លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថារដ្ឋមន្រ្តីប្រហែល៨ទៅ៩រូប នឹងត្រូវផ្លាស់ប្តូរ ដោយលោកថាការផ្លាស់ប្តូរនេះដើម្បីធានា”ប្រសិទ្ធភាពការងារ” មិនមែនជា”កម្ចាត់ចោល”នោះទេ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យន័រតុន ដែលធ្វើឡើងនៅកោះពេជ្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកមិនទាន់អាចទម្លាយថាតើរដ្ឋមន្រ្តីណានឹងត្រូវផ្លាស់ប្តូរនោះទេ តែលោកថាមានប្រហែលពី៨ទៅ៩រូប។ តែលោកមិនអាចបញ្ជាក់ថាតើរដ្ឋមន្រ្តីទាំងនោះនឹងត្រូវបញ្ចប់មុខតំណែងឬផ្លាស់ប្តូរទៅដឹកនាំក្រសួងផ្សេងនោះទេ។ លោកបញ្ជាក់ថាដោយសាររដ្ឋមន្រ្តីមួយចំនួនបានដឹងពីការផ្លាស់ប្តូរ ក៏បានដាក់ពាក្យសុំលាឈប់ផងដែរ។
លោក ហ៊ុន សែន ឲ្យដឹងទៀតថារដ្ឋមន្រ្តីមួយចំនួនស្ទក់តិច ដូច្នេះលោកថាទាមទារឲ្យមានការកែសម្រួល។ លោកបន្តថាសារព័ត៌មានFresh News បានចុះផ្សាយត្រឹមត្រូវខ្លះ តាមរយៈការដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់រដ្ឋសភាមួយនាក់។ សារព័ត៌មានFresh News បានចុះផ្សាយថាមានការរុះរើក្រសួងការបរទេសផងដែរ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ “នេះជាការពង្រឹងនូវប្រសិទ្ធភាពការងារ។មិនមែនរដ្ឋមន្រ្តីទាំងនោះជាមនុស្សត្រូវកម្ចាត់ចោលទេ”។ លោកបានស្នើរដ្ឋមន្រ្តីដែលបានដឹងខ្លួនថាទទួលការផ្លាស់ប្តូរ បន្តការងាររហូតដល់មានព្រះរាជក្រឹត្យពីព្រះមហាក្សត្រតែងតាំង។ លោកបញ្ជាក់ថាដំណើរការនេះគឺរង់ចាំរដ្ឋសភាបោះឆ្នោតហើយមានព្រះរាជក្រឹត្យតែងតាំងនិងពិធីផ្លាស់ប្តូរនិងតែងតាំងរដ្ឋមន្រ្តីថ្មី។
មន្ត្រីនាំពាក្យនៃរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌីកាលពីថ្ងៃពុធថារដ្ឋាភិបាលបានដាក់សំណើទៅកាន់រដ្ឋសភា ដើម្បីស្នើដោះដូរគណៈរដ្ឋមន្ត្រី ដោយលោកថាសំណើនេះនឹងត្រូវពិនិត្យបន្ទាប់ពីប្រធានរដ្ឋសភាវិលត្រឡប់ពីប្រទេសអូស្រ្តាលីវិញ។ ទោះយ៉ាងណា លោកបដិសេធផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងចំនួនរដ្ឋមន្ត្រីដែលត្រូវផ្លាស់ប្តូរ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថាលោកកំពុងតែពិចារណាដោះដូរគណៈរដ្ឋមន្រ្តីរបស់លោកនៅក្នុងឆ្នាំ២០១៦នេះ ដោយលោកបានលើកចំៗថាមានរដ្ឋមន្រ្តីយ៉ាងតិចចំនួនពីរក្រសួងដែលអសកម្មនឹងការងារជាងគេគឺរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក និងរដ្ឋមន្រ្តីក្រសួងកសិកម្មដែលទើបតែចូលកាន់អំណាចនៅអាណត្តិទី៥នេះគឺលោក អ៊ុក រ៉ាប៊ុន៕ ដោយ ស៊ុន ណារិន និងណាត សុភាព