លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើព្រះមហាក្សត្រឲ្យដាក់មន្រ្តីនគរបាលជាន់ខ្ពស់ប្រមាណ៥០រូប ដែលមានឋានន្តរស័ក្តិចាប់ពីផ្កាយ១ដល់ផ្កាយ៣ហើយភាគច្រើនកំពុងបម្រើការងារនៅក្រសួងមហាផ្ទៃ ឲ្យចូលនិវត្តន៍។
លិខិតចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ដែលវីអូឌីទទួលបាននៅថ្ងៃពុធនេះ លោក ហ៊ុន សែន បានសរសេរថាតាងនាមរដ្ឋាភិបាលនិងយោងតាមព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃក្របខ័ណ្ឌមន្រ្តីនគរបាលជាតិនិងពិនិត្យលក្ខណៈសម្បត្តិរបស់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ លោកសូមស្នើឲ្យដាក់មន្រ្តីទាំង៤៩រូបនោះឲ្យចូលនិវត្តន៍។ ក្នុងចំណោមមន្រ្តីជាន់ខ្ពស់ទាំង៤៩រូបនោះ ឧត្តមសេនីយ៍ឯកផ្កាយ៣មានចំនួន៧រូប ដែលបម្រើការជាប្រធាននិងអនុប្រធាននាយកដ្ឋាននិងសេនាធិការដ្ឋាននៃក្រសួងមហាផ្ទៃ។ មន្រ្តីទាំងនោះរួមមានលោក ខឹម កាន ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅនៃសេនាធិការដ្ឋាន លោក សុត ថុល អនុប្រធានសេនាធិការដ្ឋាន លោក ធន់ សាម៉ន ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះនិងអគ្គិភ័យ លោក ងួន សុវណ្ណា អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ លោក សោម ឡេង អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ លោក តាន់ ចាយ អនុប្រធាននាយកដ្ឋាននគរបាលការពារបេតិកភ័ណ្ណ និងលោក ញាណ វិបុល អនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។
ចំណែកឧត្តមសេនីយ៍ទោផ្កាយ២មានចំនួន១១នាក់ដែលពួកគេភាគច្រើនមានតំណែងជាអនុប្រធាននៃនាយកដ្ឋានមួយចំនួននៅក្រសួងមហាផ្ទៃ។ ក្រៅពីនោះជាឧត្តមសេនីយ៍ត្រីផ្កាយ១ដែលមានស្នងការនិងស្នងការរងខេត្តមួយចំនួន រួមមានខេត្តព្រៃវែង បន្ទាយមានន័យ រតនគិរី កែប ស្វាយរៀង កំពង់ចាម ព្រះវិហារនិងសៀមរាបជាដើម។
លោក ហ៊ុន សែន បញ្ជាក់នៅក្នុងលិខិតដាក់ថ្វាយព្រះមហាក្សត្រថា៖ “សេចក្តីដូចបានទូលក្រាបបង្គុំថ្វាយខាងលើ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈ ទ្រង់ព្រះរាជតម្រិះនិងមានព្រះរាជយោបល់លើសេចក្តីស្នើសុំដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន៤៩រូបខាងលើ ដោយព្រះទ័យអនុគ្រោះបំផុត”។
គួរបញ្ជាក់ថាកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ព្រះមហាក្សត្រព្រះបរមនាថ នរោត្តមសីហមុនី បានចេញព្រះរាជក្រឹត្យមួយដំឡើងឋានន្តរស័ក្ដិផ្កាយ៤ ជូនឧត្ដមសេនីយ៍ឯកចំនួន៦រូបដែលសុទ្ធតែជាមន្ត្រីនគរបាលជាន់ខ្ពស់។ មន្រ្តីជាន់ខ្ពស់៦រូបនោះមានលោក មាស វិរិទ្ធ លោក សួស អង្គារ៍ លោក ជួន សុវណ្ណ លោក គៀត ច័ន្ទថារិទ្ធ លោក ថោង លីម និងលោក ឆៃ ស៊ីណារិទ្ធ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ធ្លាប់បានលើកឡើងថាការដំឡើងឋានន្តរស័ក្តិផ្កាយ៤នេះ ដោយសារមន្ត្រីទាំងនោះបានបម្រើជាតិស្ទើរតែពាក់កណ្តាលជីវិតទៅហើយ៕