មន្រ្តីដឹកនាំចុះបង្រ្កាបបទល្មើសព្រៃឈើឲ្យដឹងថាក្រុមការងារជំនាញបានបញ្ជូនសំណុំរឿងទៅតុលាការ ទាក់ទងនឹងភាពមិនប្រក្រតីនៃការស្តុកទុកឈើរបស់ក្រុមហ៊ុនចំនួន៤ ដោយមន្រ្តីអះអាងថាព្រះរាជអាជ្ញានឹងស៊ើបអង្កេតករណីទាំងនេះជាបន្តទៀត។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលកំពុងចុះបង្រ្កាបបទល្មើសព្រៃឈើ ប្រាប់វីអូឌី(VOD)នៅថ្ងៃពុធនេះថាកាលពីថ្ងៃអង្គារ គណៈកម្មការជាតិចុះបង្រ្កាបបទល្មើសព្រៃឈើបានចំណាយរយៈពេលមួយថ្ងៃរហូតដល់យប់ ចុះត្រួតពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីទៅលើក្រុមហ៊ុនចំនួន៤ គឺក្រុមហ៊ុនយូនីគ្រីន ក្រុមហ៊ុនម៉ាស្ទឺរខេសាន់ ក្រុមហ៊ុនដាយថាន់ និងក្រុមហ៊ុនកសិកម្មខ្មែរអង្គរ។ លោកបន្តថាក្រុមការងារជំនាញបានរកឃើញភាពមិនប្រក្រតីនៃការស្តុកទុកឈើរបស់ក្រុមហ៊ុនទាំង៤នោះ ហើយសម្រេចបញ្ជូនសំណុំរឿងទាំងនោះទៅតុលាការ។
លោកមានប្រសាសន៍ថា៖ “យើងមិនទាន់សន្និដ្ឋានយ៉ាងម៉េចទេ ថាខុសច្បាប់ឬត្រូវច្បាប់។ ឲ្យតែក្រុមជំនាញមើលទៅសង្ស័យ គេនឹងបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញាជាអ្នកស៊ើបបន្តទៀត”។
លោក អេង ហ៊ី បន្តថាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ លោក សៅ សុខា បានបញ្ជាឲ្យប្រមូលឈើទុកមួយកន្លែងឲ្យបានឆាប់និងរៀបចំឈើទាំងនោះឲ្យបានត្រឹមត្រូវ។
ទំព័រហ្វេសប៊ុករបស់អ្នកនាំពាក្យកងរាជអាវុធហត្ថបានដកស្រង់សម្តីរបស់លោក សៅ សុខា នៅថ្ងៃពុធនេះថា៖ “យើងជំរុញឲ្យជំនាញបន្ថែមកម្លាំងខិតខំវាស់វែងឲ្យរួចរាល់ទីតាំងទាំងនេះ ហើយធ្វើការញែកឈើស្របច្បាប់និងឈើល្មើសច្បាប់ឲ្យហើយទាំងអស់”។ ទំព័រហ្វេសប៊ុកបន្តថាលោក សៅ សុខា បានបញ្ជាឲ្យប្រមូលឈើទាំងអស់រក្សាទុកកន្លែងសុវត្ថិភាពការពារភ្លើងឆេះនិងកុំឲ្យបាត់បង់។
លោក អេង ហ៊ី បន្តទៀតថានៅថ្ងៃនេះ លោក សៅ សុខា បាននឹងកំពុងដឹកនាំក្រុមការងារចុះត្រួតពិនិត្យជាក់ស្តែងកន្លែងស្តុកឈើរបស់ក្រុមហ៊ុនប៊ិញហ្វឿក ក្រុមហ៊ុនដាយណាមនិងក្រុមហ៊ុនឆាយណាឌីណាម៉ិច។ លោកបន្ថែមថា ក្រុមការងារក៏នឹងចុះទៅខេត្តក្រចេះនិងខេត្តស្ទឹងត្រែងបន្តទៀត។
បើតាមអ្នកនាំពាក្យ ការចុះបង្រ្កាបបទល្មើសព្រៃឈើនឹងត្រូវបញ្ចប់ឲ្យបានមុនថ្ងៃទី២០ ខែមិនា ហើយក្រុមការងារនឹងរៀបចំគោលការណ៍ទៅរដ្ឋាភិបាលដើម្បីស្នើសុំចំណាត់ការលើឈើដែលចាប់បាន។ លោកបញ្ជាក់ថាចំណាត់ការផ្លូវច្បាប់លើក្រុមហ៊ុនប្រព្រឹត្តបទល្មើសព្រៃឈើជាតួនាទីរបស់តុលាការ។
លោកមានប្រសាសន៍ថា៖ “តុលាការនឹងចាត់ការតាមច្បាប់ស្តីពីព្រៃឈើ”។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាជាថ្មីឲ្យមន្រ្តីពាក់ព័ន្ធដែលចូលរួមបង្រ្កាបការកាប់បំផ្លាញព្រៃឈើ ឲ្យធ្វើការងាររបស់ខ្លួន ដោយលោកដាក់ការសង្ស័យថាការមិនបង្រ្កាបអាចមកពីមន្រ្តីទាំងនោះចូលដៃជាមួយឈ្មួញដឹកឈើ។
លោកមានប្រសាសន៍ថា៖ “ប៉ុន្តែរឿងដឹកឈឺនេះ អាហ្នឹងវាដឹកហ្នឹងឡាន ហើយធំៗណាស់ ហើយចុះភ្នែកទៅណាអស់ ទាំងភ្នែកទាហាន ទាំងភ្នែកប៉ូលិស ទាំងភ្នែកប៉េអឹម ទាំងភ្នែករដ្ឋបាលព្រៃឈើ ទាំងភ្នែកបរិស្ថាន ភ្នែកទៅណាអស់ទៅ ឬក៏អាហ្នឹង ហ្នឹងគេដែរ វាណាស់តែអ៊ីចឹង”។
លោកបញ្ជាក់ថា៖ “ខ្ញុំពេញចិត្តជាមួយនឹងការកែទម្រង់ ហើយយើងត្រូវហើយ មិនធ្វើមិនបាន អាហ្នឹងនិយាយអ៊ីចឹងហ្មង”។
គួរបញ្ជាក់ថាកាលពីខែមករា ឆ្នាំ២០១៥ លោក ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការមួយចុះទប់ស្កាត់និងបង្ក្រាបសកម្មភាពអនាធិបតេយ្យកាប់ព្រៃឈើ ការនាំចេញឈើខុសច្បាប់ និងបទល្មើសព្រៃឈើនានា ស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ ចាប់ជនល្មើសនិងវត្ថុតាងនៃបទល្មើស សហការជាមួយភាគីវៀតណាមនិងឡាវ។ តាមរយៈសេចក្តីសម្រេចនោះ រដ្ឋាភិបាលក៏បានអនុញ្ញាតឲ្យគណៈកម្មការមួយនេះប្រើឧទ្ធម្ភាគចក្រយោធាពីរគ្រឿងសម្រាប់ប្រតិបត្តិការរបស់ខ្លួនផងដែរ៕