តំណាងទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ីបានចេញលិខិតមួយទៅកាន់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសហគមន៍អាស៊ាន ឆ្លើយតបទៅនឹងការនិយាយរិះគន់កម្ពុជាលើបញ្ហាសិទ្ធិមនុស្ស ដោយចាត់ទុកការថ្លែងនោះជា”ការរិះគន់មិនសមរម្យ”។
នៅក្នុងលិខិតមួយរបស់ស្ថានទូតខ្មែរប្រចាំប្រទេសកម្ពុជាដែលវីអូឌីទទួលបាននៅថ្ងៃសុក្រនេះ លោក នង សាកល ឯកអគ្គរដ្ឋទូតខ្មែរប្រចាំនៅប្រទេសឥណ្ឌូនេស៊ីទទួលបន្ទុកកិច្ចការអាស៊ាន បានសរសេរលិខិតជាភាសាអង់គ្លេសមួយច្បាប់និងបកប្រែជាភាសាខ្មែរច្បាប់ថាកាលពីថ្ងៃទី២៤ខែកុម្ភៈ លោកស្រី នីណា ហាជីហ្គៀន(Nina Hachigian) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំសហគមន៍អាស៊ាន បានថ្លែងពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ លោកបន្តថាការថ្លែងបែបរិះគន់នោះត្រូវបានកាសែតខេមបូឌាដេលី ចុះផ្សាយ ដោយដាក់ចំណងជើងថា៖ “ប្រេសិតសហរដ្ឋអាមេរិកនិយាយថាសិទ្ធិមនុស្សត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំកំពូល”។
បើតាមលិខិតនោះ លោក នង សាកល បានបញ្ជាក់ថាប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានលើកឡើងពីបញ្ហាប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស ដោយមិនលើកចំពីប្រទេសណាមួយឡើយ។ លោក ហ៊ុន សែន បានចូលរួមកិច្ចប្រជុំកំពូលអាមេរិកអាស៊ាននៅទីក្រុងកាលីហ្វញ៉ា កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៦។
លោក នង សាកល បានបញ្ជាក់ថា៖ “ក្នុងនាមជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសហគមន៍អាស៊ាន តួនាទីសំខាន់បំផុតរបស់លោកជំទាវ គឺគ្រាន់តែផ្តោតលើការតាមដាននិងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តសហអាស៊ានអាមេរិកនិងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដោយរបៀបមិនសមរម្យនោះឡើយ”។
លិខិតបញ្ជាក់បន្ថែមថា៖ “ច្បាប់របស់កម្ពុជាស្តីពីអង្គការក្រៅរដ្ឋាភិបាលនិងសង្គមស៊ីវិល គឺពុំមានបំណងរឹតបន្តឹងសេរីភាពរបស់អង្គការក្រៅរដ្ឋាភិបាលនិងសង្គមស៊ីវិលទេ ប៉ុន្តែធានាឲ្យមានការសម្របសម្រួលបានល្អជាងមុននៃកិច្ចប្រតិបត្តិការក្នុងក្របខ័ណ្ឌច្បាប់មួយ”។ លិខិតបញ្ជាក់ថា៖ “រហូតមកដល់ពេលនេះ នៅក្នុងចំណោមអង្គការក្រៅ រដ្ឋាភិបាលក្នុងស្រុកនិងបរទេសរាប់ពាន់ មានតែអង្គការជាង១០០ប៉ុណ្ណោះដែលកំពុងធ្វើការលើផ្នែកប្រជាធិបតេយ្យនិងសិទ្ធិមនុស្សហើយនិងកំពុងធ្វើការរិះគន់រាជរដ្ឋាភិបាលកម្ពុជាដោយសេរីទាំងនៅក្នុងនិងនៅក្រៅប្រទេស”។
លោក នង សាកល បានលើកឡើងនៅក្នុងលិខិតថា៖ “សូមលោកជំទាវឯកអគ្គរដ្ឋទូត ហាជីហ្គៀន បំពេញភារកិច្ចរបស់លោកជំទាវឲ្យបានត្រឹមត្រូវជាជាងធ្វើការរិះគន់កម្ពុជាដោយមិនសមរម្យនិងទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ”។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី មានប្រាប់វីអូឌី(VOD)ថាឯកអគ្គរាជទូតកម្ពុជាប្រចាំសហគមអាស៊ានបានបញ្ជូនលិខិតរបស់លោកទៅកាន់លោកស្រីហាជីហ្គៀននៅថ្ងៃនេះ។ លោកបានបដិសេធមិនអត្ថាធិប្បាយបន្ថែមលើលិខិតនេះ។
លោកស្រី នីណា ហាជីហ្គៀន ត្រូវបានដកស្រង់សម្តីតាមសារព័ត៌មានទាក់ទងនឹងការសួរពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាថា៖ “ខ្ញុំអាចប្រាប់លោកបានថា នៅគ្រប់ឱកាសទាំងអស់ក្នុងជំនួបកំពូល លោកប្រធានាធិបតីបានលើកឡើងនូវសារៈសំខាន់នៃសិទ្ធិមនុស្សនិងនីតិរដ្ឋ។ អាទិភាពសំខាន់របស់យើងគឺចង់មើលឃើញប្រទេសកម្ពុជាអភិវឌ្ឍទៅជាលទ្ធិប្រជាធិបតេយ្យរឹងមាំ ដែលគោរពសិទ្ធិមនុស្ស និងគាំទ្រសង្គមស៊ីវិលចម្រើនលូតលាស់”។
លោកស្រី នីណា ហាជីហ្គៀន ត្រូវបានដកស្រង់សម្តីបន្ថែមថា៖ “ការប្រឈមដ៏ច្រើន”នៅតែមានសម្រាប់កម្ពុជា។ លោកស្រីបាននិយាយថា៖ “យើងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបន្តបង្កើតសង្គមប្រកបដោយយុត្តិធម៌ត្រឹមត្រូវថែមទៀតនិងធ្វើឲ្យការប្ដេជ្ញារបស់ខ្លួនប្រសើរឡើងចំពោះលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស”។
មន្រ្តីនាំពាក្យរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Jay Raman មានប្រសាសន៍ថាស្ថានទូតមិនមានយោបល់អ្វីលើលិខិតនោះទេ។
នៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ានកាលពីថ្ងៃទី១៥និង១៦ខែកុម្ភៈ ប្រធានាធិបតីសហរដ្ឋអាមេរិកបានឲ្យដឹងថាលោកបានសង្កត់ធ្ងន់ទៅមេដឹកនាំអាស៊ានទាំង១០ប្រទេសថាអ្នកនយោបាយបក្សប្រឆាំងមិនគួរត្រូវដាក់ពន្ធនាគារដោយសារការបញ្ចេញមតិរបស់ពួកគេនោះទេ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំបានបញ្ជាក់ច្បាប់ថាសហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយប្រទេសជាសមាជិកអាស៊ានដែលកំពុងធ្វើការលើកតម្កើងនីតិរដ្ឋ អភិបាលកិច្ចល្អ ស្ថាប័នគនេយ្យភាពនិងសិទ្ធិមនុស្សជាសាកលសម្រាប់ប្រជាជនទាំងអស់”។
លោកបញ្ជាក់បន្ថែមថា៖ “គ្មាននរណាម្នាក់ រួមទាំងអ្នកមកពីបក្សនយោបាយប្រឆាំងគួរត្រូវបានឃុំខ្លួននិងដាក់ពន្ធនាគារដោយសារការបញ្ចេញមតិធម្មតារបស់ពួកគេ”។ លោក អូបាម៉ាមិនបានបញ្ជាក់ចំប្រទេសណាមួយនោះទេ៕ រាយការណ៍បន្ថែមដោយលោក ទូច សុខា