សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពដែលមានភាពចម្រោងចម្រាស់នោះត្រូវបានមន្រ្តីរដ្ឋាភិបាលលើកឡើងថាមានការកែប្រែជិត ៥០ភាគរយនៃចំណុចវិវាទដែលបានលើកឡើងដោយភាគីពាក់ព័ន្ធ។
បន្ទាប់ពីពិភាក្សាបន្ថែមនៅថ្ងៃនេះលើសេចក្តីព្រាងច្បាប់ស្តីពីសហជីព រដ្ឋមន្រ្តីក្រសួងការងារលោក អ៊ិត សំហេង បានលើកឡើងថាមានការកែប្រែច្រើនចំណុចដូចជាចំនួនសហជីពមូលដ្ឋានក្នុងការបង្កើតសហព័ន្ធសហជីពមួយនិងចំនួនសហព័ន្ធសហជីពដើម្បីបង្កើតសហភាពសហជីពមួយ។ លោកបន្ថែមថាក៏មានការកែប្រែបែបបទមួយចំនួនដែលស្មុគស្មាញក្នុងការចុះបញ្ជីការនៃការបង្កើតសហជីពផងដែរ។
លោកបន្ថែមថា៖ “បញ្ហាចំនួនសហជីពមូលដ្ឋានដើម្បីរៀបចំឲ្យទៅជាសហព័ន្ធសហជីពមួយដែលពីមុនយើងកំណត់សហជីពមូលដ្ឋាន៩ ឥឡូវបន្ថយមកត្រឹម៧ ហើយចំនួនសហព័ន្ធសហជីពដែលចង់បង្កើតឲ្យទៅជាសហភាពសហជីពមួយពីមុនកំណត់ចំនួន៦ ឥឡូវមកនៅត្រឹម៥ ហើយចំនួនថ្ងៃពេលវេលាដែលបងប្អូនយើងត្រូវផ្ដល់របាយការណ៍គណនេយ្យបន្ទាប់ពីចុះបញ្ជីការពីមុនកំណត់៣០ថ្ងៃ ឥឡូវទៅ៤៥ថ្ងៃវិញ”។
ទោះជាយ៉ាងណាលោករដ្ឋមន្រ្តីមិនបានបញ្ជាក់ច្បាស់ពីចំណុចចម្រូងចម្រាស់ដែលត្រូវបានលើកឡើងដោយភាគីសហជីពនិងភាគីថៅកែរោងចក្រទាមទានោះទេ។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ បានសាទរចំពោះការលើកឡើងរបស់ក្រសួងការងារដែលថាបានកែប្រែជាង ៥០ភាគរយនៃច្បាប់ដែលចម្រូងចម្រាស់នេះ ប៉ុន្តែលោកសម្ដែងការព្រួយបារម្ភថាចំណុចដែលកែប្រែទាំងនោះមិនចំទៅនឹងអ្វីដែលសហជីពនិងនយោជិកចង់បាននៅឡើយ។ លោកបន្ថែមថា៖ “បញ្ហាដែលចង់បានខ្លាំងនោះគឺមាត្រា១៣ដែលនិយាយពីចំនួនក្រុមក្នុងការបោះឆ្នោតធ្វើមហាសន្និបាតឬក៏ធ្វើកូដកម្មបាតុកម្មហ្នឹង ហើយមាត្រ១៤ដែលថាសហជីពមិនទាន់ចុះបញ្ជីការទៅជាអំពើខុសច្បាប់។ ហើយមាត្រ១៧ត្រូវរៀបចំហិរញ្ញវត្ថុ និងមាត្រា២៤ពាក់ព័ន្ធនឹងជនសង្ស័យថាមានការគ្រប់គ្រងហិរញ្ញវត្ថុមិនល្អនិងស្នើរឲ្យមានការធ្វើវិសោធនកម្មអ្វីនោះបានជាបញ្ហា ហើយចំណុចចុងក្រោយទៀតសូម្បីតែអតិថិជនក៏អាចស្នើសុំលុបអង្គភាពសហជីពបានដែរ”។
ទាក់ទងនឹងបញ្ហានេះលោក អិត សំហេង ក៏បានលើកឡើងបន្ថែមថាការប្រជុំកែប្រែនេះមិនអាចឆ្លើយតបទៅនឹងសំណើររបស់ភាគីសហជីពនិងរោងចក្រទាំងស្រុងនោះទេជាពិសេសចំណុចដែលលើកឡើងពីចំនួនកម្មករ៥០ភាគរយបូកមួយទើបអាចធ្វើបាតុកម្មតវ៉ាបាន។
បន្ទាប់ពីកិច្ចប្រជុំកែប្រែសេចក្ដីព្រាងច្បាប់នេះប្រធានគណកម្មការទី៦នៃរដ្ឋសភាលោក ប៉ែន បញ្ញា បានលើកឡើងដែរថានឹងមានកិច្ចប្រជុំគណកម្មការអចិន្រ្តៃយនៃរដ្ឋសភាមួយទៀតក្នុងការពិនិត្យមើលរបាយការណ៍កែប្រែចំណុចខ្លះហើយនឹងដាក់ចេញនូវសេចក្ដីកែប្រែសម្រេច។
លោកបន្ថែមថា៖ “អចិន្រ្តៃយរដ្ឋសភានឹងពិនិត្យទៅលើរបាយការណ៍របស់គណកម្មការយុត្តិកម្មយុត្តិធម៌នៃរដ្ឋសភាដែលសហការជាមួយគណកម្មការទី៨នៃរដ្ឋសភាដាក់ជូនហើយដែលមានការកែសម្រួលច្រើនទៅលើខ្លឹមសារមួយចំនួន។ ថ្ងៃស្អែកនេះដែរគណកម្មការអចិន្ត្រៃនៃរដ្ឋាសភានឹងសម្រេចកោះប្រជុំជាវិសាមញ្ញថ្ងៃណាមួយគឺឆាប់ៗ។ អ្វីដែលសម្រេចមិនមែនខ្ញុំហើយរដ្ឋមន្រ្តីលើកឡើងក្នុងនេះចប់ទេអ្នកសម្រេចគឺរដ្ឋសភាពេញអង្គដែលប្រជុំវិសាមញ្ញ”។
កាលពីថ្ងៃទី៩មីនាម្សិលមិញរដ្ឋសភាក៏បានរៀបចំសិក្ខាសាលាមួយដើម្បីឲ្យភាគីពាក់ព័ន្ធលើកឡើងពីកង្វល់របស់ពួកគេទាក់ទងនឹងសេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះ។ ទោះជាយ៉ាងណាតំណាងនិយោជកនិងសហជីពមួយចំនួនបានសម្តែងការខកចិត្តចំពោះគណៈកម្មការចំពោះកិច្ចថាមិនបានទទួលយកសំណើរបស់ពួកគេដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់សហជីពនោះទេ៕