទងលោក ស្រ៊ុន លាង ប្រធានមណ្ឌលកែប្រែទី១បានទេ។ ចំណែកលោក គុយ ប៊ុនសន អគ្គនាយកពន្ធនាគារក៏VODមិនអាចទាក់ទងបានដែរ។ ទោះយ៉ាងណា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា ត្រូវបានសារព័ត៌មាន Fresh News ដកស្រង់សម្ដីថា ការដែលមន្រ្តីពន្ធនាគារមិនអនុញ្ញាតឱ្យ លោក ពេជ្រ ស្រស់ ចូលសួរសុខទុក្ខសកម្មជនគណបក្សសង្រ្គោះជាតិនោះ ដោយសារលិខិតអនុញ្ញាតដែលបានចេញឲ្យកន្លងមកនោះ ត្រូវបានទុកជានិរាករណ៍ហើយ ដោយលោកអះអាងថា មកពីលិខិតនោះ​ពុំបានកំណត់ពេលវេលាច្បាស់លាស់។

ក្នុងលិខិតរបស់ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានអះអាងប្រាប់លោក ស ខេង ថាមូលហេតុដែលលោកចង់ជួប​សកម្មជនគណបក្សប្រឆាំងព្រោះថ្នាក់ដឹកនាំគណបក្សថ្មីនេះភាគច្រើនជាយុវជនហើយពួកគេចង់បង្ហាញថាពីកម្លាំងខ្លាំងក្លារបស់យុវជនដោយអះអាងថាដើម្បីស្វែងយល់ពីទឹកចិត្តអ្នកនយោបាយដូចគ្នា។

មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិលោក អេង ឆៃអ៊ាង បានស្វាគមន៍ចំពោះគម្រោងជួបសួរសុខទុក្ខ​សកម្មជនគណបក្សរបស់លោកនេះដោយលោកមិនបារម្ភថាគណបក្សថ្មីនេះអាចស្រូបយកសំឡេងពីគណបក្សសង្រ្គោះជាតិបាននោះទេ។

សូមបញ្ជាក់ថាគណបក្សយុវជនកម្ពុជាទើបតែដាក់ពាក្យសុំបង្កើតគណបក្សថ្មីនេះទៅក្រសួងមហាផ្ទៃហើយលោក ស ខេង ធ្លាប់បានឲ្យដឹងថាក្រសួងគ្រាន់តែទទួលពាក្យសុំបង្កើតគណបក្សនេះតែតម្រូវឲ្យ​បំពេញ​លក្ខខណ្ឌមួយចំនួនទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ