លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានបញ្ជាឲ្យចាប់ខ្លួនអ្នកនយោបាយឬតំណាងរាស្រ្តណាមួយ ដែលលោកថាបានឃោសនា”នយោបាយបែបប្រជាភិថុតិនិងបោកប្រាស់” ដោយថាខ្លួននឹងលុបចោលបំណុលទាំងអស់ នៅពេលឈ្នះឆ្នោត។
ក្នុងសន្និសីទជាតិស្តីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា លោក ហ៊ុន សែន មានប្រសាសន៍ថាការឃោសនាបែបនេះនឹងធ្វើឲ្យប្រជាពលរដ្ឋសម្រុកទៅខ្ចីលុយលុយ ហើយជំពាក់វ័ណ្តក រហូតដល់ការរឹបអូសផ្ទះសម្បែងដីធ្លី។ លោកចាត់ទុកការឃោសនាបែបនេះជាការឃោសនា”ថោកទាប” និង”បោកប្រាស់ប្រជាពលរដ្ឋ”។
លោក ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរចាប់ខ្លួននៅហ្នឹងកន្លែង ប្រសិនបើអ្នកនយោបាយណាមួយឬតំណាងរាស្រ្តណាម្នាក់ឃោសនាបែបនេះ ដោយលោកចាត់ទុកថានេះជាបទល្មើសជាក់ស្តែង។
លោកបញ្ជាក់ថា៖ “អញ្ចឹងសូមផ្តាំទៅបក្សនយោបាយនានា កុំធ្វើអំពើថោកទាប”។ លោកបន្ថែមថា៖“បក្សនយោបាយណា អ្នកតំណាងរាស្រ្ត ឬក៏មេដឹកនាំបក្សណាដែលទៅបោកប្រជាពលរដ្ឋថាបើឈ្នះ ឆ្នោត គេនឹងលុបចោលបំណុលទាំងអស់ ព្រោះបំណុលជាបំណុលរបស់រដ្ឋ ខ្ញុំស្នើឲ្យចាប់ខ្លួននៅហ្នឹងកន្លែង ព្រោះអាហ្នឹងវាជាការបោកប្រាស់ ខុសនឹងបញ្ញត្តិផ្នែកហិរញ្ញវត្ថុ។ អ្នកឯងទៅបោកប្រជាជន ស្រស់ៗ ដូច្នេះអំពើបោកប្រាស់ គឺជារឿងត្រូវចាប់ខ្លួន ជាការសមរម្យហើយ ចាប់ក្នុងបទល្មើសជាក់ស្តែង”។
លោកនាយករដ្ឋមន្រ្តីមិនបានបញ្ចេញឈ្មោះអ្នកនយោបាយឬតំណាងរាស្រ្តណាមួយនោះទេ តែលោកថាទើបតែបានឃោសនានយោបាយកាលពីពេលថ្មីៗថាលុបចោលបំណុលនៅពេលឈ្នះឆ្នោត។ លោកថាគណបក្សនយោបាយកុំរើសដាក់ខ្លួន អ្វីដែលលោកបានថ្លែង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូឌី(VOD) នៅព្រឹកនេះថាលោកនាយករដ្ឋមន្ត្រីមានប្រសាសន៍សំដៅលើគណបក្សនយោបាយមួយដែលលោកថាមានមេបក្សដើរសន្យាដោយគ្មានការទទួលខុសត្រូវ តែលោកមិនបញ្ចេញឈ្មោះនោះទេ។ លោកបន្ថែមថា៖ “យល់ទេៗ មេបក្សដែលថានិយាយហើយគ្មានការទទួលខុសត្រូវ…នេះជារឿងចំឡែកណាស់ បោកប្រាស់ប្រជាជនស្រស់ៗហ្មង នៅតែបងប្អូនមួយចំនួននៅតែមិនទាន់ភ្ញាក់រឭកថាគេបោកទៀត យាយៗអស់ចិត្តហើយឥឡូវហ្នឹងចាំយក៤ម៉ឺន(រៀល)ឥឡូវដេកហើយ ចាំយកបួនម៉ឺនទៅ គណបក្សបួនម៉ឺនហ្នឹង”។
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានសន្យាថាទ្រង់នឹងសងបំណុលជំនួសប្រជាពលរដ្ឋ ដែលជំពាក់ធនាគារទាំងអស់ បើគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់ទ្រង់ឈ្នះការបោះឆ្នោតជាតិឆ្នាំ២០១៨។ ព្រះអង្គមានព្រះបន្ទូលបែបនេះ ពេលចុះជួបពលរដ្ឋគាំទ្រខ្លួននៅខេត្តបន្ទាយមានជ័យ។
ព្រះអង្គមានព្រះបន្ទូលថា៖ “នៅពេលដែលខ្ញុំ គណបក្សហ្វ៊ុនស៊ិនប៉ិចជាប់ឆ្នោត សុំសន្យាជូនទៀត បំបាត់ឲ្យបានជាដាច់ខាតនូវបំណុលរបស់ប្រជារាស្ត្រគ្រប់ទិសទីទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ទទួលបានទេ”?
កែតម្រូវ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យចាប់ខ្លួនអ្នកនយោបាយណាដែលឃោសនាលុបចោលបំណុលដែលប្រជាពលរដ្ឋជំពាក់ ពេលខ្លួនឈ្នះឆ្នោត មិនមែនសងបំណុលនោះទេ។
វីអូឌីមិនទាន់អាចទាក់ទងសុំការឆ្លើយតបពីសម្តេចក្រុមព្រះបាននៅឡើយទេ៕