មន្រ្តីរដ្ឋាភិបាលឲ្យដឹងថាក្រសួងមួយចំនួនកំពុងរៀបចំផ្ទេរការគ្រប់គ្រងរបស់ខ្លួនទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយថាដើម្បីផ្តល់សេវាសាធារណៈនិងអភិវឌ្ឍមូលដ្ឋានឲ្យបានកាន់តែប្រសើរនិងឆ្លើយតបទៅតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការគណៈកម្មការសហប្រតិបត្តិការដើម្បីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋានគណៈកម្មកាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ លោក ង៉ាន់ ចំរើន ថ្លែងថាផែនការអភិវឌ្ឍន៍៣ឆ្នាំដំណាក់កាលទី២របស់រដ្ឋាភិបាលចាប់អនុវត្តពីឆ្នាំ២០១៥ទៅ២០១៧។ លោកបន្តថាផែនការអភិវឌ្ឍន៍នេះផ្តោតសំខាន់ទៅលើការជំរុញឲ្យមានការផ្ទេរភារកិច្ចមុខងារនិងធនធានទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកបន្តការផ្ទេរការគ្រប់គ្រងនេះនឹងពង្រឹកការដឹកនាំប្រកបដោយប្រសិទ្ធភាព គណនេយ្យភាពចំពោះប្រជាពលរដ្ឋនិងសង្គមក៏ដូចជារដ្ឋាភិបាលក្នុងក្របខណ្ឌច្បាប់។ លោកមានប្រសាសន៍ថា៖ “ការផ្ទេរមុខងារមិនមែនឲ្យទៅតែមុខងារទទេនោះទេ មានន័យថាយើងឲ្យទៅទាំងធនធានទាំងឡាយ រាប់ទាំងធនធានមនុស្សនិងធនធាហិរញ្ញ ដើម្បីធានាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពសម្រេចបានដែលផ្ទេរទៅឲ្យ”។
ទោះយ៉ាងណា លោក ង៉ាន់ ចំរើន ថាការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះនៅមានភាពសាំញ៉ាំមួយចំនួន ដែលលោកថាទាមទារឲ្យរដ្ឋាភិបាលធ្វើឡើងដោយប្រុងប្រយ័ត្ន។ លោកបញ្ជាក់ថាយន្តការនៃការផ្ទេរមុខងារស្ថិតក្នុងដំណាក់កាលពិភាក្សានៅឡើយសម្រាប់ក្រសួងមួយចំនួននិងក្រសួងខ្លះទៀតក៏បានធ្វើរួចហើយដែរ។ លោកបន្ថែមថា៖ “ដើម្បីធានាថាដើម្បីផ្ទេរមន្ត្រីដែលគាត់ធ្លាប់នៅក្រោមក្រសួង ទៅនៅក្រោមក្រុមប្រឹក្សាគណៈអភិបាលក្រុងស្រុក រាជធានីខេត្ត នៅពេលដែលច្បាប់មិនទាន់អនុម័តត្រឹមត្រូវមានបែបផែនយ៉ាងម៉េចដើម្បីធានាផលប្រយោជន៍របស់បុគ្គលិកមិនបាត់បង់”។
បើតាមលោក ង៉ាន់ ចំរើន ក្រសួងបរិស្ថានបានផ្ទេរមុខងារគ្រប់គ្រងសំរាមនិងសំណល់រឹងនៅទីប្រជុំជនដល់រដ្ឋបាលរាជធានី ក្រុងស្រុកខណ្ឌនៅទូទាំងប្រទេសរួចរាល់ហើយនិងកំពុងបន្តពិនិត្យលទ្ធភាពការផ្ទេរការគ្រប់គ្រងសំណល់រាវបន្តទៀត។ លោកបន្តថាក្រសួងសង្គមកិច្ចក៏កំពុងផ្ទេរបណ្តើរៗនូវមុខងារគ្រប់គ្រងនិងតាមដានត្រួតពិនិត្យមណ្ឌលថែទាំកុមារ។
លោកបន្ថែមថាក្រសួងអប់រំកំពុងរៀបចំលិខិតបទដ្ឋានផ្ទេរការគ្រប់គ្រងការអប់រំកម្រិតបឋមសិក្សា ការអប់រំកុមារតូចនិងការអប់រំក្រៅប្រព័ន្ធទៅក្រុងស្រុកខណ្ឌមួយចំនួននៅក្នុងឆ្នាំ២០១៦នេះ។ ដោយឡែកលោកថាក្រសួងសុខាភិបាលក៏បានអនុវត្តសាកល្បងផ្ទេរមុខងារមណ្ឌលសុខភាពទៅឲ្យរដ្ឋបាលស្រុកគោលដៅមួយចំនួនផងដែរ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ប្រាប់វីអូឌីតាមទូរស័ព្ទថាតាមលទ្ធផលដែលអង្គការដៃគូរបានសិក្សាចំពោះការផ្ទេរការគ្រប់គ្រងមណ្ឌលសុខភាពនៅក្រោមរដ្ឋបាលថ្នាក់ក្រុង ស្រុកខណ្ឌ បង្ហាញថាគុណភាពសេវាសុខភាពដែលផ្តល់ទៅឲ្យប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរជាងមុន ពេលដែលមានការផ្ទេរការគ្រប់គ្រងនេះ។ លោកបន្តថាក្រោយពីមានការផ្ទេរការគ្រប់គ្រង ប្រាក់ខែមន្ត្រីសុខាភិបាលក្នុងមណ្ឌលសុខភាព ធនធានហិរញ្ញវត្ថុនិងការងារប្រតិបត្តិផ្សេងទៀតនៅតាមមណ្ឌលសុខភាពក៏ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុងស្រុកខណ្ឌផងដែរ។
លោកបន្ថែមថា៖ “វាយតម្លៃជារួមទៅក្រោយពីមានការកំណែរទម្រង់ទៅភាពពេញចិត្ត(ពីអ្នកទទួលសេវា)មានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយភាពពេញចិត្តហ្នឹងលើសពី៩០ភាគរយ បើយើងធ្វើជាមធ្យមភាគ”។
លោកឲ្យដឹងថាក្រសួងសុខាភិបាលជាអ្នកតាមដានពីលទ្ធផលដែលរដ្ឋបាលក្រុងស្រុកខណ្ឌនោះសម្រេចបាន ជាជាងការត្រួតពិនិត្យទៅលើការប្រតិបត្តិរបស់មណ្ឌលសុខភាព។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២៥ ខែកុម្ភៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងព្រមានទៅរដ្ឋមន្រ្តីទាំងអស់ថាកុំអោបអំណាចឬការគ្រប់គ្រងមកក្នុងក្រសួងរបស់ខ្លួនតែម្នាក់ឯង។ លោកបញ្ជាឲ្យរដ្ឋមន្រ្តីផ្ទេរមុខងារនិងធ្វើប្រតិភូកម្មទៅថ្នាក់ក្រោមជាតិ៕