នៅកម្ពុជាបច្ចុប្បន្ននេះអ្នកវិភាគកត់សំគាល់ថាបញ្ហាជាច្រើនដែលរដ្ឋាភិបាលត្រូវដោះស្រាយឲ្យមានតម្លាភាពក៏ព្រោះតែខ្លួនអះអាងថាជាអ្នកឈ្នះឆ្នោតដើម្បីទទួលភារកិច្ចបម្រើប្រជាពលរដ្ឋ។
ប៉ុន្តែអ្នកតាមដានសង្គមមើលឃើញថាការដោះស្រាយបញ្ហាក្នុងសង្គមកម្ពុជាគឺភាគច្រើនមានស្តង់ពីរ។ស្តង់ដាពីរគឺនៅត្រង់ថាទុក្ខកង្វល់របស់ប្រជាពលរដ្ឋដែលគេតែងតែឮសម្រែកស្ទើររាល់ថ្ងៃដូចជាជម្លោះដីធ្លីជាដើមនោះបានក្លាយទៅជាជម្ងឺរាំរ៉ៃព្យាបាលលែងជា។ ការកាប់បំផ្លាញព្រៃឈើ អំពើពុករលួយ វិបត្តិយុវជនអត់ការងារធ្វើនាំឲ្យមានពលករចំណាកស្រុកខុសច្បាប់ ដែលខ្លះបានក្លាយទៅជាវិបត្តិចោរកម្ម លួច ឆក់ ប្លន់ ដែលកើតឡើងស្ទើរតែរាល់ថ្ងៃ។ បញ្ហាព្រំដែននិងអន្តោប្រវេសន៍ខុសច្បាប់ដែលមិនទាន់បានដោះស្រាយចប់។ ទាំងអស់នេះអ្នកវិភាគមើលឃើញថាជាការងារចាំបាច់បំផុតដែលរដ្ឋាភិបាលត្រូវតែឆាប់ដោះស្រាយបើសិនជាខ្លួនចង់ជាប់ឆ្នោតបន្តទៀត។
ប៉ុន្តែការងារខ្លះទៀតដែលអ្នកវិភាគយល់ថាមិនជាសូវបន្ទាន់ចាំបាច់បែរជារដ្ឋាភិបាលដុតដៃដុតជើងដោះស្រាយទៅវិញ។ ជាក់ស្តែងនៅសប្តាហ៍នេះក្រសួងមហាផ្ទៃបានកោះហៅនារីម្នាក់ដែលរងការចោទថាជាស្រ្តីកំណាន់របស់លោក កឹម សុខា ទៅបំភ្លឺតាមបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា ខណៈឃាតកម្មទៅលើអតីតមេដឹកនាំសហជីពលោក ជា វិជ្ជា ជាង១០ឆ្នាំមកហើយសមត្ថកិច្ចនៅមិនទាន់រកឃាតករពិតមកកាត់ទោសនៅឡើយ។
នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ យល់ថាសមត្ថកិច្ចបានធ្វើការងារសកម្មតែរឿងបុគ្គលជាងរឿងដែលមានប្រយោជន៍ដល់សង្គម។ លោកមានប្រសាសន៍ថា៖ “គ្រាន់តែរឿងខ្សែរអាត់សំឡេងដ៏តូចមួយជាពាក្យបណ្តឹងដ៏តូចតាចបែរជាចាត់វិធានការ។ ខ្ញុំសង្ឃឹមថាអាជ្ញាធរគួរតែបង្កើនសមត្ថភាពពង្រឹងសុវត្ថិភាពរស់នៅរបស់ប្រជាពលរដ្ឋពិសេសបង្រ្កាបអំពើប្លន់ប្រដាប់អាវុធស៊ើបអង្កេតរឿងចាស់ដែលប៉ះពាល់ដល់មុខមាត់កម្ពុជាវិញប្រសើរជាង”។
ដោយឡែកបើគេប្រៀបធៀបការអនុវត្តច្បាប់និងការអនុវត្តសិទ្ធិសម្តែងមតិនៅកម្ពុជាក៏មានស្តង់ដារពីរដែរ។ នៅពេលស្រ្តីសកម្មជនដីធ្លីតវ៉ាពេលខ្លះត្រូវបានសមត្ថកិច្ចវាយបង្រ្កាបពិសេសគ្រាន់តែស្រ្តីនាំគ្នាជិះកង់ថ្ងៃសិទ្ធិនារីក៏សមត្ថកិច្ចរារាំងដែរ ប៉ុន្តែចំពោះបុរសៗដែលធ្វើបាតុកម្មទាញទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភាហើយបានគប់ដុំថ្មចូលផ្ទះមេដឹកនាំបក្សប្រឆាំងទៀតនោះ គេមិនឃើញសមត្ថកិច្ចទៅបង្រ្កាបទេ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះគេក៏ឃើញយុវជនមួយក្រុមដែលអះអាងថាជានិស្សិតនោះបានខ្វល់ខ្វាយតែរឿងទំនាក់ទនងបុគ្គលរវាងមេដឹកនាំបក្សប្រឆាំងជាមួយនឹងនារីម្នាក់នោះ។ ក្រុមនោះបានដើរស្រែកនៅតាមវេទិកាដែលលោក កឹម សុខា ចុះជួបប្រជាពលរដ្ឋ ប៉ុន្តែគេមិនឃើញមានសមត្ថកិច្ចរារាំងក្រុមនោះទេ។
មិនមែនតែយុវជនមួយក្រុមនេះទេតែសូម្បីសារព័ត៌មានគាំទ្ររដ្ឋាភិបាលមួយចំនួនគេបានបន្តចុះផ្សាយរឿងបុគ្គលនេះបន្តពីភាគមួយទៅភាគទៀតដោយវាយប្រហារទៅលើលោក កឹម សុខា។
ប៉ុន្តែនៅតាមបណ្តាញសង្គមហ្វេសប៊ុកវិញភាគច្រើនបានរិះគន់ចំពោះទង្វើរបស់យុវជនមួយក្រុមនោះ ហើយគេក៏រិះគន់ចំពោះសារព័ត៌មានខ្លះដែលបន្តផ្សាយរឿងបុគ្គលដែលជារឿងឥតប្រយោជន៍ដល់សង្គមនោះដែរ។ អ្នកលេងហ្វេសប៊ុកបានលើកយកករណីបាញ់សម្លាប់តារាសម្តែងល្បីឈ្មោះ ពិសិដ្ឋ ពិលីកា កញ្ញា ទូច សូនិច កញ្ញា ពៅ បញ្ញាពេជ្រ និងការជះទឹកអាស៊ីត លើតារាសម្តែង តាត ម៉ារីណា ជាដើមមកបៀបធៀបនឹងករណីរបស់លោក កឹម សុខា ជាមួយនឹងស្រ្តីអាយុជាង២០ឆ្នាំម្នាក់នោះ។ ពួកគេបានចាត់ទុកសំណុំរឿងទាំងពីរនេះថាសមត្ថកិច្ចអនុវត្តច្បាប់មានស្តង់ដារពីរ។
តាមផ្លូវច្បាប់រឿងឃាតកម្មទៅតារាចម្រៀងនិងតារាសម្តែងកន្លងមកគឺជារឿងខុសច្បាប់ព្រហ្មទណ្ឌ ប៉ុន្តែមកដល់ពេលនេះ ឃាតករពិតមិនទាន់ត្រូវបានវាយមុខនាំមកកាត់ទោសទេ។ ចំណែកករណីលោក កឹម សុខា បើពិនិត្យតាមផ្លូវច្បាប់មេធាវីបញ្ជាក់ថាមិនអ្វីខុសច្បាប់នោះឡើយ។ ប៉ុន្តែសំណុំរឿងលោក កឹម សុខា ត្រូវបានមនុស្សមួយក្រុមខំទាមទារឲ្យលោក កឹម សុខា បំភ្លឺទៅវិញ។
ចុះហេតុអ្វីបានជារឿងឥតប្រយោជន៍ដល់សង្គមនេះត្រូវមនុស្សចំនួននាំគ្នាដើរស្រែកតាមទីសាធារណៈ ហើយសមត្ថកិច្ចខ្លះក៏ដុតដៃដុតជើងចាត់ការរឿងនេះ?
នេះមិនមែនជារឿងថ្មីនោះទេ។ កាលពីមុនបោះឆ្នោតឆ្នាំ២០១៣ទូរទស្សន៍ស្ទើរតែទាំងអស់និងសារព័ត៌មានដែលគាំទ្រគណបក្សកាន់អំណាចគេបាននាំស្រែកបំពងសំឡេងបន្ថែមពីរឿងស្រ្តីម្នាក់ដែលចេញមុខអះអាងថាជាប្រពន្ធក្រៅច្បាប់របស់លោក កឹម សុខា។ គេនៅចាំបានថាកាលណោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានវាយប្រហារចំៗផងដែរទៅលើមេដឹកនាំគណបក្សប្រឆាំងរូបនេះ។
ប៉ុន្តែក្រោយការបោះឆ្នោតមិនបានធ្វើគណបក្សរបស់លោក កឹម សុខា និងលោក សម រង្ស៊ី ថយចុះអសនៈនោះទេ។ ផ្ទុយទៅវិញគណបក្សប្រជាជនកម្ពុជាបានរបូតកៅអីអស់ចំនួន២២ជាចំនួនមួយធ្វើឲ្យគេមិននឹកស្មានដល់។ អ្នកវិភាគនិយាយថា នោះក៏ព្រោះតែមន្រ្តីខ្លះនៃគណបក្សកាន់អំណាចគិតតែនាំគ្នាហែកកកាយរឿងអាស្រូវរបស់បុគ្គលជាជាងខិតខំដោះស្រាយបញ្ហាជាក់ស្តែងជូនពលរដ្ឋ។
ឥឡូវនេះរឿងប្រហាក់ប្រហែលគ្នានេះត្រូវបានគាស់កកាយជាថ្មីទៀតបើទោះជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថាគណបក្សកាន់អំណាចនេះមិនពាក់ព័ន្ធក៏ដោយ។
លោក អ៊ូ វីរៈ អ្នកវិភាគឯករាជ្យយល់ថាចំណាត់ការរបស់ក្រសួងមហាផ្ទៃទៅតាមបណ្តឹង ធី សុវណ្ណថា នេះគឺនាំឲ្យគេមើលឃើញកាន់តែច្បាស់ថាករណីលោក កឹម សុខា គឺជារឿងនយោបាយ ហើយគណបក្សប្រជាជននឹងត្រូវបានគេចោទថាជាអ្នករៀបចំរឿងនេះ។
លោក អ៊ូ វីរៈ ដែលធ្លាប់រស់នៅអាមេរិកមានប្រសាសន៍ថារឿងអាស្រូវផ្លូវភេទបែបនេះអាចធ្វើឲ្យបាត់បង់ប្រជាប្រិយភាពខ្លះរបស់អ្នកនយោបាយនៅអាមេរិកដោយសារតែសារព័ត៌មានគេផ្សាយតែរឿងពិត។ ប៉ុន្តែលោកថាសារព័ត៌មានមួយចំនួននៅកម្ពុជាគឺមិនអាចជឿទុកចិត្តបានទេដូចនេះលោកថាការបន្តផ្សាយរឿងនេះនឹងកាន់តែធ្វើឲ្យគេខឹងគណបក្សប្រជាជនកម្ពុជា ហើយងាកទៅអាណិតលោក កឹម សុខា វិញ។ លោកលើកឡើងដូចនេះដោយសំអាងថាបុរសភាគច្រើនគឺសុទ្ធតែមានទំនាក់ទំនងបែបនេះគឺជារឿងធម្មតាទៅហើយ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា យល់ថាការបញ្ចេញសារនៃទំនាក់ទំនងបុគ្គលរវាងលោក កឹម សុខា និងនារីម្នាក់នោះគឺយុទ្ធសាស្ត្រដដែលរបស់គណបក្សប្រជាជនកម្ពុជាដើម្បីទាញទម្លាក់ប្រជាប្រិយភាពលោក កឹម សុខា ខណៈលោក សម រង្ស៊ី កំពុងនៅក្រៅប្រទេស។ ប៉ុន្តែលោក សូ ចន្ថា វិភាគថាយុទ្ធសាស្រ្តនេះមិនបានជួយឲ្យគណបក្សប្រជាជនកម្ពុជាចំណេញនោះទេ។
លោកមានប្រសាសន៍ថា៖ “យុទ្ធសាស្ត្រដដែលៗរបស់បក្សកាន់អំណាចហាក់ដូចជាមិនចំណេញទាល់តែសោះ។ ការដែលយករូបភាពឬព្រឹត្តិការណ៍មកបង្ហាញជាសាធារណៈខ្ញុំគិតថាជានយោបាយមួយមិនស្មោះត្រង់។ ជារួមពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យគេមិនបោះឆ្នោតទៅមើលលើត្រឹមតែបុគ្គលទេ គឹមើលលើគោលនយោបាយគណបក្សថែមទៀត…”។
បើតាមលោក អ៊ូ វីរៈ បើទោះជាទំនាក់ទំនងរវាងលោក កឹម សុខា និងនារីម្នាក់នោះពិតឬមិនពិតក៏ដោយ ប៉ុន្តែមិនមានអ្វីខុសច្បាប់នោះទេ។ លោក អ៊ូ វីរៈ មានប្រសាសន៍ថាអ្នកដែលលួចថតសំឡេងហើយបញ្ចេញខ្សែរអាត់នោះទេដែលត្រូវតែនាំខ្លួនមកប្រឈមមុខនឹងផ្លូវច្បាប់៕