លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌និងប្រធានពន្ធនាគារត្រូវធ្វើការឲ្យបានម៉ត់ចត់ទៅលើទណ្ឌិតដែលជាប់ទោសដោយសារប្លន់និងគ្រឿងញៀន មុនពេលដាក់ឲ្យលោកចុះហត្ថលេខាដាក់ថ្វាយព្រះមហាក្សត្រលើកលែងទោស។
ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែន បានលើកឡើងថានៅពេលដាក់ឈ្មោះទណ្ឌិតណាដែលត្រូវលើកលែងទោស លោកស្នើឲ្យប្រាប់រូបលោកថាតើទណ្ឌិតណាជាប្រភេទចោរនិងគ្រឿងញៀន។ លោកបន្តថាលោកនឹងចំណាយពេលដើម្បីពិនិត្យមើលឯកសារទាំងនោះ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ “ខ្ញុំទុកចិត្តលើរដ្ឋមន្រ្តីយុត្តិធម៌ រដ្ឋមន្រ្តីយុត្តិធម៌ទុកចិត្តលើនាយកពន្ធនាគារ ចេះតែទុកចិត្តបន្តគ្នាអញ្ចឹងទៅ ដល់ទីចុងបំផុត អាពួកក្រុមចោរទាំងហ្នឹង ចេញមកប្លន់ដដែលៗ អញ្ចឹងធ្វើម៉េចវាអស់ចោល”។
លោកបន្ថែមថា៖ “អាមុខចោរដដែលៗ រឿងវាងើបឡើងលើកទីបីហើយ មុខចោរដដែលៗ គឺអាចោរចូលគុក មិនដែលជាប់គុកបានយូរទេ…។ អាអ្នកប្លន់ហ្នឹងគឺថាចេញតែពីគុក អញ្ចឹងសូមមើលឡើងវិញ ខ្ញុំនិយាយសាជាថ្មី ពីមុនខ្ញុំប្រើពាក្យថាខ្ញុំប្រើកណ្តាប់ដៃដែករបស់ខ្ញុំ ដើម្បីប្រឆាំងនឹងរឿងនេះ។ ឥឡូវឲ្យតែប្រភេទចោរនិងពួកគ្រឿងញៀន វាចេញពីគុកដូចស្រួលពេកហ្មង។ ហើយអាហ្នឹងចេញមកបង្ករឿង។ ពីមុនវាត្រឹមប្លន់ អត់ទាន់ហ៊ានសម្លាប់មនុស្ស តែវាចេញលើកក្រោយវាហ៊ានសម្លាប់មនុស្ស”។
គួរបញ្ជាក់ថាកាលពីខែធ្នូ ឆ្នាំ២០១៥ លោក ហ៊ុន សែន បានបញ្ជាឲ្យក្រសួងយុត្តិធម៌ពិនិត្យឡើងវិញនូវការស្នើឈ្មោះទណ្ឌិតមួយចំនួនសម្រាប់ការលើកលែងទោស ដោយលោកថាករណីពាក់ព័ន្ធនឹងការប្លន់ថ្មីៗនេះ គឺជាមុខសញ្ញានៃទណ្ឌិតដែលទើបចេញពីពន្ធនាគារ។
ភ្លាមៗនោះ ក្រសួងយុត្តិធម៌បានកោះប្រជុំជាមួយប្រធានសាលាដំបូងនិងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ដើម្បីពិភាក្សាពីការសហការអនុវត្តច្បាប់រវាងតុលាការអយ្យការនិងនគរបាលយុត្តិធម៌ ក្នុងការពង្រឹងសន្តិសុខសាធារណៈ ការបង្ការនិងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ៕