ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោកកឹមសុខា នៅព្រឹកថ្ងៃសៅរ៍នេះ បន្តបកស្រាយពីគោលនយោបាយដែលត្រូវអនុវត្តពេលគណបក្សរបស់លោកជាប់ឆ្នោត តែមិនបានបកស្រាយខ្សែអាត់សំឡេងដែលមានការចោទប្រកាន់ថា លោកលួចលាក់ស្នេហា ជាមួយស្រីក្មេងនោះទេ។
នៅព្រឹកថ្ងៃសៅរ៍នេះ លោក កឹម សុខា ជួបជាមួយអ្នកគាំទ្ររបស់ខ្លួននៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកកឹម សុខា ថ្លែងសារទៅកាន់អ្នកកាន់គាំទ្រដូចពេលដែលលោកទៅជួបអ្នកគាំទ្រនៅតាមបណ្តាខេត្តផ្សេងៗទៀតនៅពេលកន្លងមក ដោយលោកបញ្ជាក់ប្រាប់សកម្មជននិង អ្នកគាំទ្ររបស់ខ្លួនឲ្យប្រកាន់ជំហរក្នុងការប្រកួតប្រជែងតែគោល នយោបាយ ឬវិធីនយោបាយធ្វើយ៉ាងណាដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ហើយមិនចាំបាច់ឈ្លោះរវាងបុគ្គល និង បុគ្គលទេ៖ ប្រកួតគ្នាតែលើកម្មវិធីនយោបាយបាន ហើយ ណា បងប្អូនណា! លើគោលនយោបាយ លើកម្មវិធី នយោបាយ ដើម្បីជម្រាប ជូនទៅបងប្អូនយើង ប្រជាពលរដ្ឋយើង យុវជនយើង ថា ពេលយើងឈ្នះឆ្នោតដឹកនាំប្រទេស យើងដោះស្រាយ បញ្ហារបស់ពួកគាត់យ៉ាងណា? និយាយតែប៉ុណ្ណឹងទេ! ហើយឲ្យពលរដ្ឋ អ្នកសម្រេចទៅ និង រៀបចំការបោះឆ្នោតឲ្យបានត្រឹមត្រូវ។ គាត់បោះឆ្នោតឲ្យអ្នកណាមិន សំខាន់ទេ សំខាន់ជាតិ យើងឈ្នះ សំខាន់ពលរដ្ឋយើងឈ្នះ។
ការចុះទៅជួបជាមួយប្រជាពលរដ្ឋនៅតាមវេទិកានៅព្រឹកនេះ គឺជាលើកទី១ហើយរបស់លោក កឹម សុខា បន្ទាប់រយៈពេលប្រមាណ១០ថ្ងៃមកនេះ លោកត្រូវបានគេចោទប្រកាន់ថា មានខ្សែអាត់សំឡេង ឆ្លើយឆ្លងស្នេហាជាមួយស្ត្រីក្មេងជាសកម្មជនគណបក្សសង្គ្រោះជាតិ ហើយខ្សែអាត់ខ្លះទៀតចោទថា លោក កឹម សុខា មានទំនាក់ទំនងស្នេហាខុសសីលធម៌ជាមួយនារីវៀតណាមជាដើម។
អ្នកខ្លះរំពឹងថា លោក កឹម សុខា ចុះទៅវេទិកាលើកនេះនឹងមានការបកស្រាយ ជុំវិញការចោទប្រកាន់នេះថា សំឡេងនោះជារបស់លោកឬ មិនមែន។ តែលោកមិននិយាយពាក់ព័ន្ធរឿងនេះទេ។
នៅថ្ងៃសុក្រម្សិលមិញ យុវជនមួយក្រុមបានតវ៉ានៅមុខស្នាក់ការកណ្តាលគណបក្ស សង្គ្រោះជាតិនៅរាជធានីភ្នំពេញ ទាមទារឲ្យលោក កឹម សុខា បកស្រាយខ្សែអាត់នោះ ហើយនៅថ្ងៃនេះ យុវជនមួយក្រុមនេះ ក៏បន្តការតវ៉ារបស់ខ្លួនដល់ខេត្តព្រះសីហនុទៀត នៅកន្លែងដែលលោក កឹម សុខា ជួបអ្នកគាំទ្រ។
ការរក្សាជំហរស្ងៀមស្ងាត់មិនបកស្រាយតបរបស់លោកកឹម សុខា ពេលនេះ មិនមែនជាលើកទី១ទេ បើរំលឹកមុនពេលបោះឆ្នោតឆ្នាំ២០១៣ ក៏មានស្ត្រីកូនពីរម្នាក់ប្រកាសថា ខ្លួនមានស្នេហាលួចលាក់ជាមួយលោក កឹម សុខា ហើយទាមទារឲ្យលោកកឹម សុខា ចេញមុខទទួលខុសត្រូវ។ នៅមុនពេលបោះឆ្នោតនោះដែរលោក កឹម សុខុន ប្អូនប្រុសបង្កើតរបស់លោក កឹមសុខា មានតួនាទី ជាទីប្រឹក្សារបស់រដ្ឋាភិបាលក៏បានចោទប្រកាន់លោកកឹម សុខា ជាច្រើនករណីថា ធ្វើនយោបាយបោកប្រាស់រាស្ត្រ ដែលពេលនោះលោក កឹម សុខា ក៏បានឆ្លើយតបដូចគ្នានេះដែរ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងថា មូលហេតុដែលលោក កឹម សុខា មិនបកស្រាយរឿងទាំងនេះ ព្រោះលោកកឹម សុខា មិនបានដឹងរឿងទេ ហើយប្រាប់ឲ្យអ្នកព័ត៌មានដែលសាកសួររឿងនេះឲ្យទៅសួរអ្នកដែលរៀបចំសាច់រឿងនោះ វិញ៕