ឯកអគ្គរាជទូតប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា បានទទូចឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយរកយុត្តិធម៌សម្រាប់រូបលោក ដោយលោកថាលោកកំពុងត្រូវបានគេមូលបង្កាច់និងមានចេតនាទម្លាក់លោកចេញពីតំណែង។
លោក ស៊ុត ឌីណា បានសរសេរបែបនេះនៅក្នុងComment(មតិយោបល់)លើសារមួយដែលលោក ហ៊ុន សែន បានបង្ហោះនៅលើហ្វេសប៊ុកនៅយប់ថ្ងៃចន្ទនេះ អំពីការអន្តរាគមន៍ឲ្យដោះលែងពលរដ្ឋពីរនាក់នៅខេត្តកំពង់ស្ពឺ។
លោក ស៊ុត ឌីណា បានស្នើសូមឲ្យនាយករដ្ឋមន្រ្តីមេត្តាពិនិត្យនិងផ្តល់យុត្តិធម៌ដល់រូបលោក។ លោកមានប្រសាសន៍ថា៖ “ហេតុអី រយៈពេលពីរឆ្នាំដែលខ្ញុំបាទបំពេញមុខងារជាឯកអគ្គរាជទូត នៅសាធារណរដ្ឋកូរ៉េ ដែលខ្ញុំបាទបានលះបង់គ្រប់យ៉ាង ដើម្បីរាជរដ្ឋាភិបាល ដើម្បីគណបក្សប្រជាជនកម្ពុជា បែរជាត្រូវទទួលរងនូវការរៀបចំសេណារីយ៉ូមូលបង្កាច់ បង្ខូចនិងមានការចាត់បញ្ជូនក្រុមមនុស្សមកធ្វើសវនកម្មពីរបីដង។ ថ្ងៃនេះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ មកមួយក្រុមទៀត(មកពីអង្គភាពពិសេស )”។

លោក ស៊ុត ឌីណា បានបញ្ជាក់ថា៖ “បើខ្ញុំបាទមិនមានជំហររឹងមាំទេ គឺមិនអាចយកឈ្នះលើសមរភូមិការងាររដ្ឋបាល ការទូត និង នយោបាយដ៏ក្តៅនេះបានឡើយ។ មន្រ្តីដែលបញ្ជូនមកក្រោយៗនេះ គឺគ្មានមនសិការការងារ គ្មានភាពលះបង់ឬស្អាតស្អំ ក្នុងឋានៈជាមន្រ្តីបម្រើពលករ និងពលរដ្ឋខ្មែរទេ គេគិតតែប្រមូលផ្តុំក្បាលគ្នារកគ្រប់ឧបាយកលប្តឹង មូលបង្កាច់និងបង្ខូចកេរ្ត៍ឈ្មោះខ្ញុំបាទ ដើម្បីកំចាត់ខ្ញុំបាទចេញពីតួនាទីដែលបម្រើរាស្រ្តនិងបាំងផលប្រយោជន៍ពួកគេនិងពួកនៅពីក្រោយខ្នង”។
លោក ស៊ុត ឌីណា មិនបានបញ្ជាក់ឲ្យចំពីបញ្ហាអ្វីដែលលោកកំពុងជួបប្រទះនោះទេ។ វីអូឌីមិនទាន់អាចទាក់ទងលោក ស៊ុត ឌីណា ដើម្បីសុំការបញ្ជាក់បន្ថែមបាននៅឡើយទេ។
លោក ស៊ុត ឌីណា ក៏បានសុំទោសនាយករដ្ឋមន្រ្តី ដែលលោកបានស្នើសុំនៅលើហ្វេសប៊ុកបែបនេះ។
អ្នកលេងហ្វេសប៊ុកម្នាក់បានCommentទៅលើសាររបស់លោក ស៊ុត ឌីណាថា៖ “បើមាសសុទ្ធកុំខ្លាចភ្លើង”។ លោកបានតបវិញថា៖ “ខ្ញុំមិនដែលខ្លាចសោះ តែវារំខានការងារសម្រាប់ជាតិនិងប្រជាជន ដូចជាថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៦នេះ ពលករ និស្សិត និងពលរដ្ឋទូទៅមកចាំឲ្យត្រៀប ចាំទទួលការដោះស្រាយ អ្នកខ្លះដាច់បាយ”៕