លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារអបអរសាទរដល់លោក U Htin Kyaw ដែលទើបត្រូវបានបោះឆ្នោតឲ្យក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសមីយ៉ាន់ម៉ា ដោយលោកបង្ហាញក្ដីសង្ឃឹមថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ក្នុងលិខិតចុះថ្ងៃទី១៥ ខែមីនា ផ្ញើជូនលោក U Htin Kyaw លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា តាងនាមឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកមានសេចក្ដីរីករាយជាខ្លាំង និងសម្ដែងអំណរសាទរជូនលោក U Htin Kyaw ដែលត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
លោក ហ៊ុន សែន បន្តនៅក្នុងលិខិតថា៖ “ខ្ញុំជឿជាក់យ៉ាងមាំថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយូរអង្វែងដែលមានស្រាប់រវាងកម្ពុជា និងមីយ៉ាន់ម៉ានឹងត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិយើងទាំងពីរ ក៏ដូចជាសម្រាប់សហគមន៍អាស៊ានមួយដ៏រឹងមាំ និងកាន់តែសមសមស្របតាមសភាពការណ៍បច្ចុប្បន្ន”។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ លោក U Htin Kyaw ដែលជាមនុស្សស្និទ្ធនឹងលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានសភាមីយ៉ាន់ម៉ាបោះឆ្នោតឲ្យក្លាយជាប្រធានាធិបតីស៊ីវិលដំបូងគេ ដើម្បីដឹកនាំប្រទេសនេះ បន្ទាប់ពីប្រទេសនេះស្ថិតក្រោមការដឹកនាំរបស់យោធាអស់រយៈពេលជាង៥០ឆ្នាំ។ លោក Htin Kyaw ត្រូវបានជ្រើសតាំងដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ តំណាងឲ្យអ្នកប្រជាធិបតេយ្យជើងចាស់លោកស្រី ស៊ូជី ដោយរដ្ឋធម្មនុញ្ញសរសេរដោយរបបយោធាបានរារាំងលោកស្រី ស៊ូជី មិនឲ្យទទួលតំណែងប្រធានាធិបតីនេះ៕