ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យមួយ ដោយសម្រេចផ្លាស់ប្តូរឯកអគ្គរាជទូត២រូប ឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញនិងដាក់មន្រ្តីនៅក្រសួងការបរទេសបំពេញតំណែងនោះ។
ក្នុងព្រះរាជក្រឹត្យដាច់ដោយឡែកចុះថ្ងៃទី១១ខែមករាដែលវីអូឌីទើបតែទទួលបាន ព្រះមហាក្សត្រកម្ពុជា ព្រះបាទបរមនាថនរោត្តម សីហមុនី បានត្រាស់បង្គាប់ឲ្យរដ្ឋាភិបាលផ្លាស់ប្តូរឯកអគ្គរាជទូតប្រចាំប្រទេសម៉ាឡេស៊ីនិងបារាំង។ ឯកអគ្គរាជទូតប្រចាំប្រទេសម៉ាឡេស៊ីព្រះអង្គម្ចាស់អរុណរស្មី ត្រូវផ្លាស់ជំនួសដោយលោកស្រី រត្ន ម៉ានីនិងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងនិងជាឯកអគ្គរាជទូតតែងតាំងនៅប្រទេសអេស្ប៉ាញ អ៊ីតាលី ព័រទុយហ្គាល់ ក្រិច បុរីអង់ដ័រ និង ស៊ីប្រ លោក នុត ណារ៉ាង ត្រូវផ្លាស់ជំនួសដោយលោក ចែម វីឌ្យ៉ា។
លោកស្រី រត្ន ម៉ានី ជាប្រធាននាយកដ្ឋានសហប្រតិបត្តិការមេគង្គនៃក្រសួងការបរទេស។ ចំណែកលោក ចែម វីឌ្យ៉ា ជាអនុរដ្ឋលេខាធិការក្រសួងការបរទេស។
ចំណែកឯកអគ្គរាជទូតប្រទេសគូវ៉ែត លោក ស្មាន ម៉ាណា ត្រូវផ្លាស់ប្តូរទៅប្រទេសអេហ្ស៊ីប ហើយលោក តាន់ ប៊ុនប៉ា ជាអធិការនៃអគ្គាធិការដ្ឋាននៃក្រសួងការបរទេស ត្រូវតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញប្រចាំគូវ៉ែត។
អ្នកនាំពាក្យក្រសួងការរបរទេសកម្ពុជាលោក ជុំ សន្ទរី មានប្រាប់វីអូឌី(VOD)ថាលោកមិនទាន់ដឹងពីព័ត៌មាននៃការផ្លាស់ប្តូរឯកអគ្គរាជទូតនៅឡើយទេ។ បើតាមអ្នកនាំពាក្យ ការផ្លាស់ប្តូរឯកអគ្គរាជទូតអាស្រ័យទៅលើការពិនិត្យរបស់ក្រសួងការបរទេសនិងរដ្ឋាភិបាល៕