អ្នកសិក្សាផ្នែកនយោបាយនិងការអភិវឌ្ឍសង្គមមួយចំនួនបានលើកឡើងប្រហាក់ប្រហែលគ្នាថាគណបក្សប្រឆាំងគួរក្សាភាពស្ងៀមស្ងាត់ជាជាងឆ្លើយតបទៅនឹងការលួចបញ្ចេញខ្សែអាត់សំឡេងដែលអះអាងថាលោក កឹម សុខា មានស្នេហាលួចលាក់។
នៅពេលថ្មីៗនេះមានការផ្សព្វផ្សាយតាមបណ្តាញសង្គមថាប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា មានស្នេហាលួចលាក់ជាមួយស្រីក្មេងម្នាក់។ នេះមិនមែនជាលើកទីមួយទេ ពោលកាលពីមុនបោះឆ្នោតឆ្នាំ២០១៣ ក៏មានស្រ្តីម្នាក់ចេញមុខអះអាងថាជាប្រពន្ធក្រៅច្បាប់របស់លោក កឹម សុខា ដែរ។ កាលណោះលោក ហ៊ុន សែន បានថ្លែងវាយប្រហារចំៗទៅលើលោក កឹម សុខា ចំពោះករណីនោះ។ ប៉ុន្តែក្រោយមកករណីនោះត្រូវបានស្ងាត់ទៅវិញនៅពេលលោក កឹម សុខា និងគណបក្សសង្រ្គោះជាតិមិនចាប់អារម្មណ៍ដោយចាត់ទុកថាជាល្បិចនយោបាយរបស់បក្សកាន់អំណាច។
ថ្មីៗនេះខ្សែអាត់សំឡេងជាច្រើនត្រូវបានគេផ្សព្វផ្សាយ។ អ្នកខ្លះថាសំឡេងនោះជាសំឡេងពិតរបស់លោក កឹម សុខា ប៉ុន្តែខ្លះទៀតថាជាសំឡេងកែច្ឆៃតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ហើយអ្នកខ្លះទៀតជំរុញឲ្យលោក កឹម សុខា គួរចេញមុខបកស្រាយករណីនេះឲ្យសាធារណជនអស់ចម្ងល់។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក កែម ឡី លើកឡើងថាសំឡេងដែលបានបង្ហោះតាមបណ្តាញសង្គមនោះលោកថា មកដល់ពេលនេះមិនទាន់មានមន្ត្រីជំនាញណាបញ្ជាក់ថាជារឿងពិតនោះទេ។ ប៉ុន្តែលោកថាបើពិនិត្យមើលពីប្រវត្តិមេដឹកនាំនយោបាយទាំងមេដឹកនាំបក្សកាន់អំណាចនិងមេដឹកនាំបក្សប្រឆាំងលោកថាអ្នកទាំងពីមានធ្លាប់បែកធ្លាយរឿងស្នេហាលួចលាក់ដូចតែគ្នា។
លោក កែម ឡី បញ្ជាក់ថាបើយកល្អបក្សប្រឆាំងមិនគួរចេញមុខបកស្រាយករណីនេះទេដោយលោកគិតថាជារឿងអត់ប្រយោជន៍តែលោកថាទាំងពលរដ្ឋទាំងអ្នកគាំទ្រគណបក្សទាំងពីរគួរជំរុញមេដឹកនាំរបស់ខ្លួនឲ្យគិតពីប្រយោជន៍ជាតិជាជាងយករឿងបុគ្គលទៅរិះគន់គ្នា។ លោកបន្តថា៖ “អ្នកនយោបាយធ្វើនយោបាយដើម្បីដោះស្រាយរឿងសង្គម មិនមែនដោះស្រាយរឿងបុគ្គលទេ ខ្លួនឯងក្រ ខ្លួនឯងមាន ខ្លួនឯងមានរឿងអាស្រូវ ខ្លួនឯងជាមន្ត្រីស្អាតស្អំ អាហ្នឹងវាមិនដោះស្រាយខ្លួនឯងទេ។ យើងត្រូវដោះស្រាយបញ្ហាសង្គម។ អញ្ចឹងយើងត្រូវមានការជជែកបញ្ហាសង្គមច្រើនជាងបញ្ហាបុគ្គល។ បើបញ្ហាបុគ្គលនោះវាមិនចេះអស់ទេ ព្រោះថាមនុស្សអ្នកខ្លះមុខក្រញ៉ូវ អ្នកខ្លះសើច អ្នកខ្លះចូលចិត្តផឹកស្រា អ្នកខ្លះអត់ចូលចិត្តផឹក។ អញ្ចឹងយើងចេះតែជជែកអាបញ្ហាហ្នឹង វាច្រមូកច្របល់ច្រើន អ្នកខ្លះចូលចិត្តនារីច្រើន អ្នកខ្លះចូលចិត្តតែប្រពន្ធខ្លួនឯង អញ្ចឹងវាលើសលប់។ អញ្ចឹងខ្ញុំថាបើមិនបកស្រាយល្អ“។
ម្យ៉ាងទៀតលោក កែម ឡី បង្ហាញការខកចិត្តថាបើការសន្ទនាជាលក្ខណៈបុគ្គលត្រូវបានគេតាមដានស្តាប់និងបញ្ចេញជាសាធារណៈគ្មានការទប់ស្កាត់បែបនេះ លោកបានប្រៀបធៀបការលួចស្តាប់នេះទៅនឹងរបបខ្មែរក្រហម។ លោកបន្ថែមថា៖ “ការលួចថតសំឡេងថតអីហ្នឹងវាជាអំពើអយុត្តិធម៌ណាស់! ព្រោះអីទូរសព្ទយើងតេក្នុងន័យបុគ្គលប្តីប្រពន្ធស្នេហាពេលយប់ព្រលប់អី! ដល់គេស្តាប់រហូត អញ្ចឹងខ្ញុំគិតថាវាជាបរិបទសង្គមមួយដែលអាក្រក់ជាងសម័យប៉ុលពតទៅទៀត!“។
មកដល់ពេលនេះគណបក្សសង្គ្រោះជាតិមិនទាន់ចេញលិខិតបកស្រាយករណីបែកធ្លាយសំឡេងសន្ទនាដែលគេអះអាងថាជាសំឡេងលោក កឹម សុខា មានស្នេហាលួចលាក់នេះទេ។ ចំណែកអ្នកនាំពាក្យគណបក្សនេះគឺលោក យ៉ែម បុញ្ញឫទ្ធិ សុំមិនធ្វើអត្ថាធិប្បាយដែរដោយលោកអះអាងថាមិនចាប់អារម្មណ៍ព្រោះជារឿងដដែលៗ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក រស់ រ៉ាវុធ លើកឡើងថាការបង្ហាញសារថាមេដឹកនាំបក្សប្រឆាំងមួយនេះមានស្នេហាលួចលាក់ លោកថាមិនមែនជារឿងថ្មីទេសម្រាប់ការប្រកួតប្រជែងនយោបាយនៅកម្ពុជានោះ ប៉ុន្តែលោកថាបើទោះជាប្រើនយោបាយបែបនេះក៏ដោយតែគណបក្សប្រឆាំងមិនបានធ្លាក់ចុះការគាំទ្រទេ។ លោកមានប្រសាសន៍ថា៖ “រឿងស្នេហារបស់បុគ្គលយើងកុំយកមកឡូកឡំសូម្បីតែ ចាងឈីង ប្រពន្ធ ម៉ៅ សេទង់ ប្រទេសចិនក៏នាងបាននិយាយថាគ្មានបុរសណាដែលមិនចង់ស្រីទេ ប៉ុន្តែគ្រាន់ថាមិនដឹងធ្វើម៉េចបាន។ អញ្ចឹងទេយើងកុំយករឿងស្នេហាមកឡូកឡំនឹងរឿងនយោបាយវានាំឲ្យប្រទេសជាតិច្របូកច្របល់ ហើយអ្នកដែលខាតគឺប្រទេសជាតិនិងពលរដ្ឋខ្លួនឯង“។
លោក រស់ រ៉ាវុធ ឲ្យដឹងទៀតថាបើគណបក្សសង្គ្រោះជាតិចេះបង្វែករណីនេះទៅជាការពង្រឹងគោលនយោបាយរបស់ខ្លួនទៅជាការឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋនៅថ្នាក់មូលដ្ឋានឲ្យមានប្រសិទ្ធិភាពវិញលោកថាគណបក្សនេះនឹងទាក់ទាញការគាំទ្រដែលលោកថាប្រសើជាងប្រើពេលវេលាបកស្រាយតែរឿងបុគ្គល។
លោក រស់ រ៉ាវុធ រំឭកឲ្យពលរដ្ឋខ្មែរសកម្មជនគណបក្សនយោបាយគ្រប់និន្នាការព្រមទាំងអ្នកនយោបាយផងគួរតែក្រឡេកមើលពីអតីតដែលខ្មែរបែកបាក់កើតចេញពីការហែកហួរនិងប្រកាន់បក្ខពួកបំរើតែប្រយោជន៍បុគ្កល។ លោកថាអ្នកទាំងនោះគួរយកបទពិសោធន៍នោះមកជំរុញឲ្យខ្មែរចេះធ្វើការរួមគ្នាដើម្បីការអភិវឌ្ឍជាតិជាលក្ខណខ្មែរតែមួយ។ លោកបន្តថា៖ “សម្លឹងមើលប្រទេសជិតខាងថាតើគេដើរដល់ណាហើយ? គេកសាងជាតិគេដល់ណាហើយ? ថាតើខ្មែរត្រូវបន្តហែកហួរគ្នាដើម្បីតែអំណាច ដើម្បីតែបុគ្គលខ្លួនទៀតឬក៏យ៉ាងណា?“។
ទាំងអ្នកស្រាវជ្រាវទាំងអ្នកសិក្សាផ្នែកនយោបាយអះអាងប្រហាក់ប្រហែកគ្នាថាបច្ចុប្បន្ននេះពលរដ្ឋមានចំណេះដឹងច្រើនពីការតាមដានសកម្មភាពអ្នកនយោបាយ។ ពួកគេថាបើគណបក្សនយោបាយណាគ្មានភាពស្មោះត្រង់នឹងប្រជាពលរដ្ឋគឺគណបក្សនយោបាយនោះទំនងជាមិនអាចបណ្តើមជ័យជម្នះសម្រាប់ការបោះឆ្នោតខាងមុខបានទេ៕