ឧត្ដមស្នងការសិទ្ធិមនុស្សUNសម្ដែងក្ដីបារម្ភពីកាត់ទោសនិស្សិតសម្រាប់ការបង្ហោះសារលើហ្វេសប៊ុក

យុវជន គង់ រ៉ៃយ៉ា ដែលត្រូវតុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៨​ខែ ពីបទញុះញង់​ឲ្យមានបដិវត្តន៍​ពណ៌

ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) ប្រចាំតំបន់អាស៊ីអាគ្នេយ៍សម្ដែងការព្រួយបារម្ភចំពោះការកាត់ទោសយុវជន គង់ រ៉ៃយ៉ា ដែលរងការចោទប្រកាន់ពីបទញុះញង់ឲ្យមានបដិវត្តន៍ពណ៌ និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការកាត់ទោសបុគ្គលនានាដោយគ្រាន់តែសម្ដែងមតិ។

កាលពីថ្ងៃទី១៥ ខែមីនា សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសយុវជនម្នាក់ឈ្មោះ គង់ រ៉ៃយ៉ា ឲ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ ពីបទញុះញង់បង្កបទឧក្រិដ្ឋជាអាថ៌ ដោយសារការបង្ហោះសារលើហ្វេសប៊ុកពីបដិវត្តន៍ពណ៌។

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃនេះពីទីក្រុងបាងកក OHCHR ប្រចាំតំបន់អាស៊ីអាគ្នេយ៍លើកឡើងថា OHCHR មានការព្រួយបារម្ភយ៉ាងខ្លាំងដែលតុលាការកាត់ទោសនិស្សិតឈ្មោះ គង់ រ៉ៃយ៉ា ដោយសារតែសារប្រឆាំងរដ្ឋាភិបាលដែលនិស្សិតរូបនេះបានបង្ហោះលើហ្វេសប៊ុក។

សេចក្ដីប្រកាសព័ត៌មានបន្តដោយដកស្រង់សម្ដីលោក ឡរ៉ង់ត៍ មាលឡិន តំណាងស្ដីទីនៃការិយាល័យ OHCHR ប្រចាំតំបន់ថា សេរីភាពនៃការសម្ដែងគឺជាសិទ្ធិរបស់ពលរដ្ឋគ្រប់រូប និងជាសមាសធាតុដ៏សំខាន់មួយនៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ លោកបន្តថា៖ “ចំពោះនរណាម្នាក់ដែលប្រឈមនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌព្រោះតែការអនុវត្តសិទ្ធិនេះ ជាពិសេសចំពោះអ្វីដែលជាបញ្ហាផ្ទាល់ខ្លួនសំខាន់ គឺជាសញ្ញាមួយដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវការថមថយនៃលំហរប្រជាធិបតេយ្យនៅកម្ពុជា”

លោក ឡរ៉ង់ត៍ មាលឡិន បន្តថា នៅកម្ពុជាមានច្បាប់ក្នុងស្រុក និងច្បាប់អន្តរជាតិជាច្រើនដែលការពារសិទ្ធិសេរីភាពនៃគំនិត និងការសម្ដែងមតិ ហើយលោកថា សិទ្ធិទាំងនោះគួរតែត្រូវបានលើកម្ពស់ និងគោរពដោយមន្ត្រីអនុវត្តច្បាប់ និងតុលាការផងដែរ។
OHCHR បានអំពាវនាវដល់រដ្ឋាភិបាលធ្វើឲ្យប្រាកដថា កម្ពុជាលើកកម្ពស់កាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិចំពោះសេរីភាពនៃការសម្ដែងមតិ។

ទោះយ៉ាងណា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល លោក ម៉ក់ សម្បត្តិ មានប្រសាសន៍ថា ពលរដ្ឋម្នាក់ៗមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ តែលោកថា ការប្រើប្រាស់សេរីភាពនោះគឺត្រូវធ្វើឡើងឲ្យត្រឹមត្រូវតាមការកំណត់របស់ច្បាប់។

លោកមានប្រសាសន៍ថា “ខ្ញុំគិតថាអាហ្នឹងមិនមែនជាការបញ្ចេញមតិទេ កាលណាទៅប៉ះពាល់ អ្វីទៅរំលោភលើច្បាប់ឬមួយក៏បង្កចលាចលដល់សង្គមមិនមែនជាសេរីភាពនៃការបញ្ចេញមតិទេ ពិតជាមានបំណងអីមួយច្បាស់លាស់ដើម្បីធ្វើម៉េចឲ្យមានការអាម៉ាស់ដល់រដ្ឋាភិបាលឬមួយក៏មានគោលបំណងអ្វីធ្វើឲ្យចលាចលនៅក្នុងសង្គមនោះណា យើងកុំគិតតែសេរីភាពក្នុងការបញ្ចេញមតិចេះតែធ្វើផ្ដេសផ្ដាសស្រេចតែចិត្តចឹង បើអញ្ចឹងប្រទេសអាណាធិបតេយ្យបាត់ហើយបើធ្វើរបៀបហ្នឹង”

គួរបញ្ជាក់ថាយុវជន គង់ រ៉ៃយ៉ា ជានិស្សិតនៃសាកលវិទ្យាល័យខេមរៈត្រូវចាប់ខ្លួនកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធការចោទថាញុះញង់ឲ្យមានបដិវត្តន៍ពណ៌តាមរយៈបណ្តាញសង្គមហ្វេសប៊ុក។ ក្រោយពីតុលាការប្រកាសសាលក្រមដាក់ទោស១ឆ្នាំកន្លះ យុវជន គង់ រ៉ៃយ៉ា ដែលជានិស្សិតសាកលវិទ្យាល័យខេមរៈបានប្រាប់អ្នកសារព័ត៌មានថាលោកនឹងប្តឹងឧទ្ធរណ៍លើករណីនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ