រញ្ជួយដីកម្លាំង៧,៨ រិច្ឆទ័របានកើតមានឡើងនៅចម្ងាយប្រមាណ៨០៨គីឡូម៉ែត្រនៅភាគនិរតីនៃរដ្ឋប៉ាដាងនៅលើកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃពុធម្សិលមិញ។
សារព័ត៌មាន Channel News Asia ចុះផ្សាយថាកម្លាំងរញ្ជួយនេះបានញ័រក្នុងជម្រៅ២៤គីឡូម៉ែត្រ។ ប្រជាពលរដ្ឋនៅតំបន់ដែលធ្លាប់រងគ្រោះដោយសារការវាយប្រហារខ្លាំងដោយរលកស៊ូណាមីកាលពីពេលកន្លងទៅបាននាំគ្នាចាកចេញពីតំបន់នោះយ៉ាងប្រញាប់ប្រញាល់។
ទោះយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បង្ហាញរបាយការណ៍ចំនួននៃអ្នកស្លាប់និងរងរបួសនេះនៅឡើយទេគ្រាន់តែបញ្ជាក់ថាក្រុមការងារកំពុងខិតខំក្នុងការជួយសង្គ្រោះ។
អនុប្រធានក្រុមការងារសហការជួយសង្គ្រោះលោក Heronimus Guru ថ្លែងថារហូតដល់ពេលនេះនៅមិនទាន់មានរបាយការណ៍ស្តីពីចំនួនអ្នកស្លាប់នៅឡើយទេ។
ក្រុមមន្ត្រីភូមិសាស្ត្រអាមេរិកបានឲ្យដឹងថាការរញ្ជួយដីនេះស្ថិតនៅចម្ងាយ៨០៨គីឡូម៉ែត្រប៉ែកនិរតីនៃរដ្ឋប៉ាដាង។ ពួកគេនិយាយថាការវាស់វែងលើកដំបូងវាញ័រក្នុងជម្រៅ២៤គីឡូម៉ែត្រក្នុងកម្លាំង៨,២រិច្ឆទ័រ បន្ទាប់មកធ្លាក់មកត្រឹម៨,១រិច្ឆទ័រ ហើយក្រោយមកធ្លាក់មកត្រឹម៧,៩រិច្ឆទ័រ ហើយបានមកត្រឹម៧,៨ រិច្ឆទ័រ។
ទោះយ៉ាងណាក្រុមអ្នកភូមិសាស្ត្រអាមេរិកបញ្ជាក់ថាការរញ្ជួយដីនេះលទ្ធភាពនៃការស្លាប់និងរបួសអាចមានកម្រិតទាប ហើយវាអាចប៉ះពាល់តិចតួចដល់ហេដ្ឋារចនាសម្ព័ន្ធ៕